អ្នកទោស មានឱកាសរៀនតាមអ៊ីនធើរណិត
- ភ្នំពេញ
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា អ្នកទោស នៅតែមានឱកាសទទួលបានការអប់រំ ដោយនៅក្នុងចំណោមអ្នកទោស៤០នាក់ ដែលបានចុះឈ្មោះចូលរៀន មាន ៣៤នាក់ អាចបញ្ចប់ការសិក្សាកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធើរណិត បានដោយជោគជ័យ។
ប្រភពដដែលបានឲ្យដឹងថា កម្មវិធីនេះ បានរៀបចំឡើងក្រោមការសម្របសម្រួល និងសហការដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ មន្ទីរអប់រំ រាជធានីភ្នំពេញ ជាមួយក្រសួងមហាផ្ទៃ អង្គការ UNESCO និងដៃគូរមួយចំនួនទៀត ដើម្បីផ្តល់ឱកាសដល់ជនជាប់ឃុំ អាចបន្តការសិក្សាកម្មវិធី សមមូលអប់រំកម្រិត មូលដ្ឋានតាមអ៊ីនធើរណិតហៅកាត់ថា ប៊ីប (BEEP) ក្នុងមណ្ឌលកែប្រែ ។
ប្រភពដដែលបានបន្តថា នៅក្នុងចំណោមអ្នកទោស៤០នាក់ ដោយក្នុងនោះអ្នកទោសចំនួន៣៤នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្រ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

អ្នកស្រី អេស្ល័ ម៉ាកតាឡាន ( Esther Mctarlane) ប្រធានផ្នែកអប់រំនៃអង្គការ យូណេស្កូ បានបញ្ជាក់ថា កម្មវិធី ប៊ីប គឺជាផ្នែកមួយនៃកម្មវិធីរួមគ្នា ដើម្បីផ្តល់ការងារ និងមុខរបរសមរម្យសម្រាប់យុវជននៅកម្ពុជា ។
លោកស្រី បានបន្តថា កម្មវិធីនេះ ដំណើការដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារ ស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំងការរួមចំណែកពីរដ្ឋាភិបាល និងប្រតិបត្តិករទូរគមនាគមន៍ Smart Axiata ។ កម្មវិធីនេះ ជាគំនិតផ្តួចផ្តើមសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ UNESCO ដើម្បីដោះស្រាយបញ្ហាអត្រាបោះបង់ ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិនៅកម្ពុជា។
ដោយឡែក លោក គួច គូលំអ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ បានបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធី ប៊ីប សិស្សទទួលបានវិញ្ញាបនបត្រសមមូល នឹងថ្នាក់ទី៩ អាចបន្តការសិក្សា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបាន ។
បច្ចុប្បន្ន កម្មវិធីនេះ កំពុងស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាព ដើម្បីសម្រេចបាននូវការផ្សព្វផ្សាយទូទាំងប្រទេស និងឈានដល់ក្រុមគោលដៅថ្មី រួមមានយុវជនធ្វើការឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) យុវជននៅក្នុងមណ្ឌលស្តារនីតិសម្បទា និងមណ្ឌលអប់រំកែប្រែ និងយុវជនចំណាកស្រុក៕
ដោយ ៖ ស ផាន់
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ