ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ភ្លើងឆេះផ្ទះ ​កាកបាទ​ក្រហម​ផ្តល់​អំណោយ​សង្គ្រោះ

12 ឆ្នាំ មុន

​ខេត្តកែប ៖ ​នៅព្រឹកថ្ងៃ​ទី​៤ មិថុនា លោក​អ៊ុយ សំអាត ​ប្រធាន​នាយក​ដ្ឋាន​​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​​ និង​ជា​តំណាង​​ដ៏ខ្ពង់​ខ្ពស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ​បាន​នាំ​​យក​អំណោយ​​មួយ​ចំនួន​​ទៅ​ផ្តល់​​ជូន​ដល់​​ស្ត្រី​រងគ្រោះ​​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​អង្កោល​ ឃុំ​អង្កោល ស្រុក​​ដំណាក់​ចង្អើរ ដែល​ឆេះ​ផ្ទះ​អស់​​កាល​ពី​​​យប់​​ថ្ងៃ​ទី​១ មិថុនា ​

​ខេត្តកែប ៖ ​នៅព្រឹកថ្ងៃ​ទី​៤ មិថុនា លោក​អ៊ុយ សំអាត ​ប្រធាន​នាយក​ដ្ឋាន​​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​​ និង​ជា​តំណាង​​ដ៏ខ្ពង់​ខ្ពស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ​បាន​នាំ​​យក​អំណោយ​​មួយ​ចំនួន​​ទៅ​ផ្តល់​​ជូន​ដល់​​ស្ត្រី​រងគ្រោះ​​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​អង្កោល​ ឃុំ​អង្កោល ស្រុក​​ដំណាក់​ចង្អើរ ដែល​ឆេះ​ផ្ទះ​អស់​​កាល​ពី​​​យប់​​ថ្ងៃ​ទី​១ មិថុនា ​កន្លង​ទៅ។ ​គ្រួសារ​រង​គ្រោះ​មាន​គ្នា​​៤​នាក់​​ ក្នុង​នោះ​ម្តាយ និង​កូន​២​នាក់ រង​របួស​ធ្ងន់​កំពុង​សម្រាក​ព្យា​បាល​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ខេត្ត​កំពត ​ចំណែក​​ឪពុក​​ដឹក​យក​ទៅព្យា​បាល​នៅ​ខេត្ត​​កៀង​យ៉ាង ប្រទេស​វៀត​ណាម ។

ការ​ប្រគល់​​អំណោយ​ដល់​ស្ត្រី​ឈ្មោះ​​ឆឹង ប៊ុន​រិទ្ធ ​អាយុ​៣១​ឆ្នាំ និង​កូនៗ​ទាំង២​នាក់ ដែល​កំពុង​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​​កំពត​​នោះ ក៏​មាន​វត្ត​មាន​លោក​ហាស់ សារ៉េត ​អភិ​បាល​ខេត្ត​កែប រួម​ដំណើរ​ដោយ​​មន្ត្រី​រាជ​ការ​ខេត្ត​​ជាច្រើន​នាក់​នោះរួម​ទាំង​ថវិកា​ចំនួន​១​លាន​រៀល និង​សម្ភារ​ជាច្រើន។ ​រីឯ​អំណោយ​​របស់​​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ត្រូវបាន​​លោក​​វេជ្ជ​បណ្ឌិត​ អ៊ុយ សំអាត ​​​ប្រគល់​ដល់​គ្រួសារ​រងគ្រោះ​នេះ​ដែល​មាន​ថវិកា​​ចំនួន​៥​លាន​រៀល ​និង​សម្ភារ​​ជា​ច្រើន​មុខ​ ។

​លោក​វេជ្ជ​បណ្ឌិត អ៊ុយ សំអាត មាន​ប្រសាសន៍​ថា ​នេះ​ជា​គ្រោះ​​ថ្នាក់​​ដែល​​​គ្មាន​អ្នក​ណា​​ម្នាក់​​បាន​ដឹង​មុន ប៉ុន្តែ​អ្វី​ដែល​មាន​ការ​កក់​ក្តៅ​​នោះ​គឺ​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​តែង​តែ​មើល​ឃើញពី​ទុក្ខ​​លំបាក​​របស់​ប្រជា​ពល​រដ្ឋ​​ដែល​មាន​គ្រោះ​អាសន្ន។ ​​លោកវេជ្ជ​បណ្ឌិត​​មាន​ប្រសាសន៍​ថា ​​ចំណែក​​សាខា​កាក​បាទ​ក្រហម​ខេត្ត​កែប ក៏​​មាន​អំណោយ​​មួយ​ចំនួន​​​ជួយ​ឧបត្ថម្ភ​​​ដែរ ​ហើយ​ទោះ​បី​ជា​អំណោយ​ទាំង​អស់​នេះ​មាន​តិច​តួច​មិន​អាច​យក​ទៅ​ប្រៀប​ធៀ​ប​នឹងទ្រព្យ​​សម្បត្តិ​​​ដែល​បាត់​បង់​​​មែន តែ​​នេះ​ជា​ការ​សង្គ្រោះ​​បន្ទាន់ ហើយ​ក៏គ្មាន​អ្នក​ណា​ចង់​ឱ្យ​កើត​មាន​​ទុក្ខ​សោក​​​បែប​នេះ​ដែរ ។  ​លោក​វេជ្ជ​បណ្ឌិត អ៊ុយ ​សំអាត និង​លោក​​ហាស់ សារ៉េត ក៏បាន​ផ្តាំ​ផ្តើ​ដល់​ក្រុម​គ្រូ​ពេទ្យ​​ សូម​ជួយ​​ព្យា​បាល​ក្រុម​គ្រួសារ​រង​គ្រោះ​នោះ​​ឱ្យ​បាន​ឆាប់​​ជា​សះ​ស្បើយ ជាពិសេស​ក្មេង​​តូចៗ ទើប​តែ​មាន​អាយុ​ជាង​១​ខួប​​ដែល​ត្រូវ​រលាក​​យ៉ាង​​ទារុណ ។

​គួរ​រំលឹក​ថា ហេតុការណ៍​អគ្គិភ័យ​​​ឆេះ​លំនៅ​ឋាន​​នេះ​បានកើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃទី១ មិថុនា ​កន្លង​មក​នេះ។ តាមព័ត៌​មានពី​មន្ត្រីប៉ូលិស​​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្កោល​ឱ្យ​ដឹងថា ​មនុស្ស​៤នាក់​បានរ​ងរបួស​ គឺ ប្តីឈ្មោះ​ង៉ុង ​សាយ អាយុ​៣០​ឆ្នាំ ​ប្រពន្ធឈ្មោះ​ឆឹង ប៊ុន ​អាយុ​២៩ឆ្នាំ ​កូនស្រី​ឈ្មោះ​ង៉ុង ណានីន ​អាយុ​១០ឆ្នាំ ​និងកូនប្រុស​​ទើប​តែ​មាន​អាយុ​មួយ​ខួប​២​ខែ ។​ ទាំង​៤​នាក់​​នេះ​សុទ្ធ​តែ​​ត្រូវ​រង​គ្រោះ ​ដោយអគ្គិភ័យ ។ ប្រភព​បន្តថា ​ដោយឡែក​​ស្ត្រី​រងគ្រោះ​​​ និង​កូនប្រុស​២នាក់​ត្រូវ​​បាន​​គេ​ដឹកទៅ​​កាន់​មន្ទីរពេទ្យ​​ខេត្ត ​និងបុរស​ជា​ប្តី​ត្រូវ​បាន​ដឹក​ទៅ​កាន់មន្ទីរពេទ្យ​ខេត្ត​​​តៀង​យ៉ាង ​​ប្រទេស​វៀត​ណាម ។

​​លំនៅ​ឋាន​ប្រជាពលរដ្ឋ​​​ដែលឆេះនេះ គឺផ្ទះ​​២​ខ្នង​​​​ប្រក់​ក្បឿង​​ក្បាច់​ ហើយការ​កើត​មាន​គ្រោះ​អគ្គិ​ភ័យ​​នេះ ក៏មិន​ដឹង​ពីមូល​ហេតុ​​អ្វី​ដែរ ​រីឯ​​លោក​មី លីន មេឃុំ​អង្គោល ​បាន​និយាយថា ​​ការ​ឆេះ​​លំនៅ​ឋាន​​នេះ​មិនទាន់​ដឹង​ពីមូល​ហេតុ​​​ឱ្យ​ច្បាស់​ការណ៍នៅឡើយទេ ​តែ​ទំនង​ជា​ឆេះរថ​យន្ត​មុនព្រោះ​​មាន​រថយន្ត​មួយគ្រឿង​​​ដែលគេ​ផ្ញើ​​នោះ​ឆេះ​នៅ​សល់​តែគ្រោង​ឆ្អឹង ។

លោក​មេឃុំ​បាន​បន្តថា ​​ពេលភ្លើង​​កំពុង​ឆេះ​​នោះ​ ​​បុរស​ជា​ម្ចាស់​ផ្ទះ ​បានរត់​​ចុះមកកាត់​អណ្តាត​​​ភ្លើង​​ព្រម​ទាំង​​​អោប​កូន​ទាំង​២នាក់​ផង ហើយ​ព្យាយាម​រុញ​រថយន្ត​ចេញពីក្រោម​ផ្ទះ​រហូត​ដល់​សន្លប់​បាត់ស្មារតី​។ លោកម៉ី លីន ​​​មេ​ឃុំបញ្ជាក់ថា ​ទ្រព្យសម្បត្តិ​​​ទាំង​អស់​នៅក្នុង​ផ្ទះ​​​ត្រូវភ្លើង​ឆេះ​ម៉ដ្ឋ ។ ​ក្នុងគ្រោះអគ្គិភ័យ​​នេះ​ដែរ អ្នក​ភូមិ​បាន​​យកម៉ា​ស៊ីន​​ខ្នាតតូច​សម្រាប់​បាញ់ទឹក​លាង​ម៉ូតូ​ជួយបាញ់​ពន្លត់​​ ដើម្បី​​កុំ​ឱ្យ​​រាល​ដាល​ដល់ផ្ទះ​បាយ​ខាង​​ក្រោយ​​ និង​តូបលក់​​សាំង​មួយ​ទៀតដែល​នៅ​ក្បែរ​នោះ ។ ​ចំណែកឯរថយន្ត​ពន្លត់​​​អគ្គិភ័យ​ស្នង​ការ​ និង​រថយន្ត​​ការពារ​ភ្លើង​​​ឆេះ​ព្រៃ​ឧទ្យាន​​កែប​មិន​បាន ​ចេញ​ជួយអន្តរា​គមន៍​​ទាន់ទេ ៕

«ព្រះ​អគ្គី​​​ត្របាក់​​លំនៅ​ឋាន​​ឆេះ​​រថយន្ត​​សល់​​តែ​ឆ្អឹង​​​និង​​រង​​របួស​​៤នាក់»