ចុះចាប់ក្មេងប្រុស-ស្រីដែលគេចសាលា និងឪពុកម្តាយមកពពាក់ពពូនជួលសណ្ឋាគារដេក
- សៀមរាប
ខេត្តសៀមរាប ៖ ក្រុមក្មេងទំនើងប្រុស-ស្រីចំនួន១៥នាក់ ត្រូវសមត្ថកិច្ចចុះឃាត់ដល់បន្ទប់ សណ្ឋាគារមួយកន្លែង មានយីហោ«សេវេនហាភីនីស»ចំនួន២បន្ទប់ មានបន្ទប់លេខ៣០៣ និង៣០៥ ដែលពួកគេនាំគ្នាមកជួលស្នាក់នៅយ៉ាងពពាក់ពពូនរយៈពេលកន្លះខែ ហើយត្រូវបានឪពុកម្តាយតាមទាន់ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនយកមកធ្វើការអប់រំ ព្រមទាំងឱ្យឪពុកម្តាយមកធ្វើការធានា ដើម្បីត្រឡប់ទៅផ្ទះវិញ ។

ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលផងដែរនៅវេលាម៉ោង៧ និង៣០នាទីថ្ងៃទី១៤ ខែ
មិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសណ្ឋាគារវេនហាភីនីស ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ បើតាមប្អូនប្រុសម្នាក់ឈ្មោះអាយុ២១ ជានិស្សិត និងជាបុគ្គលិក តំណាងអ្នកគ្រប់គ្រងសណ្ឋាគារខាងលើ បានរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាពថា ក្រុមក្មេងប្រុស-ស្រីចំនួន១៥នាក់ ដែលចូលមកជួលស្នាក់នៅបន្ទប់៣០៣ និង៣០៥ ក្នុងសណ្ឋាគារនេះ មុនដំបូង មកជួល២បន្ទប់ទេមានប្រុស២នាក់ប៉ុណ្ណោះ មានទាំងចង្ក្រាន និងចាន ។ល។

ដល់ឃើញនាំគ្នាមកមានស្រីមានប្រុសមកកាន់តែច្រើនឡើងៗ ខ្ញុំក៏បានប្រាប់ពួកគាត់ទាំង២បន្ទប់នោះថា «ខ្ញុំជួលឱ្យស្នាក់នៅ ក្នុងមួយបន្ទប់ មនុស្ស២នាក់ ទៅ៣នាក់ប៉ុណ្ណោះ បើលើសខ្ញុំមិនជួលឱ្យទេ» ។

ហើយពួកគាត់ មកទើបបានតែកន្លះខែ លុះមកដល់ថ្ងៃនេះ ក៏ត្រូវសមត្ថកិច្ចចុះមកចាប់យកទៅអធិការដ្ឋាននគរបាលក្រុងសៀមរាបតែម្តង ។ ក្នុងសណ្ឋាគារសេវេនហាភីនីសនេះ គឺសេវាក្នុង១ខែតម្លៃក្នុងមួយបន្ទប់ចាប់ពី៦០ ដល់១០០ដុល្លារ ។

ប្អូនប្រុសរៀបរាប់បន្តថា រូបខ្ញុំជាបុគ្គលិកសណ្ឋាគារនេះទេដោយសារម្ចាស់ និងអ្នកគ្រប់គ្រងមានផ្ទះរបស់គាត់នៅក្រុងភ្នំពេញឯណោះ ។ បើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីក្មេងប្រុសស្រីចំនួន១៥នាក់នេះ ខ្លះជាសិស្ស ថ្នាក់ទី៨ រៀននៅវិទ្យាល័យអង្គរ និងខ្លះទៀតជាសិស្ស ប៉ុន្តែឈប់រៀន ដែលត្រូវឪពុកម្តាយតាមទាន់ដែលកំពុងពពាក់ពពូនគ្នានៅក្នុងបន្ទប់សណ្ឋាគារ ។

ប្រភពបានបញ្ជាក់ទៀតថា បន្ទាប់ពីចាប់ឃាត់ខ្លួនក្មេងប្រុសស្រីនោះរួចមក ក៏បាននាំយកទៅកាន់អធិការនគរបាលក្រុងសៀមរាប ដើម្បីសួរនាំរួចឱ្យឪពុកម្តាយមកធានា ឬធ្វើកិច្ចសន្យាឱ្យ
ត្រឡប់ទៅផ្ទះវិញ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
















<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ