ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​គុន​ខ្មែរ​មាន​លទ្ធភាព​ឈាន​ទៅ​ទទួលស្គាល់​ពី​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ​នា​ពេល​អនាគត

1 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ដ្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) រំពឹង​ប្រដាល់​គុន​ខ្មែរ នឹង​មាន​លទ្ធភាព​អាច​ឈាន​ទៅ​ទទួលស្គាល់​ពី​ចលនា​អូ​ឡាំ​ពិ​ក​អន្ដរជាតិ​នា​ថ្ងៃ​អនាគត ក្រោយ​ក្បាច់គុន​អត្តសញ្ញាណ​ជាតិខ្មែរ​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ដ្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) រំពឹង​ប្រដាល់​គុន​ខ្មែរ នឹង​មាន​លទ្ធភាព​អាច​ឈាន​ទៅ​ទទួលស្គាល់​ពី​ចលនា​អូ​ឡាំ​ពិ​ក​អន្ដរជាតិ​នា​ថ្ងៃ​អនាគត ក្រោយ​ក្បាច់គុន​អត្តសញ្ញាណ​ជាតិខ្មែរ​នេះ ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល និង​មាន​សន្ទុះ​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​ទាំង​នៅ​លើ​ឆាក​ជាតិ និង​អន្ដរជាតិ​។

ការ​បង្ហាញ​សុទិដ្ឋិនិយម​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​ពិភព​លោក លើក​ទី​៦ ប្រចាំឆ្នាំ​២០២៥ នៅ​ល្ងាច​ថ្ងៃ​ទី​១០ កុម្ភៈ នា​ក្រុងព្រះសីហនុ ។ ព្រឹត្តិការណ៍​នេះ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១០-១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​មាន​អត្ត​ពលិកម​ក​ពី​២០​ប្រទេស​ចូលរួម គឺ​មាន​ឥណ្ឌូ​ណេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន វៀតណាម អា​ហ្វ​ហ្គា​នី​ស្ថាន ចិន ឥណ្ឌា អុ​ី​រ៉​ង់ នេ​ប៉ា​ល់ បារាំង អា​ល្លឺ​ម៉​ង់ អង់គ្លេស អេ​ស្ប៉ា​ញ កា​ណា​ដា សហរដ្ឋអាមេរិក នូ​វែ​ល​ហ្សេ​ឡង់ កា​មេ​រូ​ន ម៉ូ​រី​ស និង​ម្ចាស់ផ្ទះ​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​នេះ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ដ្រី ថោ​ង ខុន បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ប្រដាល់​គុន​ខ្មែរ នៃ​បណ្ដា​ប្រទេស​ទាំងអស់ ដែល​បាន​ចូលរួម​ការ​ប្រកួត​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ឆ្នាំ​នេះ​។ ឯកឧត្តម​ថា ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ដើម្បី​លើក​ស្ទួយ​ជួយ​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ជំរុញ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ ក្រោម​ប្រធានបទ “​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ដែល​មាន​សុវត្ថិភាព និង​រាក់ទាក់​ស្វាគមន៍​” ពិសេស​គឺ​នៅ​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​នៃ​ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ជាតា​រា​រៈ​នា​ទិសនិរតី និង​ជា​សមាជិក​ពេញ​សិទ្ធ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​។

ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ដ្រី បន្ដ​ថា ប្រដាល់​គុន​ខ្មែរ​មាន​ប្រវត្តិ​ដ៏​យូរលង់ ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ និង​មាន​សិលាចារឹក​ផ្ទាល់​នៅ​តាម​ជញ្ជាំង​ប្រាសាទបុរាណ​ខ្មែរ​ជា​ច្រើន បន្សល់​ទុក​ដោយ​បុព្វបុរស​ដូនតា​ខ្មែរ ដែល​ជា​ការ​បង្ហាញ​នូវ​តឹកតាង​យ៉ាងច្បាស់​អំពី​ប្រវត្តិ​គុន​ខ្មែរ ហើយ​ឯកឧត្តម​សង្ឃឹមថា ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួត គណៈប្រតិភូនិង​កីឡាករ​-​កីឡាការិនី​ទាំងអស់​នឹង​ឆ្លៀតពេលវេលា​ដើម្បី​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​នូវ​សិលាចារឹក​ទាំងនេះ​នៅ​ខេត្តសៀមរាប​។

ដោយ​មានការ​គាំទ្រ​យកចិត្តទុកដាក់ និង​ដឹកនាំ​ផ្ទាល់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ដ្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភានិង​បន្តវេន​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រដាល់​គុន​ខ្មែរ ត្រូវ​បាន​ថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍​ឈាន​ឡើង​គួរ​ជាទី​មោ​ទ​នៈ រហូត​មានការ​គាំទ្រ និង​ទទួលស្គាល់​យ៉ាង​ខ្លាំងក្លា​ទាំង​លើ​ឆាក​ជាតិ និងអន្តរជាតិ ។ ក្នុង​នោះ NOCC តែងតែ​ចូលរួម​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​អត្តសញ្ញាណ​ជាតិ​នេះ​ឲ្យ​ស្រប​តាម​ស្តង់ដា​នៃ​ចលនា​អូ​ឡាំ​ពិ​ក រហូត​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ចូល​ប្រដាល់​គុន​ខ្មែរ និង​គុន​ល្បុក្កតោ​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

តាម​រយៈ​នេះ​ឯកឧត្តម​បាន​បង្ហាញ​សុ​ទិដ្ឋិនិយម​យ៉ាង​ដូច្នេះ​ថា «​យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុត
មាំ​ថា ជាមួយនឹង​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកប
ដោយ​វីរភាព​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង NOCC ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ និង​បណ្តា​ប្រទេស​សហព័ន្ធ​គុន​ខ្មែរ​ជា​សមាជិក កីឡាប្រដាល់​គុន​ខ្មែរ​នឹង​មាន​លទ្ធភាព​អាច​ឈាន​ទៅ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ នា​ពេល​អនាគត ជាក់​ជា​មិន​ខាន​»​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​គុន​ខ្មែរ​ជើងឯកពិភពលោក លើក​ទី​៦ ដំបូង​ឡើយ​គ្រោង​រៀបចំ
កាលពី​ថ្ងៃ​ទី​១៧-២០ ខែធ្នូ ឆ្នាំ​២០២៥ ប៉ុន្ដែដោយសារ​បញ្ហា​ព្រំដែន NOCC ក៏​បាន​សម្រេច​លើក​ពេល​មក​រៀបចំ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៦​។

ចំពោះ​ប្រតិភូ​កីឡា​គុន​ខ្មែរ​បណ្ដា​ប្រទេស​ចូលរួម​លើក​នេះ មានការ​កើនឡើង​២​ប្រទេស បើ​ធៀប​កាលពី​ឆ្នាំ​២០២៤ ដែល​មាន​១៨​ប្រទេស​ចូលរួម​នៅ​ខេត្តសៀមរាប​។ រីឯ​វិញ្ញាសា​ប្រកួត​សរុប​មាន​ចំនួន​៥០​ដែល​បែងចែក​ការ​ប្រកួត​កម្រិត​ស្ម័គ្រចិត្ត ពាក់កណ្ដាល​អាជីព និង​កម្រិត​អាជីព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ