ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​លោកផ្កាយ​១ ស្នងការ​រង​ខេត្តកំពង់ស្ពឺ ក្រោយ​ប្រពន្ធដើម ប្ដឹង​រឿង​ក្លែង​លិខិត​លួច​ការ​ប្រពន្ធ​ថ្មី?

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ យោង​តាម​ប្រភព​បែកធ្លាយ​បាន​បង្ហើប​ប្រាប់​ភ្នាក់ងារកោះសន្តិភាព​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ឬឈ្មោះ ឃុ​ត វ​ឌ្ឍ​នា ត្រូវ​បាន​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ហើយ ដោយពេល​នេះ កំពុងធ្វើការ​សាកសួរ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ។ យ៉ាងណា​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​ថ្នាក់ដឹកនាំ​នឹង​ចាត់វិធានការ​បែប​ណា ចំពោះ​លោក​ផ្កាយ​១ ស្នងការ​រង​រូប​នេះ បន្ទាប់​ពី​ហ៊ាន​ក្លែង​លិខិត ដើម្បី​រៀប​ការ​ប្រពន្ធ​ថ្មី ស្រប​ពេល ដែល​ប្រពន្ធដើម​នៅ​មិន​ទាន់​លែងលះ​គ្នា​ដាច់ស្រេច​នៅឡើយ ។

អ្នក​និយម​លេង​នៅ​លើ​បណ្ដាញ​សង្គម​លើក​ជា​សំណួរ​ថា នៅ​ពេល​ដែល​ខ្លួន​ជា​មន្ត្រី តែ​បែរជា​ហ៊ាន​ប្រព្រឹត្ត​ទ​ង្វើ​ខុសច្បាប់​បែប​នេះ តើ​ថ្នាក់ដឹកនាំ នឹង​បន្ត​ឲ្យ​គាត់​នៅ​ធ្វើ​ជា​មន្ត្រី​នគរបាល​ទៀត​ដែរ ឬ​យ៉ាងណា ? ព្រោះថា ករណី​ក្លែង​លិខិត និង​លួច​រៀប​ការ​ប្រពន្ធ​ថ្មី ស្រប​ពេល ដែល​ប្រពន្ធដើម មិន​ទាន់​លែង​គ្នា​ដាច់ស្រេច នៅឡើយ​ផង​នោះ គឺ​មានទោស​ពីរ​ផ្សេង​គ្នា​ទៅ​ហើយ​។ នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​តំណាង​អយ្យការ នឹង​ធ្វើការ​ចោទប្រកាន់​លើ​លោក ង៉ា​ម រី ពី​បទ​ចោទ​មួយ​ណា​នោះ​ទេ ។

សូម​រំលឹក​ថា «​ផ្ទុះ​រឿង​លោកស្នងការ​រង​ខេត្តកំពង់ស្ពឺ​ម្នាក់ ប្ដូរ​ឈ្មោះ​លួច​រៀប​ការ​ប្រពន្ធ​ថ្មី ស្រប​ពេល​ប្រពន្ធដើម​នៅ​មាន​សិទ្ធិ​» ផ្ទុះ​រឿង​លោកស្នងការ​រង ខេត្តកំពង់ស្ពឺ​ម្នាក់ លួច​រៀប​ការ​ប្រពន្ធ​ថ្មី ដោយ​ប្រើ​ឈ្មោះ​ផ្សេង លើ​លិខិត​សុំ​រៀប​អាពាហ៍​ពិពាហ៍ និង​មិន​ហៅភ្ញៀវ ជា​មន្ត្រី​នគរបាល​ណា​ម្នាក់ ឲ្យ​ចូលរួម​ឡើយ ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ជា​ស្នងការ​រង នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​លួច​រៀប​ការ​ប្រពន្ធ​ម្នាក់​ទៀត ដោយ​បាន​ធ្វើ​ពាក្យ​ស្នើ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ដោយ​ប្តូរ​ពី​ឈ្មោះ​ដើម មក​ឈ្មោះ ឃុ​ត វ​ឌ្ឍ​នា រស់នៅ​ភូមិ​ខ្នរ ឃុំ​ព្រែ​លាប ស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​ត្រូវ​រៀប​ការ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ នៅផ្ទះ​ខាង​ស្រី​ភូមិ​ស្រែ​ថ្នល់ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជាមួយ​ខាង​ស្រី​ឈ្មោះ ឃិ​ន ស្រស់ មុខរបរ​លក់ដូរ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាឃុំ​កា​ហែង បាន​ឲ្យ​ដឹង​ថា លោក ង៉ា​ម រី ឬ​លោក ឃុ​ត វ​ឌ្ឍ​នា បាន​មក​ស្នើ​សុំ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ត្រឹមត្រូវ ដែល​មានការ​បញ្ជាក់​ពី​លោក​ចៅសង្កាត់​បឹង​សាឡា​ង ជា​ពោះម៉ាយ មាន​ទីលំនៅ​ភូមិ​១២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទើប​សាលាឃុំ​កា​ហែង បាន​ចេញ​ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍ ជូន​សា​ម៉ី​ខ្លួន​តាម​ការ​ស្នើ​សុំ ។

ចំពោះ​ប្រពន្ធដើម​របស់​លោក ង៉ា​ម រី វិញ​ដែល​ត្រូវ​បាន​ស្គាល់​ថា គឺជា​អធិការរង​មួយ​រូប នៅ​ខណ្ឌ​សែន​សុខ ពេល​នេះ ត្រូវ​បានដឹង​ថា កំពុង​ធ្វើ​ដំណើរ​មក​កាន់​ខេត្តកំពង់ស្ពឺ​ហើយ បើ​មានការ​អី​យ៉ាងណា គាត់​នឹង​ប្រាប់​តាម​ក្រោយ ។

លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​យើង​ដឹង​ថា រឿង​លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ស្នងការ​ង រៀប​ការ​នោះ​លោក​មិន​បានដឹង​ទេ ពីព្រោះ​គេ​មិន​បាន​ប្រាប់​លោក​ឡើយ​។ ហើយ​មួយវិញទៀត សូ​ម្បី តែ​មន្ត្រី​នគរបាល​ម្នាក់​ណា ក៏​គេ​មិន​ហៅ​ផង គឺថា ជិត​ឈឹ​តែ​ម្តង ករណី​នេះ រូប​លោក​មិន​អាច​បកស្រាយ​បាន​ឡើយ ចំពោះ​បញ្ហា​រៀប​ការ​ប្រពន្ធ​ថ្មី​នេះ ។

លោកស្នងការ បាប​បញ្ជាក់​យ៉ាង​ខ្លី​ថា មក​ទល់​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ នេះ ប្រពន្ធដើម​លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ស្នងការ​រង បាន​មក​ដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវការ​ហើយ ដើម្បី​ទប់ស្កាត់​ពិធី​មង្គលការ​ខាងលើ ។

ភ្នាក់ងារ​កោះសន្តិភាព​បាន​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ស្នងការ​រង ដែរ ប៉ុន្តែ​ទូរ​សព្ទ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល ។

មហាជន​គ្រាន់តែ​បាន​ឆ្ងល់​ថា បើ​លោក​ពិតជា​រៀប​ការ​ស្រប​តាម​ច្បាប់​មែន ចាំបាច់​អី​ប្រើ​ឈ្មោះ​ក្លែង ទីលំនៅ​ទៀត​ខុស​គ្នា​ទាំងអស់ មិនតែប៉ុណ្ណោះ សូ​ម្បី​តែ​មន្ត្រី​ក្នុង​ខេត្ត ក៏​មិន​ហៅ​ម្នាក់​ឡើយ​។ ហើយ​ការ​ប្រើ​ឈ្មោះ​ក្លែងក្លាយ​បែប​នេះ តើ​ខុសច្បាប់​ដែរ​ឬទេ ? ក្នុង​នាម​លោក​ជា​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​រូប ។

មហាជន​ដែល​ដឹង​រឿង​នេះ ពិតជា​ចង់​ឃើញ​ថ្នាក់ដឹកនាំ ចាត់វិធានការ លើ​លោក ង៉ា​ម រី ឬ​លោក ឃុ​ត វ​ឌ្ឍ​នា ដែល​ជា​មនុស្ស​តែ​ម្នាក់​នេះ​យ៉ាង​ខ្លាំង​។ ពីព្រោះ​ថា លោក​បាន​បំពាន​ទៅ​នឹង​ច្បាប់​រៀប​អាពាហ៍ពិពាហ៍ ៕