ក្រុមហ៊ុនកូរ៉េ Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុ នៅព្រះរាជាណាចក្រកម្ពុជា
ទីក្រុងសេអ៊ូល ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…
ទីក្រុងសេអ៊ូល ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…
ទីក្រុងសេអ៊ូល ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអរគុណចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព នៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Hanshin E&C រយៈពេលប្រមាណ១០ឆ្នាំ នៅកម្ពុជា លើវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ ។
ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា តាមរយៈប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលប្រមាណ ១០ឆ្នាំមកនេះ ក្រុមហ៊ុនបានសិក្សាស្វែងយល់ច្រើនអំពីការធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុនកំពុងតែសិក្សាបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន Hanshin E&C ដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកទុនវិនិយោគ នៅកម្ពុជាលើវិស័យហិរញ្ញវត្ថុ ។
ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់សកម្មភាពវិនិយោគ និងធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត ។
ក្រុមហ៊ុន Hanshin E&C ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ ដែលធ្វើអាជីវកម្មក្នុងការសាងសង់លំនៅឋាន ស្ថាបត្យកម្ម ការងារសង្គម អគ្គិសនី និងអាជីវកម្មរោងចក្រ ដ៏ល្បីល្បាញក្នុងសាធារណរដ្ឋកូរ៉េ ។ Hanshin E&C បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖ ការសាងសង់ ផ្លូវហាយវេ ផ្លូវថ្នល់ ផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និងប្រព័ន្ធទឹក នៅពាក់កណ្តាលសតវត្សកន្លងមកនេះ។ ក្រុមហ៊ុន Hanshin E&C ក៏បានចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ មានដូចជា៖ ការកសាងកំណាត់ផ្លូវជាតិលេខ៥, ការលើកកម្ពស់គុណភាពផ្លូវជាតិលេខ២១ និងការលើកកម្ពស់ផ្លូវតំបន់ជនបទ ផងដែរ ៕
ចែករំលែកព័តមាននេះ