ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីរំ​លោ​.​ភ​បូក​២០​នាក់ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​តុលាការ​ខេត្តសៀមរាប ពិចារណា​ឡើង​វិញ ក្រោយ​ឃុំខ្លួន​ឪពុក​ក្មេង​ស្រី​រង​គ្រោះ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ករណី​រំ​លោ​.​ភ​បូក​នៅ​ខេត្តសៀមរាប ភ្លាម ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ករណី​រំ​លោ​.​ភ​បូក​នៅ​ខេត្តសៀមរាប ភ្លាម ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ក្រសួង ចុះ​ធ្វើការ​ស្រាវជ្រាវ​កិច្ចការ​នេះ​ជា​បន្ទាន់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ និង​ស្នើ​សុំ​ឲ្យ​តុលាការ​ពិនិត្យ​លទ្ធភាព​ផ្លូវច្បាប់ ដើម្បី​ដោះ​លែង​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ ផង​ដែរ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។

ឯកឧត្តម កើត រិ​ទ្ធ ជម្រាប​មក ឯកឧត្ដម ហុ​ក វ៉​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ស្តី​ពី​ករណី នៃ​ការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ សុ​វន្ត​(​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​) ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៨ ចុះ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៤ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ។

ឯកឧត្តម កើត រិ​ទ្ធ ជម្រាប​ជូន​ថា ក្រសួងយុត្តិធម៌ បាន​ទទួល​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ដែល​មានការ​ចែករំលែក​ត​គ្នា ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដែល​ថា ៖ “​ក្មេង​ស្រី​អាយុ ១៥​ឆ្នាំ ត្រូវ​រំលោភ​បូក​រហូត​ដល់​ទៅ ២០​នាក់ យ៉ាង​ព្រៃផ្សៃ ពេល​សមត្ថកិច្ច​ចាប់​បាន​ជនល្មើស ពុក​បង្កើត​ខឹង​ពេក ក៏​វាយ​ទៅ​អ្នក​បង្ក ពេល​នេះ ពុក​ត្រូវ​ជាប់គុក រីឯ​ជនល្មើស ១៤ នាក់​នៅ​ក្រៅ​ឃុំ​” ។

ឯកឧត្តម កើត រិ​ទ្ធ បន្ត​ថា ក្រសួងយុត្តិធម៌ បាន​ចាត់​ឱ្យ​ស្រាវជ្រាវ​ករណី​នេះ និង​បាន​ពិនិត្យ​ឃើញ​ថា ករណី​អំពើ​ហិ​.​ង្សា ដែល​ប្រព្រឹត្ត​ដោយ​ឈ្មោះ ពេជ្រ សុ​វ័​ន្ត (​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​) គឺ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៨ ចុះ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៤ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។ យោង​តាម​អង្គហេតុ​, ក្នុងអំឡុងពេល ដែល​កងរាជអាវុធហត្ថ កំពុង​កសាង​សំណុំរឿង​លើ​ករណី​រំលោភ​បំពាន​ខាង​ផ្លូវភេទ ជា​ក្រុម​នេះ​, ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ សុ​វ័​ន្ត ដែល​ត្រូវជា​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ ដោយ​ទប់​កំហឹង​ពុំ​បាន ចំពោះ​ករណី នៃ​ការ​រំលោភ​បំពាន
ខាង​ផ្លូវភេទ​ជា​ក្រុម ទៅ​លើ​កូនស្រី​របស់​ខ្លួន ក៏​បាន​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​ជនសង្ស័យ ដោយ​បាន​ធាក់​ឈ្មោះ ឡុ​ង សេង​ឡាយ ដែល​ជា​ជនសង្ស័យ​មួយ​រូប ចំ​កណ្តាល​មុខ បណ្តាល​ឱ្យ​បែក​មុខ​ហូរ​ឈាម​។ តាម​បណ្ដឹង​របស់​ម្ដាយ​របស់​ឈ្មោះ ឡុ​ង សេង​ឡាយ​, ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​ឃាត់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ហិង្សា ដោយ​ចេតនា ហើយ​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តសៀមរាប ។

ឯកឧត្តម កើត រិ​ទ្ធ បាន​បញ្ជាក់​ដែរ​ថា ក្រសួងយុត្តិធម៌ ពិនិត្យ​ឃើញ​ថា ៖

១-​យោង​តាម​មាត្រា ២០៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​, ជា​គោលការណ៍ ជន​ត្រូវ​ចោទ​ត្រូវ​មាន​សេរីភាព​។ ក្នុង​ករណី​ពិសេស​, ជន​ត្រូវ​ចោទ​អាច​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ក្នុង​លក្ខខណ្ឌ ដែល​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ពិសេស មាត្រា​២០៥ ។

២-​អំពើ​ហិង្សា គឺជា​អំពើ​ខុស​ទៅ​នឹង​ច្បាប់ព្រហ្មទណ្ឌ ទោះបីជា​អំពើ​នេះ កើតឡើង​ដោយសារ​កំហឹង នៃ​ការ​ប្រព្រឹត្ត​បទល្មើស​របស់​ជនល្មើស​ទៅ​ជន​រង​គ្រោះ​ក៏​ដោយ​។ ដូចនេះ ចំណាត់ការ នៃ​ការ​ចោទប្រកាន់​ករណី​នេះ នៅ​ពេល​មាន​បណ្ដឹង​ពី​ភាគី​ជន​រង​គ្រោះ ដោយសារ​អំពើ​ហិ​.​ង្សា គឺជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ។

៣-​ប៉ុន្តែ ការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន គឺ​ត្រូវធ្វើ​ឡើង​តែ​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ និង​ត្រូវ​អនុលោម​តាម​គោលការណ៍ ដែល​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដូច​បាន​រៀបរាប់​ខាងលើ​។ ក្រសួង​ពិនិត្យ​ឃើញ​ថា ការ​ឃុំខ្លួន​ឪពុក​របស់​ជន​រង​គ្រោះជា​បណ្តោះអាសន្ន ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​ជន ដែល​បាន​ប្រព្រឹត្ត​អំពើ​បំពាន​លើ​កូនស្រី​របស់​ខ្លួន ថ្វី​ត្បិត​តែ​មាន​ភាព​ចាំបាច់​ក្នុង​ដំណាក់កាល​ដំបូង នៃ​នីតិវិធី ដើម្បី​បង្ការ​កុំឱ្យ​អំពើ​នេះ​កើត​មាន​ទៅ​លើ​ជនសង្ស័យ​ដទៃ​ទៀត ប៉ុន្តែ​បច្ចុប្បន្ន​, វិធានការ នៃ​ការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នេះ លែង​មាន​ភាព​ចាំបាច់ ហើយ​ប្រសិនបើ​មាន​ស្ថានភាព​ចាំបាច់​លើ​ទិដ្ឋភាព​នីតិវិធី​, តុលាការ​គប្បី​ពិចារណា បើ​វិធានការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ជា​វិធានការ​ជំនួស​ការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​វិញ ដោយ​អនុវត្ត​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន ។

អាស្រ័យ​ហេតុនេះ និង​ដើម្បី​ធានា​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​តាម​ច្បាប់ នៅ​ក្នុង​សំណុំរឿង​ខាងលើ និង​នៅ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​អំពី​ករណី​រំលោភ​បំពាន​ផ្លូវភេទ​ជា​ក្រុម​លើ​ជន​រង​គ្រោះ​ខាងលើ ក្រសួង​សូម​ស្នើ ឯកឧត្ដម ហុ​ក វ៉​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ពិចារណា​ឡើង​វិញ លើ​ទិដ្ឋភាព​ច្បាប់ និង​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវច្បាប់ ក្នុង​ការ​បញ្ចប់​វិធានការ នៃ​ការ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ចំពោះ​ករណី​ខាងលើ ស្រប​តាម​ច្បាប់ និង​នីតិវិធី​ច្បាប់​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ