ទីក្រុងបាងកក៖ របបសឹកភូមាពេលនេះកាន់តែក្រពុលមុខខ្លាំងមែនទែនហើយ។ កាលពីព្រឹកមិញ ទាហានរបបសឹកយ៉ាងតិច២០០នាក់បានរត់បាក់ទ័ពចេញពីទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ធ្លាយទៅដល់ព្រំដែនថៃបន្ទាប់ពីពួកឧទ្ទាមវាយបែកសម្បុកចុងក្រោយរបស់ពួកគេ និងចូលកាន់កាប់ទីក្រុងទាំងស្រុង។ គេដឹងថាទាហានរបបសឹកទាំងនោះកំពុងនៅទីទើរៗនៅលើស្ពានមិត្តភាពដែលតភ្ជាប់ពីទីក្រុងមីយ៉ាវ៉ាឌីទៅព្រំដែនថៃ។ បើអត់ស្ពាននេះទៀត ពួកគេមានតែជម្រុលចូលដីថៃតែម្ដង។

ការដកថយរបស់ទាហានទាំងនេះជារឿងមួយ។ ប៉ុន្តែរឿងដែលអាម៉ាស់ខ្លាំងជាងនេះគឺរបបសឹកភូមាក្រោមការដឹកនាំរបស់លោកមីនអុងឡាំងដែលកំពុងទទួលរងសម្ពាធកាន់តែខ្លាំងមែនទែនផ្នែកវិស័យការពារជាតិ។ ទោះបីពួកកងទ័ពព្រៃមិនទាន់ធ្វើសកម្មភាពខ្លាំងក្លាដល់ថ្នាក់ផ្ដួលរំលំរបបសឹកបានក៏ពិតមែន ក៏ប៉ុន្តែលោកមីនអុងឡាំងទទួលរងបញ្ហាប្រឈមធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ចាប់តាំងពីលោកផ្ដួលរំលំលោកស្រីស៊ូជី និងឡើងកាន់អំណាចខ្លួនឯងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមកុលសម្ព័ន្ធជាតិការ៉េន (Karen) ដែលជាជនជាតិភាគតិចតស៊ូជាយូរមកហើយបានប្រកាសនៅលើបណ្ដាញហ្វេសប៊ុកថាខ្លួនជាអ្នកវាយយកទីក្រុងនេះ ហើយបានវាយបែកបន្ទាយរបស់របបសឹកអស់២៧៥កន្លែងរួចហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ អ្នកនាំពាក្យក្រុមកុលសម្ព័ន្ធជាតិការ៉េនប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថាទាហានរបបសឹកប្រមាណ២០០នាក់កំពុងប្រមូលផ្ដុំគ្នានៅលើស្ពានជាប់ព្រំដែនថៃព្រោះមិនដឹងថាត្រូវទៅណាទៀត។ ចំណែកកាសែតភូមាមួយរាយការណ៍ថាអាជ្ញាធរថៃកំពុងនិយាយគ្នាជាមួយទាហានទាំងនោះដើម្បីសម្រេចចិត្តថាតើត្រូវអនុញ្ញាតឱ្យពួកគេចូលទឹកដីថៃ ឬយ៉ាងណា។

មីយ៉ាវ៉ាឌីជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ដែលជាប់នឹងទីក្រុងមេសូត (Mae Sot) នៃខេត្តតាក (Tak) ប្រទេសថៃ។ តាមរយៈវីឌីអូឃ្លីបដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ថៃ គេឃើញផ្សែងខ្មួលខ្មាញ់ហោះហើរពេញផ្ទៃអាកាសដែលជាសញ្ញាបង្ហាញថាមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ គេគិតថារបបសឹកទប់ខ្លួនលែងជាប់ ឬអង្គុយលែងនឹងហើយពេលនេះនៅពេលក្រុមប្រឆាំងដណ្ដើមកាន់កាប់ប៉ុស្តិ៍ជួរមុខ និងទីក្រុងតូច-ធំជាច្រើនកន្លែងនៅតាមព្រំដែន។

នេះជាយុទ្ធសាស្ត្រវាយផង ចរចាគ្នាផងនៅក្នុងឆាកនយោបាយ។ ពួកប្រឆាំងអាចនឹងគិតថាលោកមីនអុងឡាំងមិនងាយនឹងចរចាគ្នាទេបើពួកគេមិនខិតខំវាយដណ្ដើមយកទីតាំងឈរជើងឱ្យបានច្រើន និងធ្វើឱ្យរង្គោះរង្គើដល់របបសឹក។ រឿងហ្នឹងវាត្រូវតែអីចឹង។ ការចរចាគ្នាលុះត្រាតែមានទឹកមាត់ប្រៃដែរទើបនិយាយទៅមានទម្ងន់ ហើយអាចតថ្លៃផ្នែកនយោបាយបាន។

សូមរំលឹកថាកាលពីចុងសប្ដាហ៍កន្លងទៅនេះ, ទាហានរបបសឹក៦០០នាក់ រួមទាំងគ្រួសាររបស់ពួកគេផងដែរត្រូវតែបង្ខំចិត្តរត់ចេញពីទីក្រុងមីយ៉ាវ៉ាឌី។ កាលនោះ ប្រភពខ្លះបង្ហើបឱ្យដឹងថារបបសឹកបានស្នើសុំទៅខាងរដ្ឋាភិបាលថៃដើម្បីឱ្យទាហានទាំងនោះបានស្នាក់នៅដីថៃជាបណ្ដោះអាសន្ន។ បន្ទាប់មក របបសឹកយកយន្តហោះទៅដឹកពួកគេចូលប្រទេសភូមាវិញ។

ករណីបាញ់គ្នាចុងក្រោយនេះធ្វើឱ្យជនស៊ីវិល២ពាន់នាក់ត្រូវផ្លាស់ប្ដូរទីលំនៅដើម្បីគេចចេញពីសង្គ្រាម។ ប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការរបស់របបសឹករក្សាភាពស្ងៀមស្ងាត់បានល្អណាស់។ ពួកគេមិនបានផ្សាយអំពីសង្គ្រាមដែលកំពុងឆាបឆេះនេះទេ។ ប្រហែលជាកុំឱ្យប្រជាជនជ្រួលច្របល់។ ផ្ទុយទៅវិញ ពួកគេផ្សព្វផ្សាយពីការជ្រើសរើសសិក្ខាកាមថ្មីៗតាមច្បាប់កាតព្វកិច្ចយោធា និងការបើកវគ្គបណ្ដុះបណ្ដាលពួកគេ។ ចំណែកការចរចាគ្នារវាងភាគីជម្លោះភូមាហាក់ដូចជាមានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង។

ឥឡូវនេះ ថៃដែលជាប្រទេសភូមិផងរបងជាមួយនឹងភូមាក៏កំពុងគិតគូរអំពីបញ្ហាវិវត្តថ្មីៗនៅព្រំដែនផងដែរ។ ជាដំណាក់កាលដំបូង ប្រទេសថៃត្រៀមកន្លែងសម្រាប់ទទួលយកជនស៊ីវិលភូមាដែលរត់ចេញពីការប្រយុទ្ធគ្នានេះរហូតដល់មួយសែននាក់។ រដ្ឋមន្ត្រីការបរទេសថៃបញ្ជាក់ថាបើមានជនភៀសខ្លួនច្រើនជាងនេះ រដ្ឋាភិបាលរបស់លោកនៅតែទទួលស្វាគមន៍ជានិច្ចដើម្បីផលប្រយោជន៍មនុស្សធម៌៕
ប្រភព៖ Al Jazeera និងប្រភពដទៃទៀត
អត្ថបទដែលពាក់ព័ន្ធនឹងប្រធានបទនេះ
ថៃត្រៀមទទួលយកជនភៀសខ្លួនភូមាដែលអាចមានដល់១សែននាក់
របបសឹកភូមាបើកវគ្គហ្វឺកហ្វឺនយុទ្ធជនដែលទើបតែជ្រើសរើសបានថ្មីៗ
រដ្ឋមន្ត្រីការបរទេសថៃ




ចែករំលែកព័តមាននេះ