ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនពិការដើរគមខ្នងសុំទានគេនៅប្រទេសថៃ រយៈពេលជិត២០ឆ្នាំមកហើយ ត្រូវបានភាគីថៃចាប់បញ្ជូនមកកម្ពុជាវិញ ក្រោយពីបណ្តាញសង្គម និងសារព័ត៌មានថៃបានចុះថា គឺជាការបោកប្រាស់ ។

ជាក់ស្តែង កោះសន្តិភាពបានជួបផ្ទាល់ ថ្ងៃទី១៤ កញ្ញា នេះ ស្ថិតនៅចំណុចសួនស្ព័រ ក្នុងភូមិក្បាលស្ពានមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានឱ្យដឹងថា គាត់មានឈ្មោះ ម៉ី ចាន់ថាវី អាយុ៥៧ឆ្នាំ និងមានប្រពន្ធឈ្មោះដា អាយុ៣០ឆ្នាំ (ជាមនុស្សត្រចៀកថ្លង់) និងមានកូនក្នុងបន្ទុកចំនួន២នាក់ (ស្រី១នាក់) ។

ប្រភពឱ្យដឹងទៀតថា គាត់ពិតជាពិការពិតមែន មានរយៈពេល២១ឆ្នាំមកហើយ ខ្នងគមត្រឹមចង្កេះ(៩០ដឺក្រេ) ហើយបានទៅសុំទានតាមផ្សារនៅខេត្តឈុនបូរី ប្រទេសថៃ ក្នុង១ថ្ងៃអាចរកបានជិត១.០០០បាត តែដើរសុំទានគេមិនបានរាល់ថ្ងៃទេ ។ គាត់បន្តថា នៅក្នុង១សប្តាហ៍បាន៣ទៅ៤ថ្ងៃប៉ុណ្ណោះ ព្រោះសុខភាពមិនសូវជាល្អ ជួនកាលដើរសុំទានតាមផ្សារ ខ្លះអង្គុយសុំតាមជ្រុងផ្សារផ្លូវបំបែកស្ពានឆ្លងផ្លូវ ។

បុរសពិការខ្នងកោងបានបញ្ជាក់ថា នៅពេលដែលគាត់សុំទានគេនៅប្រទេសថៃ មានអ្នកសារព័ត៌មានទូរទស្សន៍និងបណ្តាញសង្គម បានសុំថតផ្សាយ ក្នុងនោះ មានសប្បុរសជនមកជួយ មាន ដូចជា អង្ករ និងគ្រឿងឧបភោគ បរិភោគ និងថវិកាខ្លះៗបានជួយ ។ គាត់បានជួលបន្ទប់ សម្រាប់គ្រួសារស្នាក់នៅនៅខេត្តឈុនបូរី ប្រទេសថៃ ។ ប៉ុន្តែនៅក្បែរនោះ មានអ្នកសុំទានជនជាតិថៃម្នាក់បានច្រណែន ហើយបានប្រាប់ទៅសប្បុរសជន និងសារព័ត៌មានថៃថា គាត់ដើរសុំទានបាន១ថ្ងៃ៥.០០០ទៅជិត១ម៉ឺនបាតឯណោះ ។

ក្រោយមក ក៏ត្រូវបានសមត្ថកិច្ចថៃចាប់ក្នុងករណីអន្តោប្រវេសន៍ដោយខុសច្បាប់ និងបានបញ្ជូនមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ គាត់ត្រឡប់មកស្នាក់នៅជាមួយបងប្អូន ព្រោះគ្មានដី និងផ្ទះរស់នៅទេ ហើយគ្មានលុយជាប់ខ្លួន រកតែអង្ករនិងលុយទិញម្ហូបគ្មាន ខណៈប្អូនបានឱ្យមកស្នាក់នៅជាបណ្តោះអាសន្ននៅខ្ទមលើមាត់ប្រឡាយសួនស្ព័រ ។

ជនពិការឈ្មោះ ម៉ី ចាន់ថាវី គាត់ជាអ្នកដើមកំណើតនៅភូមិអង្គស័ង្ក ឃុំ-ស្រុកព្រៃល្វារ ខេត្តតាកែវ ដែលមានបងប្អូន៤នាក់ (ប្រុសម្នាក់) ហើយបានរស់នៅរៀនសូត្រភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយហាត់កីឡាបាល់ទៈក្នុងសាលាត្រូវអុកគូទ បណ្តាលឈឺចង្កេះ ។ គាត់ចាប់ផ្តើមឈឺខ្លាំងទៅព្យាបាលនៅពេទ្យរុស្ស៊ី និងពេទ្យអង្គការគ្មានព្រំដែន ហើយគេបញ្ជូនទៅពេទ្យមង្គលបូរីបន្តទៀត ដោយគ្រូពេទ្យប្រាប់ថា គាត់ខូចសន្លាក់ឆ្អឹងចង្កេះមិនអាចធ្វើអ្វីបានទេ ។

ប្រវត្តិគាត់មានប្រពន្ធ៣នាក់ និងមានកូន៥នាក់ (ស្រី២នាក់) ។ ប្រពន្ធទី១ មានកូន៣នាក់ (ស្រី
១នាក់) តែបានលេងលះនៅឆ្នាំ២០០៤ ។ ក្រោយមក លោកបានធ្លាក់ខ្លួនពិការរកលុយមិនបានហើយទៅសុំទាននៅប្រទេសថៃ ។ ប្រពន្ធទី២ បាននៅប្រទេសថៃ នៅពេលទៅសុំទានមានកូនស្រី១ ។ គាត់បានលែងលះគ្នានៅឆ្នាំ២០០៨ ហើយបានប្រពន្ធទី៣ ជាមនុស្សថ្លង់នេះ បានកូនប្រុសម្នាក់និងកូនស្រី ។ ប្រពន្ធទី២យកមករស់នៅជាមួយដែលសារព័ត៌មានចោទប្រកាន់គាត់ថា ជាមនុស្សពិការបោកប្រាស់គេ ។







ចែករំលែកព័តមាននេះ