ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថភាពយុវជនខ្មែរក្នុងយុគសម័យAI ! ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ បើកឆាកដើម្បីស្វែងរកជើងឯកតំណាងកម្ពុជា ទៅប្រកួតអន្តរជាតិនៅទីក្រុងហុងកុង

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គំនិត​ច្នៃប្រឌិត និង​សមត្ថភាព​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) របស់​យុវ​និស្សិត​កម្ពុជា ត្រូវ​បាន​បើក​បង្ហាញ​យ៉ាង​អស្ចារ្យ ក្នុង​ពិធី​បើក​ការ​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ (ABU Robocon Cambodia 2026) លើក​ទី​១៣ នា​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦ នេះ ។

ព្រឹត្តិការណ៍​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ចូលរួម​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ ABU Robocon 2026 នៅ​ទីក្រុង​ហុងកុង នា​ខែសីហា​ខាង​មុខ ដោយ​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​សាល​ដំបូលទូក​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​។


ក្នុង​នោះ​ដែរ លោក ឃឹម វុ​ទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ជា​អធិបតី​បើក​ការ​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ (ABU Robocon Cambodia 2026) លើក​ទី​១៣ ឆ្នាំ​២០២៦​។ លោក ឃឹម វុ​ទ្ធី បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ «​សាល​ដំបូលទូក​» នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គឺជា​និមិត្តរូប និង​ជា​បេះដូង​នៃ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​នៅ​កម្ពុជា ។

អគ្គនាយក ទ​ទក បាន​បន្ត​ថា ឆ្នាំ​២០២៦​នេះ គឺជា​គម្រប់​ខួប​លើក​ទី​១៣ (​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​) ដែល​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ធនធាន​ដើម្បី​ដឹកនាំ និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ​នេះ​ឡើង ។ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មកនេះ យើង​បានឃើញ​នូវ​ការ​ផ្លាស់​ប្ដូរ និង​ការ​រីក​ចម្រើន​យ៉ាង​គួរ​ឱ្យ​កត់សម្គាល់​លើ​ផ្នែក​ចំណេះដឹង សមត្ថភាព និង​បច្ចេកវិទ្យា​របស់​យុវជន​កម្ពុជា ។

លោក ឃឹម វុ​ទ្ធី បាន​ថ្លែង​ថា វេទិកា​នេះ មិន​ត្រឹមតែ​ជាទី​លាន​ប្រកួត​យកឈ្នះ​ចាញ់​នោះ​ទេ ប៉ុន្តែ​វា គឺជា​សាលារៀន​ជឿនលឿន​មួយ ដែល​ផ្ដល់​ឱកាស​ឱ្យ​យុវ​និស្សិត​មក​ពី​បណ្ដា​គ្រឹះស្ថានឧត្តមសិក្សា​នានា បាន​ជួបជុំ​គ្នា ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​បណ្ដុះ​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ ។

ជា​ពិសេស នៅ​ក្នុង​យុគសម័យ​បច្ចុប្បន្ន​ដែល​ជា «​សម័យកាល​នៃ​បញ្ញា​សិប្បនិម្មិត (AI)» ការ​ប្រកួតប្រជែង​រ៉ូ​បូត ឆ្នាំ​២០២៦​នេះ កាន់តែ​មាន​ភាព​ពិសេស និង​ទំនើប​ជាង​មុន ។
លោក ឃឹម វុ​ទ្ធី បាន​បន្ថែម​ថា រ៉ូ​បូត​ដែល​ប្អូន​ៗ​យក​មក​ប្រកួត​នៅ​ថ្ងៃនេះ មិន​ត្រឹមតែ​ដំណើរការ​ដោយ​ប្រព័ន្ធ​មេកានិច ឬ​ម៉ូ​ទ័​រ​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​បញ្ចូល​នូវ​បច្ចេកវិទ្យា AI មុខងារ​គណនា​ក្បួន​ដោះស្រាយ (Algorithms) ដ៏​ស្មុគស្មាញ និង​ប្រព័ន្ធ​សេន​ស័​រវាស់​ស្ទង់​ទំនើប ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា យុវជន​កម្ពុជា​មាន​សមត្ថភាព​ខ្ពស់ អាច​ដើរ​ទាន់​បដិវត្ត​កម្ម​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​សកល​។

លោក​បញ្ជាក់​ថា​៖«​យើង​ទាំងអស់​គ្នា​នៅ​ចង​ចាំ​បាន​យ៉ាង​ច្បាស់​ថា កម្ពុជា​ធ្លាប់​សម្រេច​បាន​នូវ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួតប្រជែង​រ៉ូ​បូត​អន្តរជាតិ (ABU Robocon) ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ ស្រប​ពេល​ជាមួយ​គ្នា​នឹង​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ។ ស្មារតី​នៃ​ភាព​ជា​ម្ចាស់ និង​ជោគជ័យ​ដ៏​ធំធេង​ទាំងនោះ នៅ​តែ​ជា​កម្លាំង​ច​លករ​ជំរុញ​ឱ្យ​យើង​បន្ត​ស្វែងរក​ភាពល្អ​ឥត​ខ្ចោះ​នៅ​ក្នុងឆ្នាំនេះ ។

សម្រាប់​ឆ្នាំ​២០២៦​នេះ ទូរទស្សន៍​ជាតិ​កម្ពុជា មាន​មោទនភាព​យ៉ាង​ខ្លាំង ដោយ​ទទួល​បានការ​ចូលរួម​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ល្បី​ៗ​ទាំង​៥ រួម​មាន ៖ ទី​១. វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) មាន​រ៉ូ​បូត​ចំនួន​២​ក្រុម​, ទី​២. វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) មាន​រ៉ូ​បូត​ចំនួន​២​ក្រុម​, ទី​៣. វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) មាន​រ៉ូ​បូត​ចំនួន​១​ក្រុម​, ទី​៤. សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) មាន​រ៉ូ​បូត​ចំនួន​២​ក្រុម​, និង​ទី​៥. វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ (PPI) មាន​រ៉ូ​បូត​ចំនួន ១​ក្រុម​» ។

សូម​ជម្រាប​ថា ការ​ប្រកួត​នៅ​ថ្ងៃនេះ គឺ​ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​លេខ​១ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​តំណាង​ឱ្យ​ជាតិ​យើង​ទាំងមូល ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ ABU Robocon 2026 នៅ​ទីក្រុង​ហុងកុង នា​ខែសីហា ឆ្នាំ​២០២៦ ខាង​មុខ​នេះ ក្រោម​ប្រធានបទ​ដ៏​គួរ​ឱ្យ​ជក់ចិត្ត​គឺ ក្បាច់​គុណ​កុង​ហ្វូ “Kung Fu Quest” ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ក្បាច់គុន​បុរាណ​ចិន និង​បច្ចេកវិទ្យា​រ៉ូ​បូត AI​។

លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ផ្តល់​ការ​គាំទ្រ និង​ចង្អុល​បង្ហាញផ្លូវ​ដល់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​វិស័យ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា​ទំនើប ។ ព្រឹត្តិការណ៍​នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅ​កម្ពុជា ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>