ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​ស្តីបន្ទោស​រឿង​ខ្ចី​ម៉ូតូ​ជិះ កូន​ទាញ​កំ​បិ.ត​បំផ្លាញ​សម្ភារៈ និង​ទ្រព្យសម្បត្តិ ត្រូវម្តាយប្តឹងឱ្យឃាត់ខ្លួន

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កូន​​ប្រុស​​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ ខណៈ​ដែល​កូន​តិរច្ឆាន​រូប​នោះ​ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​ខ្លួន​ខ្ចី​ម៉ូតូ​ម្តាយ​ជិះ ក៏​ក្លាយជា​ហិង្សា​ទាញ​កាំបិត ចបជីក បំផ្លិចបំផ្លាញ​សម្ភារ និង​ទ្រព្យសម្បត្តិ​រង​ការ​ខូចខាត​ជា​ច្រើន​។ នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​÷ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា…

ខេត្តកំពង់ស្ពឺ​៖ កូន​​ប្រុស​​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ ខណៈ​ដែល​កូន​តិរច្ឆាន​រូប​នោះ​ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​ខ្លួន​ខ្ចី​ម៉ូតូ​ម្តាយ​ជិះ ក៏​ក្លាយជា​ហិង្សា​ទាញ​កាំបិត ចបជីក បំផ្លិចបំផ្លាញ​សម្ភារ និង​ទ្រព្យសម្បត្តិ​រង​ការ​ខូចខាត​ជា​ច្រើន​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​÷ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៦ មានឈ្មោះ ច​ន សុភា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​  រស់នៅ​ក្នុងភូមិ​ត្រពាំង​វែង​១ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្តឹង​លើ​ឈ្មោះ ផាត សុគន្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ត្រូវជា​កូនបង្កើត​) ពី​បទ​ប្រើ​ហិង្សា និង​គំរាម​សម្លាប់​គាត់​ជា​ម្តាយបង្កើត​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៦ រូប​គាត់​ជា​ម្តាយ​បាន​និយាយ​សុំ​សោ​ម៉ូតូ​ពី​កូន​ឈ្មោះ ផាត សុគន្ធ ប៉ុន្តែ​កូន​មិន​ព្រមឱ្យ ហើយ ព្រមទាំង​ទៅ​ទាញ​យក​កាំបិត​បុ័ងតោ កាប់​ម៉ូតូ ទាញ​ចបជីក​វាយ​តូប​ទេវតា កាប់​ទ្វារផ្ទះ​ខាង​មុខ និង​គំរាម​អាករ​សម្លាប់​គាត់​ជា​ម្តាយ​ចោល​ថែម​ទៀត​ផង គ្រាន់តែ​លឺ​ពាក្យ​គំរាមកំហែង​បែប​នោះ ធ្វើ​ឱ្យ​រូប​គាត់​ជា​ម្តាយ​ខ្លាច​មិន​ហ៊ាន​នៅផ្ទះ ដោយ​កូន​របស់​គាត់​បាន​កាន់​កាំបិត​បុ័ងតោ​ជាប់​នឹង​ដៃ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ថែម​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​រួច​មក​នៅ​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង​បាន​សហការ ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំបូរ​បាន​ឃាត់​ឈ្មោះ ផាត សុគន្ធ​(​ជា​កូន​) មក​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យុវជន​ជា​កូន​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​វាយ​បំផ្លិចបំផ្លាញ​សម្ភារ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នឹង​គំរាម​កាប់សម្លាប់​ម្ដាយ​ពិតប្រាកដ​មែន​។
 ​មូលហេតុ​ដែល​រូបគេ​ធ្វើ​បែប​នោះ​ព្រោះតែ ខឹង​នឹង​ម្តាយ​ស្តីបន្ទោស​រឿង​ខ្ចី​គាត់​មក​ម៉ូតូ​ជិះ រអ៊ូរទាំ​ច្រើន​ពេក​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា​÷ ក្រោយ​ឃាត់ខ្លួន​យុវជន​វាយ​បំផ្លិចបំផ្លាញ​សម្ភារ និង​ទ្រព្យសម្បត្តិ នគរបាល​បាន​ដកហូត​វត្ថុ​តាង​មាន ដែក​ទីប​មូល​០១ ចបជីក​០១ កាំបិត​ផ្គាក់​០១ កាំបិត​ប័​ុ​ង​តោ​០១ និង​កាំបិត​ស្នៀត​០១​ផង​ដែរ ។

បច្ចុប្បន្ន​យុវជន​ខាងលើ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ