ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមានជីវភាពក្រីក្រម្នាក់បានសម្រាលកូនភ្លោះរហូតដល់៣នាក់ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅមន្ទីរពេទ្យជប៉ុន រាជធានីភ្នំពេញ ។ ប៉ុន្តែដោយបញ្ហាភាពសុខភាព ស្ត្រីជាម្តាយទើបគ្រូពេទ្យឱ្យបន្តសម្រាកព្យាបាលរហូត ដល់ថ្ងៃទី១៩ ខែវិច្ឆិកា បានអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន ក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
លោក កេត សុឃា មេឃុំមេលំ ស្រុកបរិបូណ៌ បានឲ្យដឹងថា ស្ត្រីដែលកើតកូនភ្លោះ៣នាក់មានឈ្មោះមាន សុមី អាយុ២៣ឆ្នាំ នាងទើបសម្រាលកូនជាលើកដំបូង ព្រោះទើបរៀបការប្ដី ឈ្មោះ
វ៉ាន់ សុវយ័ អាយុ២៤ឆ្នាំ កាលពីមួយឆ្នាំមុន ។
លោកមេឃុំបានបន្តថា ក្រោយពេលរៀបការ ពួកគេបានរស់នៅជាមួយម្ដាយជាស្ត្រីមេម៉ាយឈ្មោះ សួស ម៉ើ ប៉ុន្តែដោយសារជួបការលំបាកបញ្ហាជីវភាព ពួកគេក៏បានទៅធ្វើជាកម្មកររោងចក្រនៅរាជធានីភ្នំពេញទាំង២នាក់ប្ដីប្រពន្ធរហូតមានផ្ទៃពោះ ។
លុះក្រោយពីពិនិត្យអេកូឃើញមានកូនភ្លោះ៣ ទើបនៅថ្ងៃឈឺពោះពួកគេបានសម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នៅរាជធានីភ្នំពេញ រហូតដល់ស្ត្រីជាម្ដាយមានសុខភាពល្អទើបក្រុមគ្រូពេទ្យអនុញ្ញាតឲ្យមកផ្ទះវិញ នៅថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២២។
លោកមេឃុំបានបញ្ជាក់ថា កូនភ្លោះទាំង៣ស្រី២ ប្រុស១ រួមនិងម្ដាយមានសុខភាពល្អជាធម្មតាទេប៉ុន្តែបញ្ហាជីវភាព គឺជួបការខ្វះខាត ដែលក្នុងនាមលោកជាអាជ្ញាធរឃុំសូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយឧបត្ថម្ភដល់គ្រួសារនេះផង ៕
ចែករំលែកព័តមាននេះ