ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ សម្រេច​ចោទប្រកាន់​លោកស្នងការ​រង ខេត្តកំពង់ស្ពឺ ពី​បទ​ទ្វេ​ពន្ធភាព

3 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា…

ខេត្តកំពង់ស្ពឺ ៖ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា ហើយ បន្ទាប់​ពី​បាន​បញ្ចប់​នីតិវិធី នៃ​ការ​ស៊ើបសួរ ពេញ​មួយ​ថ្ងៃ ។

លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង អម​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​ជា​អ្នកនាំពាក្យ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ នេះ​ថា ព្រះរាជអាជ្ញា បាន​បញ្ចប់​នីតិវិធី​ស៊ើបសួរ​លើ​ឈ្មោះ ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា ដោយ​ក្នុង​នោះ បាន​ធ្វើការ​ចោទប្រកាន់​ពី​បទ ទ្វេ​ពន្ធភាព ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ថ្នល់ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ តាម​មាត្រា​០៤ និង​មាត្រា​០៩ នៃ​ច្បាប់​ឯក​ពន្ធភាព ។

យោង​តាម​ច្បាប់​ស្តី​ពី​ឯក​ពន្ធភាព ៖
-​មាត្រា​៤ ៖ ទ្វេ​ពន្ធភាព​ជា​ចំណងអាពាហ៍ពិពាហ៍​ដែល​បុរស​មាន​ប្រពន្ធ​ពីរ ឯ​ស្ត្រី​មាន​ប្តី​ពីរ​។ ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​បទ​ទ្វេ​ពន្ធភាព បុរស ឬ​ស្ត្រី​ណា ដែល​មាន​ចំណងអាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ​នៅឡើយ ហើយ​ទៅ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ថ្មី​មួយទៀត​។ អ្នកសមគំនិត​ត្រូវ​មានទោស​ដូច​គ្នា ។
-​មាត្រា​០៩ ៖ ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​៤ នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ដល់​១​ឆ្នាំ និង​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ២០០,០០០​រៀល ដល់​១,០០០,០០០​រៀល ឬ​ផ្ដន្ទាទោស​ណាមួយ នៃ​ទោស​ទាំង​ពីរ ។

លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែម​ថា ពេល​នេះ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​ស៊ើបសួរ​លើ​សំណុំរឿង​របស់​ឈ្មោះ ឃុ​ត វ​ឌ្ឍ​នា ហៅ ង៉ា​ម រី ។

បើ​យោង​តាម​មន្ត្រី​ព​ន្ឋ​នាគារ​ខេត្ត បាន​ប្រាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤​នេះ នៅ​មិន​ទាន់​ដីកាឃុំខ្លួន​នៅឡើយ​ទេ ។

សូម​រំលឹក​ផង​ដែរ​ថា លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា មាន​តួនាទី​ជា​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ទទួល​ផែន​អន្តរាគមន៍​។ លោក​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ តាម​បណ្តឹង​របស់​ភរិយា​ដើម​របស់​លោក ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ត្រូវ​ភរិយា​ដើម​ប្តឹង បន្ទាប់​ពី​លោក​បាន​ក្លែង​ឯកសារ ហើយ​រៀប​ការ​ជាមួយ​នារី​ម្នាក់​ទៀត ដែល​ជា​អាជីវករ​លក់​បាយ​នៅ​ក្នុង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដោយ​មិន​ទាន់​បាន​លែងលះ​ដាច់ស្រេច​។ នៅ​ក្នុង​ឯកសារ​ក្លែង​លោក ង៉ា​ម រី បាន​ប្តូរ​ឈ្មោះ​ពី ង៉ា​ម រី ទៅ​ជា ឃុ​ត វ​ឌ្ឍ​នា និង​បាន​បញ្ជាក់​ភាព​ពោះម៉ាយ ដោយ​លោក ហែ​ន កន ចៅសង្កាត់​បឹង​សាឡា​ង រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា ត្រូវ​បាន​ឯកភាព​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ម្នាក់ ដែល​ជា​ភរិយា​ក្រោយ ដោយ​លោក​ចៅសង្កាត់​កណ្តោលដុំ កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤ ហើយ​ពិធី នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​ខាង​ស្រី ក្នុងភូមិ​ស្រែ​ថ្នល់ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ពិធី​មង្គល​នេះ​ដែរ ត្រូវ​បាន​អាក់​ខានទៅ​វិញ ក្រោយ​រោងការ​គ្មាន​កូនកំលោះ គ្រា​ដែល​ភ្ញៀវ​យ៉ាងច្រើន ត្រូវ​បាន​គោរព​អញ្ជើញ មក​ចូលរួម​រួចរាល់ លើកលែងតែ​មន្ត្រី​នគរបាល នៅ​ក្នុង​អង្គភាព រួម​ទាំង​លោកស្នងការ​ផង​ដែរ ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នោះ​ទេ​។ រោងការ ដែល​សង់​ឡើង​យ៉ាង​ត្រដែត នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កណ្តោលដុំ ត្រូវ​បាន​រុះរើ​យ៉ាង​តក់ក្រហល់​ទៅ​វិញ ក្រោយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​នាំ​ខ្លួន​កូនកំលោះ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​សាកសួរ​ពាក់​ព​ន្ធ័ នឹង​បណ្តឹង​របស់​ភរិយា​ដើម ។

ជុំវិញ​ករណី​នេះ មហាជន​នៅ​តែ​រង់ចាំ​មើល​ថា តើ​ដំណើរការ​នីតិវិធី​របស់​តុលាការ និង​ការ​អនុវត្តន៍​អភិក្រម​របស់​ក្រសួងមហាផ្ទៃ ថា​តើ​ចាត់ការ​យ៉ាងណា ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី​ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា រូប​នេះ ៕
អត្ថបទ​ពា​ក៉​ព័ន្ធ ៖
«លោកផ្កាយ​១ ស្នងការ​រង​ខេត្តកំពង់ស្ពឺ ត្រូវបញ្ជូនទៅតុលាការហើយ ក្រោយ​ប្រពន្ធដើម ប្ដឹ.ង​រឿង​ក្លែង​លិខិត​លួ.ច​ការ​ប្រពន្ធ​ថ្មី»

ផ្ទុះ​រឿង​លោកស្នងការ​រង​ខេត្តកំពង់ស្ពឺ​ម្នាក់ ប្ដូរ​ឈ្មោះ​លួច​រៀប​ការ​ប្រពន្ធ​ថ្មី ស្រប​ពេល​ប្រពន្ធដើម​នៅ​មាន​សិទ្ធិ

ឃាត់ខ្លួន​លោក​ផ្កាយ​១ ស្នងការ​រង​ខេត្តកំពង់ស្ពឺ ក្រោយ​ប្រពន្ធដើម ប្ដឹង​រឿង​ក្លែង​លិខិត​លួច​ការ​ប្រពន្ធ​ថ្មី?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ