ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាជំងឺមួយដែលបង្កហានិភ័យខ្ពស់ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។ មានប្រសាសន៍បែបនេះ នៅក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុង មួយចំនួន និងមន្ត្រីរាជការសិស្សានុសិស្សចូលរួមជាច្រើន ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ឆ្នាំងនាថ្ងៃនេះ គឺជាលើកទីមួយ ដែលពុំធ្លាប់មានខេត្តណាធ្វើបាន នៅឡើយនោះទេ ដូច្នេះ គណៈអភិបាល រាជធានី ខេត្ត ទូទាំងប្រទេស សូមរកមធ្យោបាយយកសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខេត្តកំពង់ឆ្នាំង ធ្វើជាគំរូ ។ សូមមន្ត្រីនៃមន្ទីរសាធារណការ ក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡា ក្នុងរយៈពេល២សប្តាហ៍ឬ១ខែម្ដង ឱ្យសិក្សានុសិស្ស មកសួននេះដើម្បីធ្វើបទបង្ហាញឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ ។

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការសិក្សានុសិស្សដែលប្រើប្រាស់ផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយត្រូវគិតគូរដល់សុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារខ្លួនឯង ជាពិសេស ដល់អ្នកដទៃផង ។ ឯកឧត្តមក៏បានស្នើដល់មន្ត្រី និងអង្គភាពពាក់ព័ន្ធ ពង្រឹងយន្តការបន្ថែម ដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្វីបើកត្តាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបន្ថយការពិតមែន ប៉ុន្តែចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើង ព្រោះតួលេខក្នុងមួយឆ្នាំមានមនុស្សស្លាប់ក្នុងចន្លោះពី ១៥០០ ដល់១៦០០នាក់ និងអ្នករបួសក្នុងចន្លោះពី៣៥០០ ទៅ៣៦០០នាក់ ចំនួននេះច្រើនណាស់ វាអាចទៅជាជំងឺមហារីកដែលពិបាកនឹងព្យាបាល។

ត្រូវមានការចូលរួមទទួលខុសត្រូវពីក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាអ្នកបើកបររថយន្តដឹកទំនិញគ្រប់ប្រភេទ ត្រូវដឹកនាំគ្រប់គ្រងបុគ្គលិកអ្នកបើកបរគ្រប់ប្រភេទរបស់ខ្លួន ដើម្បីបង្កើតនូវការប្រុងប្រយ័ត្នជានិច្ចនឹងត្រូវត្រួតពិនិត្យជាប្រចាំ នៅលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន។ សូមមាតាបិតាអាណាព្យាបាលគ្រប់រូបណែនាំដល់សមាជិករបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរ កុំបើកលើសល្បឿនកំណត់ ត្រូវពាក់មួកសុវត្ថិភាព គោរពសិទ្ធិអាទិភាព និងមិនបើកបរក្នុងស្ថានភាពស្រវឹង។ ស្នើសុំដល់គ្រប់អង្គភាពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ និងពិសេស ពង្រឹងក្រោមសីលធម៌វិន័យស័ក្តិសមជាមន្ត្រីអនុវត្តច្បាប់ និងជាចុងក្រោយសូមគ្រប់បណ្ដារាជធានីខេត្តត្រូវបំផុសការចូលរួមការគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនមានប្រសាសន៍ដែរថា សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង បានក្រុងពាលីបើកការដ្ឋាន សាងសង់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លើផ្ទៃដីទំហំ២០០០ម៉ែត្រការ៉េ មានបណ្ដោយប្រវែង៥០ ទទឹង៤០ម៉ែត្រ មានកម្រាលផ្លូវបេតុងកម្រាស់១២សង់ទីម៉ែត្រ មានកម្រាលផ្លូវការរ៉ូឡា មានស្លាកសញ្ញាចរាចរណ៍ មានភ្លើងចរាចរណ៍ និងមានរោងសម្រាប់ជ្រក ជាដើម ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានចេញសេចក្តីអំពាវនាវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដោយបានចាត់កម្លាំងមានសុវត្ថកិច្ច ចុះធ្វើការណែនាំ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ និងទីប្រជុំនានាក្នុងខេត្តចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជូនដល់សហគមន៍ប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សសរុបចំនួន៧២លើក និងមានសមាសភាពចូលរួម ៨ ៨៧៦នាក់៕





ចែករំលែកព័តមាននេះ