រាជធានីភ្នំពេញ ៖ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ ។ នេះបើយោងតាមផេកក្រសួងព័ត៌មានបានប្រកាសនាព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ។
ការឯកភាពរវាងកម្ពុជា-ថៃនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។
យោងតាមសេចក្តីប្រកាសរបស់ប្រធានអាស៊ាន អំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ បានឱ្យដឹងថា កិច្ចប្រជុំបានរំឭកឡើងវិញនូវបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា , សេចក្តីសម្រេចរបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានជំរុញឱ្យកម្ពុជា-ថៃ អនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍កិច្ចពិភាក្សាស្តីពីការអនុវត្តឡើងវិញនូវបទឈប់បាញ់ និងការបញ្ឈប់អរិភាពទាំងឡាយ។ ដោយគណៈកម្មាធិការព្រំដែនទូទៅនឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញអំពីក្តីសង្ឃឹមចំពោះការកាត់នូវបន្ថយអរិភាពទាំងឡាយឱ្យបានឆាប់តាមដែលអាចធ្វើបាន ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានជំរុញឱ្យកម្ពុជា-ថៃ អនុវត្តការអត់ធ្មត់ជាអតិបរមា និងបោះជំហានជាបន្ទាន់ឆ្ពោះទៅរកការបញ្ឈប់គ្រប់ទម្រង់នៃអរិភាព ។ កិច្ចប្រជុំបានអំពាវនាវឱ្យប្រទេសទាំងពីរស្តារឡើងវិញ នូវទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក និងត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញ តាមរយៈយន្តការទ្វេភាគី , ការប្រើប្រាស់កិច្ចសម្របសម្រួលរបស់ប្រធានអាស៊ាន , ស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌ និងអនុវត្តវិធានការកាត់បន្ថយភាពតានតឹងផ្នែកយោធានៅតាមបណ្តោយព្រំដែនរួម ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន , ប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីទទួលបានដំណោះស្រាយតាមសន្តិវិធី និងយូរអង្វែង ចំពោះស្ថានការណ៍បច្ចុប្បន្ន ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីបុរេសកម្ម និងការបន្តចូលរួមរបស់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ព្រមទាំងការរួមចំណែកយ៉ាងសកម្មពីប្រទេសសមាជិកអាស៊ាន និងប្រទេសចិន ក្នុងការជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះ ស្ថានការណ៍ដែលកំពុងបន្តវិវត្តទៅមុខ៕
ចែករំលែកព័តមាននេះ