ខេត្តព្រៃវែង ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន ចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានថ្នាំញៀនចំនួន ២០កញ្ចប់ ។
ប្រតិបត្តិការបង្ក្រាបករណីជួយដូរថ្នាំញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមីនា នៅចំណុចភូមិប្រហួត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួន រួមមាន ៖
ទី១.ឈ្មោះ ធី ធាន ភេទប្រុសអាយុ១៩ ឆ្នាំ
ទី២.ឈ្មោះ សូ ពៅ ភេទប្រុសអាយុ ៤៣ ឆ្នាំ
និងទី៣.ឈ្មោះ សារ៉ាន់ ឌីន ភេទប្រុស អាយុ ២៧ ឆ្នាំ ។ អ្នកទាំង៣ មានទីលំនៅក្នុងភូមិឃុំខាងលើ ។
ចំណែកវត្ថុតាង ដែលដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌ស ចំនួន ២០ កញ្ចប់ ក្នុងនោះ ធំ ៣ កញ្ចប់ និងតូច ១៧កញ្ចប់ ទូរសព្ទដៃ៥គ្រឿង ម៉ូតូ២គ្រឿង និងឧបករណ៍សម្រាប់ជក់ថ្នាំមួយសម្រាប់។
លោកវរសេនីយ៍ទោ ផាត់ សុជោត បានបញ្ជាក់ថា ការបង្ក្រាបករណីថ្នាំញៀននេះ កម្លាំងរបស់លោកបានប្រើប្រាស់វិធានការបញ្ឆោតឲ្យជនសង្ស័យជឿជាក់ថា មានអតិថិជនមករកទិញថ្នាំ។ នៅពេលជនសង្ស័យបញ្ចេញថ្នាំយកមកលក់ កម្លាំងរបស់លោកក៏ចូលក្រសោបចាប់បានជាបន្តបន្ទាប់តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាម ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមន្ត្រីជំនាញកំពុងកសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ