ទីក្រុងណៃពិដោរ៖ របបសឹកភូមាចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលក្បួនយុទ្ធសាស្ត្រយោធាដល់សិក្ខាកាមដែលទើបតែជ្រើសរើសថ្មីតាមច្បាប់កាតព្វកិច្ចយោធានៅតាមសាលាហ្វឹកហ្វឺន និងមូលដ្ឋានសឹកទូទាំងប្រទេសប្រទេសភូមា។ ចំណាត់ការនេះធ្វើឡើងនៅពេលកងទ័ពព្រៃកំពុងវាយសម្រុកយ៉ាងខ្លាំងក្លា។ ពេលខ្លះធ្វើឱ្យទាហានភូមាបាក់ទ័ពជាញឹកញាប់។
អាជ្ញាធរចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធាចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ដើម្បីដាក់បំពេញចំណុចខ្វះខាតកម្លាំងនៅលើទីតាំងដែលទទួលរងការវាយប្រហារពីសំណាក់ទាហានជនជាតិភាគតិចគួបផ្សំនឹងចលនាតស៊ូគាំទ្រលោកស្រីស៊ូជី។ រយៈពេលជាង៥ខែចុងក្រោយនេះ របបសឹកបាត់បង់មូលដ្ឋានអស់ច្រើនសន្ធឹក។ ជាពិសេស នៅរដ្ឋសានភាគខាងជើង និងរដ្ឋរ៉ាក់ខាញភាគខាងលិច។
នៅសមរភូមិដទៃទៀត របបសឹកក៏ប្រឈមនឹងការវាយលុកយ៉ាងខ្លាំងក្លាដែលធ្វើឱ្យរបូតទីក្រុងពាណិជ្ជកម្មម៉ាយ៉ាវ៉ាឌី (Myawaddy) កាលពីពេលថ្មីៗនេះ។ ទីក្រុងនេះស្ថិតនៅក្នុងរដ្ឋខាយីន (Kayin) ជាប់នឹងព្រំដែនប្រទេសថៃ។ ការបើកវគ្គបណ្ដុះបណ្ដាលយោធាសម្រាប់យុទ្ធជន និងយុទ្ធនារីធ្វើឡើងនៅសាលាយោធារដ្ឋមន, រដ្ឋសាន និងយោធភូមិភាគចំនួនបី។
សិក្ខាកាមទាហានសកម្មជំនាន់ទីមួយនេះជាទាហានស្ម័គ្រចិត្តដែលចូលបម្រើជួរកងទ័ពតាមការអំពាវនាវរបស់របបសឹក។ នៅពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាពេលណាធ្វើឱ្យយុវជនក្មេងៗភ័យបុកពោះ និងជ្រួលច្របល់។ ឪពុកម្ដាយរបស់ពួកគេក៏កំពុងតែភ័យសម្បើមណាស់ដែរខ្លាចកូនគ្មានអនាគត។ អ្នកខ្លះរកវិធីជម្លៀសកូនទៅក្រៅប្រទេស។ អ្នកខ្លះមានលុយឱ្យកូនចេញទៅក្រៅប្រទេសក្រោមរូបភាពជាការបន្តការសិក្សា។ ជាពិសេស ទៅប្រទេសជិតខាងដូចជាប្រទេសថៃដើម្បីសម្ងំសុខមួយគ្រាសិន។
អ្នកខ្លះទៀតរកវិធីចេញឱ្យផុតពីប្រទេសភូមាមិនបានទេ។ ពួកគេមានតែរត់គេចខ្លួនទៅចុះចូលខាងក្រុមទ័ពព្រៃនៅតាមព្រំដែន។ បើមិនដូច្នេះទេ ពួកគេចូលរួមជាមួយពួកតស៊ូដើម្បីបែរចុងកំាភ្លើងមកប្រឆាំងនឹងរបបសឹកវិញម្ដង។ សារព័ត៌មានឯករាជ្យនៅភូមាចុះផ្សាយថាយុវជន១ចំនួនតូចហែបាតុកម្មតវ៉ានៅលើទីតាំងបីកន្លែងនៃទីក្រុងរ៉ង់ហ្គូនដើម្បីប្រឆាំងនឹងការចាប់ទាហាន។ ពួកគេតវ៉ាត្រឹមតែ១ភ្លែតក៏កាត់រំសាយទៅវិញដើម្បីជៀសវាងការរករឿងបង្ក្រាប ឬចាប់ខ្លួនពីសំណាក់អាជ្ញាធរ។
យោងតាមច្បាប់កាតព្វកិច្ចយោធានេះ បុរសអាយុចាប់ពី១៨ដល់៣៥ឆ្នាំ និងនារីអាយុចាប់ពី១៨ដល់២៧ឆ្នាំត្រូវចូលបម្រើនៅក្នុងជួរកងទ័ពយ៉ាងតិច២ឆ្នាំ។ របបសឹកអះអាងថាប្រជាជនភូមាមាន៥៦លាននាក់អាចជ្រើសរើសយុវជន និងយុវនារី១៤លាននាក់ដើម្បីធ្វើទាហាន។ របបសឹកដាក់ផែនការរើសទាហានម្ដងឱ្យបាន៥ពាន់នាក់, ១ឆ្នាំរើសឱ្យបាន៦ម៉ឺននាក់។
អ្នកដែលគេចចេញពីកាតព្វកិច្ចយោធា បើរបបសឹកចាប់បាន នឹងត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី៣ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ថែមទៀត។ សព្វថ្ងៃនេះ របបសឹកត្រូវការកងទ័ពថ្មីៗដើម្បីដាក់ជំនួសយុទ្ធជនពលី ឬយុទ្ធជានបាត់បង់សមត្ថភាពប្រយុទ្ធក្រោយការបង្ក្រាបពួករ៉ូហ៊ីងហ្ការយៈពេល៧ឆ្នាំ ធ្វើឱ្យពួកគេរត់ខ្ចាត់ខ្ចាយអស់ជាង៧សែននាក់ទៅរស់នៅតាមជំរំនៅប្រទេសបង់ក្លាដែស៕
ប្រភព៖ AP
ចែករំលែកព័តមាននេះ