ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

G7 យល់ព្រម​ប្រើ​ទ្រព្យ​បង្កក​រុ​ស្ស៊ី ៥០​ពាន់​លាន​ដុល្លារ ជួយ​អ៊ុយ​ក្រែ​ន​ប្រឆាំង​សង្គ្រា.ម​ឈ្លានពា.ន

2 ខែ មុន

ប្រទេស​អ៊ី​តា​លី ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ បាន​រាយ

ប្រទេស​អ៊ី​តា​លី ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ បាន​រាយការណ៍​ថា មេដឹកនាំ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ទាំង​៧ ឬ G7 បាន​ព្រមព្រៀង​គ្នា ប្រើប្រាស់​ទ្រព្យ​បង្កក​រុ​ស្ស៊ី​ចំនួន ៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ប្រែ​ក្លាយជា​ប្រាក់​កម្ចី​ផ្តល់​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​កងកម្លាំង​រុ​ស្ស៊ី​។

ប្រភព​ពី BBC បាន​បន្ត​ទៀត​ថា ប្រាក់​បង្កក​រុ​ស្ស៊ី​ចំនួន ៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រែជា​ប្រាក់​កម្ចី នឹង​មិន​ត្រូវ​បាន​រំពឹង​ថា​ដល់​ដៃ​អ៊ុយ​ក្រែ​ន​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​ដំណាច់ឆ្នាំ​នេះ ប៉ុន្តែ​វា​ត្រូវ​បាន​មើលឃើញ​ថា គឺជា​ដំណោះស្រាយ​ដ៏​សំខាន់​រយៈពេល​វែង ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ធ្វើសង្គ្រាម និង​សេដ្ឋកិច្ច​របស់​អ៊ុយ​ក្រែ​ន​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G7 ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ នោះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ដិ​ន (Joe Biden) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​រយៈពេល​១០​ឆ្នាំ​រវាង​អ៊ុយ​ក្រែ​ន និង​អា​មេ​រិ​ក ដែល​ត្រូវ​បាន​សាទរ​ដោយ​ទីក្រុង​គៀវ (Kyiv) ថា កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​។ កិច្ចព្រមព្រៀង​នេះ រំពឹង​ថា​នឹង​ផ្តល់​ជំនួយ​ផ្នែក​យោធា និង​ហ្វឹកហ្វឺន​របស់​អា​មេ​រិ​ក​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ពុំ​មានការ​បញ្ជូន​កងទ័ព​អា​មេ​រិ​ក​ទៅ​ប្រយុទ្ធ ដើម្បី​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នោះ​ទេ​។

គួរ​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​រុ​ស្ស៊ី​ចំនួន ៣២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​រួម​ទាំង​ទ្រព្យ​បុគ្គល និង​អង្គការ​រុ​ស្ស៊ី ត្រូវ​បាន​បង្កក​ដោយ​ក្រុម​ប្រទេស G7 រួម​នឹង​សហភាព​អឺរ៉ុប បន្ទាប់​ពី​រុ​ស្ស៊ី​បាន​បើក​ការ​លុកលុយ​យ៉ាង​ពេញទំហឹង​លើ​អ៊ុយ​ក្រែ​ន នៅ​ក្នុង​ឆ្នាំ ២០២២ ខណៈ​ដែល​ទ្រព្យសកម្ម​នេះ កំពុង​បង្កើត​ការ​ប្រាក់​បាន​ប្រហែល​៣​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។ នៅ​ក្រោម​ផែនការ G7 ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍ ដើម្បី​សងការ​ប្រាក់​ប្រចាំឆ្នាំ​លើ​ប្រាក់​កម្ចី​ចំនួន ៥០​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន​។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ នៅឯកន្លែងប្រជុំកំពូល G7 ស្ថិតនៅតំបន់ Puglia ភាគខាងត្បូងប្រទេសអ៊ីតាលី លោក បៃដិន បានថ្លែងថា «ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ហើយផ្ញើការក្រើនរំលឹកមួយផ្សេងទៀតទៅប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ថា ពួកយើងមិនដកខ្លួនទេ»។ មេដឹកនាំសហរដ្ឋអាមេរិកវ័យ៨១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា «លោក ពូទីន មិនអាចរង់ចាំយើងដកខ្លួននោះទេ ហើយក៏មិនអាចបំបែកពួកយើងបាននោះដែរ យើងនឹងនៅជាមួយអ៊ុយក្រែន រហូតដល់ពួកគេឈ្នះសង្រ្គាមនេះ»។

ក្រុមប្រទេស G7 ដែលរួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋ​អាមេរិក គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដ៏សំខាន់របស់អ៊ុយក្រែន សម្រាប់ការប្រយុទ្ធទប់ស្កាត់ការកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ មេដឹកនាំ G7 ផ្សេងទៀតក៏បានសាទរកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារនេះផងដែរ។ ប្រាក់កម្ចីដ៏សំខាន់នេះ គឺជាសក្តានុពលនៃកញ្ចប់ជំនួយដ៏ធំមួយផ្សេងទៀត បើប្រៀបធៀបជាមួយនឹងជំនួយយោធាអាមេរិកចំនួន ៦១ពាន់លានដុល្លារ ដែលត្រូវបានព្រមព្រៀងគ្នាចុងក្រោយ កាលពីខែឧសភា កន្លងទៅថ្មីៗនេះ៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ