ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុងយ៉ាង​សម្រុក​ធ្វើ​តេស្ត​ និង​ផលិត​អាវុធ​ដើម្បី​ទុក​ចាត់​ការ​កូរ៉េ​ខាង​ត្បូង

3 អាទិត្យ មុន

ថ្ងៃ​នេះ​មាន​រឿង​ក្ដៅ​ៗ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​។ ក្រៅ​ពី​ប្អូន​ស្រី​លោក​គីម​ជុង​អ៊ុនចេញ​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​ខ្លះ​ដូច​ជា​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម​ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា​ព្យុង​យ៉ាង​បាន​ផ្ដល់​អាវុធ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​, នៅ​ល្ងាច​នេះ គេ​ឮ​ថា​ព្យុង​យ៉ាង​ទើប​តែ​បាញ់​សាកល្បង​​គ្រាប់​មីស៊ីល​បន្ថែម​ទៀត​។ ទី​ក្រុង​ព្យុង​យ៉ាង៖ កូរ៉េ​ខាងជើង​ទើប​តែ​បាញ់​សាក​ល្បង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​​ប៉ុន្មាន​គ្រាប់​នៅ​ថ្ងៃ​សុក្រ​ចេញ​ពី​តំបន់​មាត់​សមុ​ទ្រ​ខាង​កើត​។ ពោល​គឺ​១​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង និង​អាមេរិក​បើក​យន្ត​ហោះ​ចម្បាំង​ដ៏​មាន​ថាម​ពល​ខ្លាំង​ក្លា​របស់​ខ្លួន​ដើម្បី​ចូ​ល​រួម​នៅ​ក្នុង​សមុទ្រ​យោធា​រួម​គ្នា។ សមយុទ្ធ​នេះ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​​កូរ៉េ​ខាង​ជើង​ចាត់​ទុក​ថា​ជា​ការ​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រា​ម​។…

ថ្ងៃ​នេះ​មាន​រឿង​ក្ដៅ​ៗ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​។ ក្រៅ​ពី​ប្អូន​ស្រី​លោក​គីម​ជុង​អ៊ុនចេញ​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​ខ្លះ​ដូច​ជា​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម​ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា​ព្យុង​យ៉ាង​បាន​ផ្ដល់​អាវុធ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​, នៅ​ល្ងាច​នេះ គេ​ឮ​ថា​ព្យុង​យ៉ាង​ទើប​តែ​បាញ់​សាកល្បង​​គ្រាប់​មីស៊ីល​បន្ថែម​ទៀត​។


ទី​ក្រុង​ព្យុង​យ៉ាង៖ កូរ៉េ​ខាងជើង​ទើប​តែ​បាញ់​សាក​ល្បង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​​ប៉ុន្មាន​គ្រាប់​នៅ​ថ្ងៃ​សុក្រ​ចេញ​ពី​តំបន់​មាត់​សមុ​ទ្រ​ខាង​កើត​។ ពោល​គឺ​១​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង និង​អាមេរិក​បើក​យន្ត​ហោះ​ចម្បាំង​ដ៏​មាន​ថាម​ពល​ខ្លាំង​ក្លា​របស់​ខ្លួន​ដើម្បី​ចូ​ល​រួម​នៅ​ក្នុង​សមុទ្រ​យោធា​រួម​គ្នា។ សមយុទ្ធ​នេះ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​​កូរ៉េ​ខាង​ជើង​ចាត់​ទុក​ថា​ជា​ការ​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រា​ម​។ ដូច្នេះ​ ទី​ក្រុង​ព្យុង​យ៉ាង​ក៏​​ពន្លែង​មីស៊ីល​ប៉ុន្មាន​គ្រាប់​ទៅ​វិញ​ដើម្បីបញ្ចេញ​ប្រតិ​កម្ម​​​ និង​​​ដើម្បី​ឱ្យ​កុំ​ចាញ់​ប្រៀប​​គ្នា​​ខ្លាំង​ពេក​។

អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ឱ្យ​ដឹង​ថា​មីស៊ីល​ទាំង​នោះ​បាញ់​ចេញ​ពី​តំបន់​វុនសាន (Wonsan) ​ហោះ​បាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​ទៅ​ក្នុង​លំហ​​​សមុទ្រ​​ដែល​ស្ថិត​នៅ​ចន្លោះ​ឧបទ្វីប​កូរ៉េ​ និង​ប្រទេស​ជប៉ុន​។ អ្នក​នាំ​ពាក្យ​ជប៉ុន​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​គ្រាប់​មីស៊ីល​ទាំង​នោះ​ធ្លាក់​នៅ​ខាង​ក្រៅ​តំបន់​សេដ្ឋ​កិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន​។ ដូច្នេះ គ្មាន​បញ្ហា​អ្វី​ទេ​។​

ប៉ុន្តែ​​សម្រាប់​កូរ៉េ​ខាង​ត្បូង​នេះ​ជា​បញ្ហា​។ កូរ៉េ​ខាង​ត្បូង​​ចាត់​ទុក​ថានេះ​ជា​ការ​បង្ក​ហេតុ​ និង​​ជា​ការ​គំរាម​កំហែង​ចំពោះ​សន្តិ​ភាព​នៅ​ឧប​ទ្វីប​កូរ៉េ​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​​​បញ្ជាក់​ថា​ខ្លួន​នឹង​បន្ត​រៀប​ជើង​ព្រួល​​ជា​និច្ច​ដើម្បី​ទប់​ទល់​នឹង​ចរិត​ឈ្លាន​ពាន​របស់​កូរ៉េ​ខាង​ជើង​។ ខ្លួន​នឹង​សហ​ការ​ជា​មួយ​កង​ទ័ព​អាមេរិក​ដើម្បី​ធ្វើ​កិច្ច​ការ​នេះ​។

គួរ​​កត់​សម្គាល់​ថា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កូរ៉េ​ខាង​ជើង​​សម្រុក​​ធ្វើ​តេស្ត​​មីស៊ីល​, កាំ​ភ្លើង​ធំ និង​អាវុធ​ដទៃ​ទៀត​យ៉ាង​ខ្លាំង​ក្លា។ ប្រទេស​នេះ​ក៏​​ខិត​ខំ​​ធ្វើ​ទំនើប​កម្ម​ឃ្លាំង​អាវុធ​របស់​ខ្លួន​ផង​ដែរនៅ​ពេល​​​ទំនាក់​ទំនង​ការ​ទូត​​ជា​មួយ​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​​ជាប់​គាំង​​​។ កាល​ពី​សប្ដាហ៍​មុន​ ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​បាន​ចុះ​ពិនិត្យ​មើល​ការ​បាញ់​សាក​ល្បង​គ្រាប់​កាជ្រួច​ហ្វូង​ស៊េរី​ថ្មី​។

កូរ៉េ​ខាង​ជើង​បក​ស្រាយ​ថា​​ការ​ដែល​​ខ្លួន​ពង្រឹង​សមត្ថ​ភាព​គ្រាប់​មីស៊ីល​ និង​នុយក្លេអ៊ែរ​​​​នោះ​គឺ​ធ្វើ​ឡើង​​ទាំង​​បង្ខំ​ចិត្ត​​។ ខ្លួន​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ដោយ​ជៀស​មិន​រួច​​ដើម្បី​ទប់​ទល់​នឹង​អាមេរិក​ដែល​ចេះ​តែ​​បង្ក​អរិ​ភាព​នឹង​គ្នា​​​។ ជាក់​ស្ដែង​​កូរ៉េ​ខាង​ត្បូង​ និង​អាមេរិក​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​បំពាក់​សុទ្ធ​តែ​អាវុធ​ស៊េរី​ទំនើប​​របៀប​ដូច​ជា​ការ​ត្រៀម​ខ្លួន​វាយ​លុក​ចូល​កូរ៉េ​ខាង​ជើង​។

ទោះ​ជា​បែប​នេះ​ក្ដី ​ក្រុម​​​អ្នក​ជំនាញ​ការ​ខាង​អាវុធ​​​​យល់​ឃើញ​​ថា​របប​ក្រុង​ព្យុង​យ៉ាង​​យក​បញ្ហា​ធ្វើ​សមយុទ្ធ​យោធា​នេះធ្វើ​​ជា​លេស​តែ​ប៉ុណ្ណោះ​។ ធាតុ​ពិត​កូរ៉េ​ខាង​ជើង​មាន​ផែន​ការ​រួច​ហើយ​ដើម្បី​ពង្រីក​ឃ្លាំង​អាវុធ​របស់​ខ្លួន​ឱ្យ​កាន់​តែ​ធំ​ដើម្បី​ងាយ​ស្រួល​ទៅ​អនាគត​បើ​មាន​ការ​ចរ​ចា​គ្នា​ជា​មួយ​អាមេរិក ខ្លួន​អាច​នឹង​មាន​ទឹក​មាត់​ប្រៃ​នៅ​ក្នុង​ការ​ត​ថ្លៃ​គ្នា​ផ្នែក​នយោបាយ​។​

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត​ តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ប្អូន​ស្រី​​​លោក​គីម​ជុង​អ៊ុន​ដែល​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​នៅ​កូរ៉េ​ខាង​ជើង​នោះ​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​​​កូរ៉េ​ខាង​ជើង​​​បញ្ជូន​អាវុធ​ទៅ​ឱ្យ​​រុស្ស៊ី​​​។ លោក​ស្រី​ថ្លែង​​ថា​​នេះ​​ជា​ការ​ចោទ​ប្រកាន់​​ឥត​​សម​ហេតុ​ផល​។ ​លោក​ស្រី​​សូម​បញ្ជាក់​ឱ្យ​បាន​ភ្លឺ​ភ្នែក​ទាំង​អស់​គ្នា​ថា​កូរ៉េ​ខាង​ជើង​មិន​​​នាំអាវុធ​​ទៅណា​ទេ​។ កូរ៉េ​ខាង​ជើង​កំពុង​​ពន្លឿន​ការ​​ធ្វើ​តេស្ត និង​ផលិត​​អាវុធ​មែន​​។ ប៉ុន្តែ​គោល​ដៅ​ធំ​ទុក​​​សម្រាប់​​​​ចាត់​ការ​កូរ៉េ​ខាង​ត្បូង​​តែប៉ុណ្ណោះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ