ខេត្តពោធិ៍សាត់ ៖ រូបព្រះពុទ្ធបដិមាព្រះអង្គផ្ចាញ់មាដែលមានកម្ពស់២៩ម៉ែត្រ ត្រូវបានកែក្នុងរូបរាងថ្មីឡើងវិញរួចរាល់ជាស្ថាពរ ហើយត្រូវបានកាត់ខ្សែបូសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៤ មីនា ២០២៤ ស្ថិតក្នុងវត្តវាល ក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដោយរួមទាំងមានសមិទ្ធផលនានាជាច្រើនទៀតផងដែរ ។ ពាក់ព័ន្ធរឿង៖ ព្រះពុទ្ធរូបផ្ចាញ់មា នៅខេត្តពោធិ៍សាត់ ដែលគេរិះគន់តាមហ្វេសប៊ុក គឺកសាងតាំងពីឆ្នាំ២០០៩
គួរបញ្ជាក់ថា កន្លងមក មានការរិះគន់ផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក អំពីរូបព្រះពុទ្ធរូបផ្ចាញ់មា១ព្រះអង្គ នេះ មានលក្ខណៈមិនស្អាតល្អ ដែលត្រូវរដ្ឋបាលខេត្តពោធិ៍សាត់ធ្លាប់បានប្រកាសថា ព្រះពុទ្ធរូបនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តពោធិ៍សាត់បានប្រកាសថា នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅអធិការវត្ត ដើម្បីបន្តពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្គាំឆ្គងណា ដែលគួរធ្វើការកែលម្អឱ្យបានសមរម្យ ។
សូមបញ្ជាក់ទៀតថា ពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលនានាក្នុងទីអារាមវត្តវាល គឺមានវត្តមានឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ, មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ, និងលោកជំទាវកាន់ ចន្ទ្រា ទៀ វិញ រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
តាមរបាយការណ៍របស់គណៈកម្មការសាងសង់បានឲ្យដឹងថា សមិទ្ធផលវត្តវាលដែលធ្វើពិធីសម្ពោធថ្ងៃនេះ រួមមាន ឧបដ្ឋានសាលា សាលាបាលី បណ្ណាល័យ កុដិ រូបព្រះពុទ្ធបដិមាព្រះអង្គផ្ចាញ់មាកម្ពស់២៩ម, ព្រះពុទ្ធបដិមាព្រះអង្គផ្ទុំប្រវែង២៥ម, ចូឡាមុនីចេតិយកម្ពស់២៧ម ស្រះទឹក ខ្លោងទ្វារបង និងការកែលំអរព្រះពុទ្ធបដិមាព្រះអង្គផ្ចាញ់មាឡើងវិញ សរុបថវិកាអស់ចំនួន៥៦៥.៥៨២ដុល្លារ និង ៦៨១.៨៤៩.៣០០រៀល ។
ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា, លោកឧត្តមសេនីយ៍ វណ្ណ ប៊ុនលៀង និង លោកស្រី កុយ ណារុន ដែលជាអ្នកផ្ដើមគំនិតកសាង នូវរាល់សមិទ្ធផលទាំងអស់ក្នុងទីអារាមវត្តវាលនេះ រួមជាមួយព្រះចៅអធិការវត្តផងដែរ។
សមិទ្ធផលទាំងអស់កើតឡើងពីការចូលរួមបរិច្ចាកធនធានដោយសទ្ធាជ្រះថ្លា របស់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានជំនឿលើវិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
ចែករំលែកព័តមាននេះ