ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​ព្រ.មា.ន​អំពី​ការ​រីក​ដុះ​ដាល​នៃ​លទ្ធិ​កុម្មុយ​និស្ត​នៅ​​អាមេរិក​​ដែល​លោក​ប្រៀប​បាន​ទៅ​នឹង​ជំងឺ​​មហា​រីក​ត្រូវ​កម្ចាត់​ចោល

13 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​កាល​​ពី​យប់​មិញ​ លោក​ដូណាល់​ត្រាំ​បាន​ចូល​រួម​ពិធី​រំលឹក​ខួប​២៥០​ឆ្នាំ​នៃ​​ទិវា​ឯក​រាជ្យ​ជាតិ​៤ កក្កដា​ ១៧៧៦​ ដល់​៤ កក្កដា ២០២៦​​ដោយ​លោក​បាន​ប្រើ​ប្រាស់​វោហារ​សាស្ត្រ​ដូច​កាល​ពី​ជំនាន់​ឃោសនា​បោះ​ឆ្នោត​ប្រ​ធា​នា​ធិបតី​ដូច្នោះ​ដែរ​។ លោក​​​ព្រមាន​ធ្ងន់​ៗ​ថា​ពួក​កុម្មុយ​និស្ត​អាច​ដណ្ដើម​ទី​តាំង​ឈរ​ជើង​នៅ​លើ​ទឹក​ដី​អាមេរិក​។ បន្ទាប់​ពី​ពន្យារ​ពេល​២​ម៉ោង​ដោយ​សារ​មាន​ខ្យល់​កន្ត្រាក់​ លោក​ត្រាំ​បង្ហាញ​ខ្លួន​នៅ​លើ​វេទិកា​ដែល​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​ដើម្បី​ថ្លែង​សុន្ទរ​កថា​។ លោក​ច្របល់​ចូល​គ្នា​រវាង​ការ​បញ្ជ្រាប​គំនិត​ស្នេហា​ជាតិ​មាតុភូមិ ជា​មួយ​នឹង​ការ​វាយ​ប្រហារ​អ្វី​ដែល​លោក​ចាត់​ទុក​ជា​ការ​គំរាម​កំ​ហែង​ផ្នែក​មនោ​គមន៍​វិជ្ជា​នៅ​ក្នុង​ប្រទេស​​អាមេរិក​ផង​ និ​ងនៅ​បរទេស​ផង​។​

លោក​បាន​ថ្លែង​កោត​សរ​សើរ​​​សមិទ្ធ​ផល​ដែល​អាមេរិក​សម្រេច​បាន​​ដូច​ជា៖ ​ការ​ទទួល​ជ័យ​ជម្នះនៅ​ក្នុង​សង្គ្រាម​, ការ​បញ្ជូន​អ្នក​អវ​កាស​ទៅ​ចុះ​ចត​នៅ​​ឋាន​ព្រះ​ចន្ទ, ការ​ហោះ​ហើរ​ជា​លើក​ដំបូង​របស់​បង​ប្អូន​ត្រកូល​រ៉ាយ (Wright brothers) និង​ប្រព័ន្ធ​រដ្ឋ​បាល​សា​ធារ​ណៈ​នៅ​អាមេរិក​។ ​ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​ជំរុញ​ឱ្យ​សភា​ខង់​ហ្ក្រែស​ប្រញាប់​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដែល​នៅ​ជាប់​គាំង និង​ទើរ​ត្រឹម​រដ្ឋ​សភា​ និងព្រឹទ្ធ​ស​ភា​។ សេចក្ដី​ព្រាង​ច្បាប់​នោះ​​​អំពាវ​នាវ​ឱ្យ​ដាក់​កំហិត​លើ​ការ​បោះ​ឆ្នោត​ផ្ញើ​តាម​ប្រៃ​សណីយ៍ និង​តម្រូវ​ឱ្យ​ប្រជា​ជន​បង្ហាញ​ថា​ពួក​គេ​មាន​សញ្ជាតិ​អាមេរិក​ពេញ​លេញ​មុន​នឹង​អនុញ្ញាត​ឱ្យ​ចុះឈ្មោះ​បោះ​ឆ្នោត​។

លោ​កត្រាំ​ថ្លែង​ថា​លោក​បាន​បោស​សម្អាត​កម្លាំង​យោធា​របស់​អ៊ីរ៉ង់។ លោក​សូម​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រីក​ដុះ​ដាលនៃ​លទ្ធិ​កុម្មុយ​និស្ត​នៅ​អាមេរិក​​។ លោក​ថា​យើង​ត្រូវ​តែ​បញ្ឈប់​ការ​គំរាម​កំហែង​នេះ​ជា​បន្ទាន់​ដើម្បី​កុំ​ឱ្យ​លទ្ធិ​នេះ​ចាប់​បដិ​សន្ធិ​បាន​។ លោក​​បាន​ប្រៀប​ប្រដូច​​លទ្ធិ​កុម្មុយ​និស្ត​ទៅ​នឹង​​កោសិកា​មហា​រីក​​ដែល​ចេះ​តែ​រីក​រាល​ដាល​ជា​លំដាប់​ប្រសិនបើ​យើង​មិន​ខិត​ខំ​កាត់​ផ្ដាច់​ឫស​គល់​របស់​វា​ឱ្យ​បាន​ទាន់​ពេល​វេលា​។ ប្រធានា​ធិបតី​​មក​ពី​គណ​បក្ស​សា​ធាណ​រដ្ឋ​និយម​រូប​នេះ​​​​ធ្លាប់​ចាត់​ទុក​បេក្ខ​ជន​ប្រធានា​ធិបតី​មក​ពី​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ជា​ពួក​កុម្មុយ​និស្ត។ ប៉ុន្តែ​នៅ​ក្នុង​​ការ​ថ្លែង​សុន្ទរ​កថា​កាល​ពី​យប់​មិញ​ លោក​មិន​បាន​រំលេច​ត្រង់​ចំណុច​នេះ​ទេ​។

មេដឹកនាំ​អាមេរិក​ជំនាន់​មុន​ៗ​ពុំ​ដែល​បង្ហាញ​ខ្លួន​ផ្ទាល់​នៅ​ក្នុង​ពិធី​បុណ្យ​​ឯក​រាជ្យ​ជាតិ​ថ្ងៃ​ទី​៤ ខែ​កក្កដា​​ឡើយ​។ ប៉ុន្តែ​លោក​ត្រាំ​ហាក់​ដូច​ជា​ចង់​ច្របល់​ចូល​គ្នា​រវាង​ការ​ថ្លែង​សុន្ទរ​កថា​នយោបាយ​ជា​ផ្លូវ​ការ និង​ការ​ឆ្លៀត​បញ្ចេញ​ទស្សនៈ​នយោបាយ​ស្រដៀង​នឹង​ការ​ឃោសនា​បោះ​ឆ្នោត​។ លើក​លែង​តែ​ការ​ថ្លែង​របស់​លោក​​ត្រាំ​កាល​ពី​ឆ្នាំ​២០១៩​មួយ​ចេញ គ្មាន​ប្រធានា​ធិបតី​អាមេរិក​​ណា​ម្នាក់​ឡើង​​ថ្លែង​សុន្ទរ​កថា​នៅ​ដឹ​ម៉ល (the Mall) ទាល់​តែ​សោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥១​។ ភ្ញៀវ​ដែល​អញ្ជើញ​ចូល​រួម​ពិធីនោះ​​ត្រូវ​រង់​ចាំ​រាប់​ម៉ោង​ទម្រាំ​អាច​ចូល​ទៅ​បាន​។ ម៉្យាង​ពួក​គេ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​សន្តិ​សុខ​យ៉ាង​តឹង​រ៉ឹង និង​ម៉្យាង​ទៀត​ ពួក​គេ​​ត្រូវ​ស៊ូទ្រាំ​នឹង​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​ខ្លាំង​ដល់​៣៩​អង្សា។ ដោយ​សារ​ក្ដៅ​ខ្លាំង​ដល់​កម្រិត​នេះ​ គេ​ត្រូវ​​លុប​ចោល​ការ​ដើរ​ក្បួន​ព្យុហ​យាត្រា​ និង​ការ​រៀប​ចំ​កម្ម​វិធី​១​​​ចំនួន​ទៀត​៕ ប្រភព Reuters​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>