រាជធានីភ្នំពេញ ៖ មន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់មកពីតាមរាជធានី-ខេត្តចំនួន៣២រូបក្នុងចំណោម៣៦រូបបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកម្រិត១រយៈពេល៣ថ្ងៃដោយជោគជ័យ ខណៈពិធីបិទវគ្គបានធ្វើឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថាឯកឧត្តមពិតជាមានសុទិដ្ឋិនិយម កោតសរសើរនិងវាយតម្លៃខ្ពស់អំពីលទ្ធផលការងារគ្រូឧទ្ទេស មានលក្ខណៈស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីសម្រេចបានការងារជូនជាតិមាតុភូមិនៅថ្ងៃអនាគត ។ ក្នុងឱកាសនោះដែរឯកឧត្តមបានណែនាំភារកិច្ចសំខាន់ចំនួន៥ដែលត្រូវយកទៅអនុវត្តបន្តដើម្បីភាពរីកចម្រើនរបស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា។
ទី១-ជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលតាមរយៈសហព័ន្ធលើគ្រប់វិស័យ។
ទី២-ជំរុញការគាំទ្រនិងអនុវត្តគោលនយោបាយកីឡារបស់រាជរដ្ឋាភិបាល, NOCC ក្រសួង
អប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាអន្តរជាតិ។
ទី៣-ជំរុញអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងនិងបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធ។
ទី៤-ជំរុញលើកកម្ពស់ការងារគ្រប់គ្រងដឹកនាំ ឯកភាពផ្ទៃក្នុង ប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលធន
ធានមនុស្សប្រកបដោយសមត្ថភាព វិន័យ ក្រមសីលធម៌របស់ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹកកីឡាករ
កីឡាការិនី យុវជនត្រៀមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិង
ទី៥-ប្ដេជ្ញាអនុវត្តចំណេះដឹងវគ្គសិក្សានេះ ប្រកបដោយប្រសិទ្ធភាព និងសិក្សាបន្តត្រៀមដណ្ដើមយកកម្រិតខ្ពស់ជាតិ និងអន្តរជាតិ។
ឯកឧត្តម តែម ម៉ឺន បានណែនាំដល់មន្ត្រីសហព័ន្ធទាំងអស់ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញការងារ ហាមដាច់ខាតរឿងបក្សពួកនិយមដែលធ្វើឱ្យមានការប៉ះពាល់ទៅដល់ប្រយោជន៍រួម។
លោក ឈុំ វាសនា អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមសិក្ខាកាមទាំង៣២រូបក្នុងនោះមានស្ត្រី៤រូបបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលលើកនេះជាលទ្ធផលទទួលបានគឺនិទ្ទេសល្អ១៤រូប ល្អបង្គួរ៦រូប មធ្យម៩រូប ខ្សោយ៣រូប និងអវត្តមាន៤រូប ៕



ចែករំលែកព័តមាននេះ