អន្តរជាតិ ៖ នៅក្នុងគ្រួសារអាស៊ីជាច្រើន ការដោះស្បែកជើងមុនពេលចូលផ្ទះ ត្រូវបានចាត់ទុកថាជាមរតកវប្បធម៌ និងសុជីវធម៌ដ៏ត្រឹមត្រូវ ដើម្បីជៀសវាងការធ្វើឱ្យប្រឡាក់ផ្ទះអ្នកដទៃ។ ប៉ុន្តែនៅក្នុងគ្រួសារលោកខាងលិច ការពាក់ស្បែកជើងចូលក្នុងផ្ទះ ក៏ក្លាយទៅជារឿងធម្មតាទៅវិញ។ នេះបើតាមប្រភពពីសារព័ត៌មាន China Press ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។
ភាពខុសគ្នានៃទម្លាប់រស់នៅដ៏សាមញ្ញនេះ ត្រូវបានយកទៅពិសោធន៍ក្នុងមន្ទីរពិសោធន៍កាលពីថ្មីៗនេះ ដោយសារព័ត៌មាន BBC ហើយលទ្ធផលបានបង្ហាញថា បាតស្បែកជើងអាចផ្ទុកទៅដោយបាក់តេរីបង្កជំងឺជាច្រើន។ ដូច្នេះហើយ អ្នកជំនាញខាងមីក្រូជីវសាស្ត្រ បានក្រើនរំលឹកគ្រប់ៗគ្នាឱ្យដោះស្បែកជើងចេញឱ្យបានឆាប់នៅពេលចូលផ្ទះ ទោះបីជាពួកគេរស់នៅទីណាក៏ដោយ។
កាលពីថ្មីៗនេះ ក្រុមងារការ BBC បានទៅទស្សនាមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រស្ថិតនៅសាកលវិទ្យាល័យ Brighton នៃចក្រភពអង់គ្លេស ដោយបានស្នើសុំឱ្យអ្នកជំនាញមីក្រូជីវសាស្ត្រម្នាក់ឈ្មោះ Peter ធ្វើតេស្តលើស្បែកជើងប៉ាតាមួយគូដែលបានពាក់រួច។ លោក Peter បានប្រើសំឡីដើម្បីផ្តិតយកគំរូពីផ្នែកខាងលើ និងបាតស្បែកជើង រួចយកគំរូទាំងនោះទៅដាក់នៅក្នុងថាសពិសោធន៍។
បន្ទាប់ពីរយៈពេល ២៤ ម៉ោង បាក់តេរីមួយចំនួនធំបានលូតលាស់នៅក្នុងថាសពិសោធន៍ ក្នុងនោះរួមមានទាំងបាក់តេរី Staphylococcus Aureus ផងដែរ។ បើតាមអ្នកជំនាញបាននិយាយថា បាក់តេរី Staphylococcus Aureus អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។ សូម្បីតែចំពោះមនុស្សដែលមានសុខភាពល្អក៏ដោយ ប្រសិនបើស្បែកមានការដាច់រហែក ហើយបាក់តេរីនេះចូលទៅក្នុងមុខរបួស វាអាចបណ្តាលឱ្យកើតបូស ឬឆ្លងរោគមានខ្ទុះ។ វាក៏អាចនាំឱ្យមានការឆ្លងមេរោគធ្ងន់ធ្ងរដូចជា រលាកសួត និងបណ្តាលឱ្យឆ្លងមេរោគក្នុងឈាម ចំពោះមនុស្សដែលមានប្រព័ន្ធស៊ាំចុះខ្សោយផងដែរ។
លោក Peter បានបញ្ជាក់ថា បាក់តេរីដែលរកឃើញនៅលើស្បែកជើង អាចរស់នៅក្នុងផ្ទះបានមួយរយៈពេល រហូតដល់ទៅជាច្រើនថ្ងៃ ជាពិសេស នៅក្នុងបរិស្ថានដែលមានអំណោយផល និងកក់ក្តៅ ដូចជា កម្រាលព្រំ ជាដើម ដែលជាកន្លែងបាក់តេរីងាយនឹងសម្ងំនៅជាទីបំផុត។ ជាមួយគ្នានោះ លោកក៏បានព្រមានថា បាក់តេរី ផ្សិត និងប៉ារ៉ាស៊ីតផ្សេងៗគ្នា អាចមានវត្តមាននៅជុំវិញខ្លួនយើង និងទូទាំងពិភពលោក ដូច្នេះលោកបានណែនាំឱ្យដោះស្បែកជើងចេញភ្លាមៗ នៅពេលអ្នកចូលក្នុងផ្ទះ មិនថាអ្នកស្ថិតនៅទីណាក៏ដោយ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ