ខេត្តកំពង់ស្ពឺ ៖ ផ្ទុះរឿងលោកស្នងការរងខេត្តកំពង់ស្ពឺម្នាក់ លួចរៀបការប្រពន្ធថ្មី ដោយប្រើឈ្មោះផ្សេង លើលិខិតសុំរៀបអាពាហ៍ពិពាហ៍ និងមិនហៅភ្ញៀវជាមន្ត្រីនគរបាលណាម្នាក់ ឲ្យចូលរួមឡើយ ។
លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ជាស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលួចរៀបការប្រពន្ធម្នាក់ទៀត ដោយបានធ្វើពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើម មកឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ដែលត្រូវរៀបការធ្វើឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅផ្ទះខាងស្រីភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយខាងស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ ។
យោងតាមប្រភពពីមន្ត្រីសាលាឃុំកាហែង បានឲ្យដឹងថា លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានមកស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ ដែលមានការបញ្ជាក់ពីលោកចៅសង្កាត់បឹងសាឡាង ជាពោះម៉ាយ មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបសាលាឃុំកាហែង បានចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ជូនសាម៉ីខ្លួនតាមការស្នើសុំ ។
ចំពោះប្រពន្ធដើមរបស់លោក ង៉ាម រី វិញដែលត្រូវបានស្គាល់ថា គឺជាអធិការរងមួយរូប នៅខណ្ឌសែនសុខ ពេលនេះ ត្រូវបានដឹងថា កំពុងធ្វើដំណើរមកកាន់ខេត្តកំពង់ស្ពឺហើយ បើមានការអីយ៉ាងណា គាត់នឹងប្រាប់តាមក្រោយ ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យយើងដឹងថា រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការង រៀបការនោះលោកមិនបានដឹងទេ ពីព្រោះគេមិនបានប្រាប់លោកឡើយ។ ហើយមួយវិញទៀត សូម្បី តែមន្ត្រីនគរបាលម្នាក់ណា ក៏គេមិនហៅផង គឺថា ជិតឈឹតែម្តង ករណីនេះ រូបលោកមិនអាចបកស្រាយបានឡើយ ចំពោះបញ្ហារៀបការប្រពន្ធថ្មីនេះ ។
លោកស្នងការ បាបបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង បានមកដាក់ពាក្យប្តឹងជាផ្លូវការហើយ ដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ ។
ភ្នាក់ងារកោះសន្តិភាពបានទំនាក់ទំនងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង ដែរ ប៉ុន្តែទូរសព្ទចូលច្រើនដង គ្មានអ្នកទទួល ។
មហាជនគ្រាន់តែបានឆ្ងល់ថា បើលោកពិតជារៀបការស្របតាមច្បាប់មែន ចាំបាច់អីប្រើឈ្មោះក្លែង ទីលំនៅទៀតខុសគ្នាទាំងអស់ មិនតែប៉ុណ្ណោះ សូម្បីតែមន្ត្រីក្នុងខេត្ត ក៏មិនហៅម្នាក់ឡើយ។ ហើយការប្រើឈ្មោះក្លែងក្លាយបែបនេះ តើខុសច្បាប់ដែរឬទេ ? ក្នុងនាមលោកជាមន្ត្រីអនុវត្តច្បាប់មួយរូប ។
មហាជនដែលដឹងរឿងនេះ ពិតជាចង់ឃើញថ្នាក់ដឹកនាំ ចាត់វិធានការ លើលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ដែលជាមនុស្សតែម្នាក់នេះយ៉ាងខ្លាំង។ ពីព្រោះថា លោកបានបំពានទៅនឹងច្បាប់រៀបអាពាហ៍ពិពាហ៍ ៕





ចែករំលែកព័តមាននេះ