ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៧ ​ពង្រីក​ជា​៤​គន្លង ​ត្រៀម​សម្ពោធ​ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់​ៗខាង​មុខ​នេះ

14 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ កំណត់​ផ្លូវជាតិ​លេខ​៧ ពី​ចំណុច​ស្គន់​មក​ដល់​ក្រុង​កំពង់ចាម​ប្រវែង​សរុប​ជាង​៤៥​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ស្រុក​ចំនួន​៣​ក្នុង​នោះ​មាន​ជើងព្រៃ ព្រៃឈរ កំពង់សៀម​ ​ដែល​ត្រូវ​បាន​ពង្រីក​ជា​បួន​គន្លង​មាន​លក្ខណៈ​ធំ​ទូលាយ​ដើម្បី​បញ្ជៀ​ស​នៅ​គ្រោះថ្នាក់​ចរាចរណ៍​បាន​មួយ​កម្រិត​ធំ​ដែល​ត្រៀម​និង​សម្ពោធ​ហើយ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។

លោក​ធី​ម វេ អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម​បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៥​កក្កដា ឆ្នាំ​២០២៦​ថា​:
ផ្លូវ​នេះ​កាលពីមុន​មាន​លក្ខណៈ​រាង​ចង្អៀត​ហើយ​នៅ​តាម​ដងផ្លូវ​គេ​សង្កេត​ឃើញ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​របួស​ឬ​ពិការ​ភាព​។​ដោយ​មើលឃើញ​បែប​នេះ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឯកភាព​ក្នុង​ការ​ជួសជុល​ពង្រីក​ទៅ​ជា​បួន​កន្លង​ដែន​មក​ដល់​ពេល​នេះ​ត្រូវ​បាន​ស្ថាបនា​រួចរាល់​មុន​ផែនការ​កំណត់​។

លោក​អនុប្រធាន​មន្ទីរ​សាធារណការ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​ដែល​ត្រូវ​បាន​ពង្រីក​ធំ​នេះ​មាន​លក្ខណៈ​ស្រស់​ស្អាត​ដោយនៅ​កណ្ដាល​ទ្រូងផ្លូវ​មាន​សួនច្បារ​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សូ​ឡា​ត្រូវ​ដាក់​ពង្រាយ​ចាប់ពី​រង្វង់​មូល​ស្គន់​មក​ដល់​ត្រង់​ចំណុច​នាគព័ន្ធ ក្រុង​កំពង់ចាម សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រី​ងាយស្រួល​ដល់​អ្នក​បើក​យានយន្ត​គ្រប់​ប្រភេទ​តូច​ធំ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ៥​កក្កដា ឆ្នាំ​២០២៦ ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្រសួង​សាធារណការ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​តាម​ដងផ្លូវ​ព្រមទាំង​កន្លែង​ដែល​ត្រូវ​រៀបចំ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់​នេះ​។

ជាមួយ​នោះ​ក្រសួង​សាធារណការ​ក៏​បាន​រៀបចំ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ពីរ​កន្លែង​ក្នុង​នោះ​មាននៅ​ស្រុក​ព្រៃឈរ​និង​ស្រុក​កំពង់សៀម ដើម្បី​ថ្លឹង​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់ ចាប់តាំងពី​ពេល​ដែល​ដាក់​ជញ្ជីង​មក​ឃើញ​ថា​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​មិន​មាន​ដឹក​លើស​ទម្ងន់​ទៀត​នោះ​ឡើយ​។ ដើម្បី​ធានា​បាន​ផ្លូវ​ប្រើប្រាស់​យូរអង្វែង​ក្នុង​នាម​ស្ថាប័ន​ជំនាញ​សូម​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​យានយន្ត​ប្រភេទ​ធំ​ៗ​ក្នុង​នោះ​មាន​ប្រភេទ​ភ្លៅ ២.៣ ៤ ៥​និង​៦ ធ្វើ​យ៉ាងណា​យក​យានយន្ត​មក​ឆៀក​លក្ខណៈ​បច្ចេកទេស​ដើម្បី​ធានា​បាន​ពេល​ដែល​បើកបរ​តាម​ដងផ្លូវ​ធានា​បាន​សុវត្ថិភាព​ខ្លួនឯង​និង​អ្នក​ដទៃ ព្រមទាំង​គោរព​ច្បាប់​ធ្វើ​យ៉ាងណា​កុំឱ្យ​ដឹក​លើស​ទម្ងន់​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>