ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសថា កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមហ្វេសប៊ុក អំពីព្រះពុទ្ធរូបផ្ចាញ់មា ១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានលក្ខណៈមិនស្អាតល្អ។
ករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសថា ព្រះពុទ្ធរូបនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម្លេះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល។ ព្រះពុទ្ធរូបនេះ សង់ឡើង មានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។ ការកសាងព្រះពុទ្ធរូបនេះ បានប្រើប្រាស់ជាង ដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូប នៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាមក្បួនខ្នាតនោះទេ។ តាមការពិនិត្យជាក់ស្តែង បើយើងមើលចំពីមុខ ព្រះភក្ត្រព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសថា នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅអធិការវត្ត ដើម្បីបន្តពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្គាំឆ្គងណា ដែលគួរធ្វើការកែលម្អឱ្យបានសមរម្យ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ