រាជធានីភ្នំពេញ ៖ សមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ទទួលបានថវិកានិងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ថវិកា និងសម្ភារៈទាំងនេះ ត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងអោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា ប្រគល់ជូនពួកគាត់នាព្រឹកថ្ងៃទី២២ ខែកញ្ញានេះ នៅសាលារាជធានីភ្នំពេញ ។

លោក ម៉េត មាសភក្តី បានមានប្រសាសន៍អោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកអោយលោក ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ។ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង៣០០នាក់ បានទទួលថវិកា និងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបន្ថែមពីលើការឧបត្ថម្ភប្រចាំខែជូនពួកគាត់ ដែលអំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល (តាមកុងវីង), មី២កេស, ទឹកបរិសុទ្ធ២កេស និងទឹកត្រី១យួរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងផ្តល់អំណោយជូនពួកគាត់ជានិច្ច។
ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណ ប.ស.ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ ហើយក្នុងបរិបទជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែលជូនពួកគាត់ថែមទៀត។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺមានរយៈពេល៤ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង៕









ចែករំលែកព័តមាននេះ