ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបញ្ជូន​សិក្ខាកាមយោធាឆ្នើមវ័យក្មេង ៤ រូប ទៅសម្រួចសមត្ថភាពនៅសាលាបណ្ឌិត្យសភាការពារជាតិដ៏ល្បីល្បាញរបស់ជប៉ុន

5 ម៉ោង មុន

(រាជធានីភ្នំពេញ)៖ ចំណងមិត្តភាពដែកថែបផ្នែកយោធាកម្ពុជា-ជប៉ុន កាន់តែរឹងមាំ ខណៈ សិក្ខាកាមយោធាកម្ពុជាឆ្នើមវ័យក្មេង ៤ រូប ត្រៀមខ្លួនចេញទៅសម្រួចសមត្ថភាពនៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន នាខែមេសាខាងមុខ។ កាលពីព្រលប់ថ្ងៃទី២៧…

(រាជធានីភ្នំពេញ)៖ ចំណងមិត្តភាពដែកថែបផ្នែកយោធាកម្ពុជា-ជប៉ុន កាន់តែរឹងមាំ ខណៈ សិក្ខាកាមយោធាកម្ពុជាឆ្នើមវ័យក្មេង ៤ រូប ត្រៀមខ្លួនចេញទៅសម្រួចសមត្ថភាពនៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន នាខែមេសាខាងមុខ។ កាលពីព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ​ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ជូនដំណើរយ៉ាងកក់ក្តៅ និងជួបជុំអតីតសិក្ខាកាមយោធា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ។

ក្នុងឱកាស​នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ​តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រកម្ពុជាតាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលនាយទាហានកម្ពុជាឱ្យមានសមត្ថភាពខ្ពស់លើផ្នែកបច្ចេកទេស និងការដឹកនាំបញ្ជា។

ឯកឧត្តមបានរំលឹកពីភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការយោធា កាលពីឆ្នាំ២០២៥ កន្លងទៅ ដែលរួមមានការអនុញ្ញាតឱ្យនាវាជប៉ុនចូលសំចតនៅមូលដ្ឋានសមុទ្ររាមជាលើកដំបូងក្រោយការធ្វើទំនើបកម្ម និងការបង្កើតក្រុមអតីតនិស្សិតនៃបណ្ឌិតសភាការពារជាតិជប៉ុនជាផ្លូវការ ដែលសុទ្ធសឹងតែជាសក្ខីភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

​ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានណែនាំដល់សិក្ខាកាមទាំង ៤ រូប ត្រូវខិតខំរៀនសូត្រ រក្សាសីលធម៌ វិន័យ និងសាមគ្គីភាពឱ្យបានល្អ ដើម្បីនាំយកចំណេះដឹងមកបម្រើជាតិមាតុភូមិ និងលើកកម្ពស់កិត្តិយសកងយោធពលខេមរភូមិន្ទលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញមោទនភាពចំពោះសិក្ខាកាមយោធាកម្ពុជា ដែលកន្លងមកតែងតែជានិស្សិតឆ្នើម មានសមត្ថភាពខ្ពស់ និងបានក្លាយជាកម្លាំងចលករយ៉ាងសកម្មក្នុងជួរកងយោធពលខេមរភូមិន្ទ។ ឯកឧត្តមជឿជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សដ៏មានសក្តានុពលនេះ នឹងក្លាយជាគ្រឹះយ៉ាងរឹងមាំសម្រាប់វឌ្ឍនភាពនៃវិស័យសន្តិសុខរវាងប្រទេសទាំងពីរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ