សង្គ្រាមអ៊ុយក្រែន ៖ ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីផុតកំណត់បទឈប់បាញ់គ្នារយៈពេល៣ថ្ងៃ កាលពីយប់ថ្ងៃទី១១ មក ១២ ឧសភា កងទ័ពរុស្ស៊ី បានវាយប្រហារជាច្រើនដោយដ្រូននៅភាគខាងកើតអ៊ុយក្រែន ។

ការវាយប្រហារទាំងនេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ហើយមនុស្សយ៉ាងតិច៤នាក់ រងរបួសនៅតំបន់ក្រុងឌីនីប្រូ ។ នេះបើតាមប្រមុខរដ្ឋបាលយោធាតំបន់អ៊ុយក្រែននោះ ។ តាមតេឡេក្រាមប្រមុខរដ្ឋបាលនោះ លោកអាឡេកសាន់ដ្រ៍ហ្គានហ្សាសរសេរថា សត្រូវបានវាយប្រហារស្រុក៥នៃតំបន់ក្រុងនោះ ដល់ជាង២០លើកជាមួយដ្រូន កាំភ្លើងធំ និងគ្រាប់បែកទម្លាក់ពីអាកាស ។
ចំណែកបណ្ដាសារព័ត៌មានអ៊ុយក្រែនរាយការណ៍ថា កងទ័ពរុស្ស៊ីក៏វាយប្រហារលើក្រុងគៀវ ត្រូវចំអគារស្នាក់នៅមួយមានកម្ពស់២០ជាន់ក្នុងរដ្ឋធានី។ តំបន់វ៉ាស្ទីវជិតក្រុងគៀវ ក៏ជាគោលដៅនៃការវាយប្រហាររបស់រុស្ស៊ីដែរ ។ សួនកុមារមួយ អគារស្នាក់នៅកម្ពស់៤ជាន់មួយនិងផ្ទះឯកជន២ខ្នងរងការខូចខាត។ នេះបើតាមការលើកឡើងរបស់អភិបាលតំបន់នោះតាមតេឡេក្រាម។

រុស្ស៊ីបានធ្វើការវាយប្រហារទាំងនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយចប់បទឈប់បាញ់៧២ម៉ោង តាមសំណើអាមេរិក។ ចំណែករុស្ស៊ីវិញតាមរយៈក្រសួងការពារប្រទេសរបស់ខ្លួន ប្រកាសនាថ្ងៃទី១២ ឧសភា ថា បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន២៧គ្រឿងពីលើតំបន់បែលហ្គោរ៉ូដ វ៉ារ៉ូនីយ៉េវ និងរ៉ូស្តុករុស្ស៊ី ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសពីបនទឈប់បាញ់គ្នានោះ កាលពីថ្ងៃទី៨ឧសភា ប៉ុន្មានម៉ោងមុនការប្រារព្ធទិវាជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ដោយលោកសង្ឃឹមថាបទឈប់បាញ់គ្នានោះ អាចនឹងកំណត់ពីការចាប់ផ្ដើមនៃការបញ្ច្ច្ប់ជម្លោះ ដែលកើតមានអស់ពេលជាង៤ឆ្នាំមកហើយ ។
មុនផុតកំណត់បទឈប់បាញ់គ្នានេះ ប្រទេសទាំង២បានចោទប្រកាន់គ្នាទៅវិញទៅមកថា រំលោភបំពាន ពិសេសការវាយប្រហាររបស់រុស្ស៊ី ក្នុងតំបន់ដូណេតស្ក៍ និងឃ័រសុនបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និង១៨នាក់ រងរបួស កាលពីថ្ងៃទី១១ ឧសភា៕
ចែករំលែកព័តមាននេះ