ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានបោកក្បាលស្លាប់នៅក្នុងថ្លុកឈាម មនុស្ស០២នាក់ផ្សេងទៀតបានរងរបួស ខណៈដែលស្ត្រីរងគ្រោះខាងលើជិះម៉ូតូឌុបគ្នា ហើយជ្រុលទៅបុកមនុស្សវិកលចរិកដើរលើស្ពាន(ស្រែខ្លុង) បណ្តាលឱ្យដួលបោកក្បាលតែម្តង។
ហេតុការណ៍ជិះម៉ូតូឌុបគ្នាបុកមនុស្សវិកលចរិក បណ្តាលឱ្យស្លាប់និងរបួសបានកើតឡើងកាលពីវេលាម៉ោ០៤និង១០នាទីរសៀលថ្ងៃទី៤ ខែ មករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៦ទៅលេខ៧៧ (លើស្ពានស្រែខ្លុង) ស្ថិតនៅក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ទន់ សួន ភេទស្រី អាយុ៥៤ឆ្នាំ (គ្មានកញ្ចក់មើលក្រោយ និង មិនពាក់មួកសុវត្ថិភាព) បានឌុបមនុស្សម្នាក់ឈ្មោះ សួន ស៊ីនឿន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិគិរីរស្មី ឃុំតាំងស្យា ស្រុកភ្នំស្រួច បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីទិសខាងលិចទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកមនុស្សម្នាក់ប្រុស (សតិមិនប្រក្រតី) មិនស្គាល់ឈ្មោះ និងទីលំនៅ ដែលកំពុងដើរនៅលើ(ស្ពានស្រែខ្លុង)ដងផ្លូវជាតិលេខ៤ស្របទិសគ្នា បណ្ដាលឲ្យស្ត្រីជាអ្នកបើកបរម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មនុស្ស០២នាក់ទៀតបានរងរបួសស្រាល។
នគរបាលស្រុកភ្នំស្រួចបានបន្តថា ក្រោយកើតហេតុនគរបាលជំនាញធ្វើការវាស់វែងនៅកន្លែងកើតហេតុ ម៉ូតូជនរងគ្រោះរងការខូចខាតកំរិតស្រាល។
ចំពោះករណីខាងលើនេះភាគីម៉ូតូមិនប្ដឹងផ្ដល់នោះទេ ដោយបានយកសព ស្ត្រីរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ម៉ូតូសាច់ញាតិបានយកទៅជួសជុលដោយខ្លួនឯង និងយកទៅប្រើប្រាស់វិញ៕


ចែករំលែកព័តមាននេះ