ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុល​នំ​ប៉័ងសាច់​ និង​នំ​ប៉័ង​ប៉ាតេ​នៅ​វៀត​ណាម​កើន​ឡើង​ដល់​៤៦៩​នាក់

7 ខែ មុន

ទី​ក្រុង​ហាណូយ​៖ ​សំណុំ​រឿង​ពុល​នំ​ប៉័ង​សាច់​ និង​នំ​ប៉័ង​ប៉ាតេ​កំពុង​តែ​ផ្ទុះ​កក្រើក​វៀតណាម​ខាង​ត្បូង​នៅ​ពេល​ចំនួន​អ្នក​ពុល​អាហារ​ប្រភេទ​នេះ​ចេះ​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ និង​កាន់​តែ​ញឹក​ញាប់​ជាង​មុន​។ ចំនួន​​អ្នក​​​ពុល​​នំ​ប៉័ង​នៅ​ទី​ក្រុង​ឡុង​ខាញ់​ ខេត្ត​ដុង​ណាយ​​បាន​​​កើន​ឡើង​ដល់​៤៦៩​នាក់​​​គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​។ ​នៅ​ក្នុង​ចំណោម​​​នោះ ១១​នាក់​​​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ង​ន់​។ ជន​រង​គ្រោះ​៣២១​នាក់​ដែល​​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​​ទី​ក្រុង​ឡុង​ខាញ់​បាន​​​គ្រាន់​បើ​ជាង​មុន​។ អ្នក​ក្រៅ​ពី​នេះ​មិន​មាន​​បញ្ហា​ចោទ​ផ្នែក​សុខ​ភាព​​ហើយ​​…

ទី​ក្រុង​ហាណូយ​៖ ​សំណុំ​រឿង​ពុល​នំ​ប៉័ង​សាច់​ និង​នំ​ប៉័ង​ប៉ាតេ​កំពុង​តែ​ផ្ទុះ​កក្រើក​វៀតណាម​ខាង​ត្បូង​នៅ​ពេល​ចំនួន​អ្នក​ពុល​អាហារ​ប្រភេទ​នេះ​ចេះ​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ និង​កាន់​តែ​ញឹក​ញាប់​ជាង​មុន​។ ចំនួន​​អ្នក​​​ពុល​​នំ​ប៉័ង​នៅ​ទី​ក្រុង​ឡុង​ខាញ់​ ខេត្ត​ដុង​ណាយ​​បាន​​​កើន​ឡើង​ដល់​៤៦៩​នាក់​​​គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​។ ​នៅ​ក្នុង​ចំណោម​​​នោះ ១១​នាក់​​​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ង​ន់​។

ជន​រង​គ្រោះ​៣២១​នាក់​ដែល​​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​​ទី​ក្រុង​ឡុង​ខាញ់​បាន​​​គ្រាន់​បើ​ជាង​មុន​។ អ្នក​ក្រៅ​ពី​នេះ​មិន​មាន​​បញ្ហា​ចោទ​ផ្នែក​សុខ​ភាព​​ហើយ​​ ហើយ​ពួក​គេ​​អាច​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​​ទៅ​សម្រាក​នៅ​ផ្ទះ​​។ ​ក្នុង​ចំណោម​អ្នក​ឈឺ​ធ្ងន់​ទាំង​១១​នាក់​នោះ គ្រាន់​តែ​កុមារ​មាន​​​៩​នាក់​។​ កុមារ​២​នាក់​​ឈឺ​ធ្ងន់​ដល់​ថ្នាក់​បន្តោក​​ឧប​ករណ៍​​​ជំនួយ​ផ្លូវ​ដង្ហើម​ (ventilation) និង​ប្រើ​ប្រាស់​វិធី​​លាង​ឈាម​​ដើម្បី​សម្អាត​ជាតិ​ពុល​។ ពួក​គេ​ជា​កុមារាទាំង​២​នាក់​ ម្នាក់​​អាយុ​​៦​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​​៧​ឆ្នាំ​។

​កុមារ​៧​នាក់​ទៀត​ត្រូវ​ចាក់​ថ្នាំ​តាម​សរ​សៃ​, ប្រើ​ថ្នាំ​អង់​ទី​ប៊ូយ៉ូទិច, ​ដាក់​​អុក​ស៊ីហ្សែន និង​កែ​សម្រួល​សង្វាក់​បេះ​ដូង​។​ ក្រុម​គ្រួ​សារ​ប្រាប់​ថា​កុមារ​អាយុ​​​៦​​ឆ្នាំ​នោះ​ញ៉ាំ​នំ​ប៉័ង​សាច់​នៅហាង​ខាង​លើ​ន​​​កាល​ពី​ក្បាល​ព្រលប់​​​​ថ្ងៃ​អង្គារ​។ ​ស្អែក​ឡើង​ចាប់​ផ្ដើម​ក្អួត​វ៉ក​ៗ​ និង​​បត់​ជើង​​ហូរ​ដូច​ទឹក​។ នៅ​​​ដំណាក់​កាល​នោះ ក្រុម​គ្រួសារ​មិន​ទាន់​ដឹក​​​ទៅ​ពេទ្យ​ទេ​។ ទុក​ទាល់​តែ​​ឈឺ​ធ្ងន់​​មែន​ទែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទើប​ប្រញាប់​យក​ទៅ​សង្គ្រោះ​បន្ទាន់​​​នៅ​ពេល​កុមារ​នោះ​ក្អួត​កាន់​តែ​​ខ្លាំង​ និង​ចាប់​ផ្ដើម​ប្រកាច់​ចាប់​លែង​​​ឈ្នះ​។

ពេល​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យ​ក្រុង​ឡុង​ខាញ់​ កុមារ​នោះ​ចាប់​ផ្ដើម​​​​​ស្រឺត​បាត់​មាត់​បាត់​ក​, សម្បុរ​ស្បែក​ឡើង​ពណ៌​ស្វាយ។​ ​បេះ​ដូង​ចង់​គាំង​​​​នៅ​សល់​ដង្ហើម​ផ្តឹក​ៗ​។ ពេទ្យ​ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​​​ខេត្ត​ដុងណាយ​។ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ ក៏​កុមារ​នោះ​មិន​ទាន់​ដឹង​ខ្លួន​ពី​សន្លប់​នៅ​ឡើយ​ទេ​។ ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​​កុមារ​នោះ​​​ប៉ះ​ពាល់​បេះ​ដូង​ ថ្លើម​ និង​តម្រង​នោម​។

ដោយ​ឡែក​ កុមារ​ដែល​មាន​អាយុ​៧​ឆ្នាំ​​ក៏​ចូ​លទៅ​ញ៉ាំ​នំ​ប៉័ង​សាច់​ពី​ហាង​តែ​មួយ​ និង​នៅ​ថ្ងៃ​តែ​មួយ​ជា​មួយ​កុមារ​អាយុ​៦​ឆ្នាំ​​នេះ​ដែរ​​។ ​​ញ៉ាំ​មិន​បាន​ប៉ុន្មាន​ផង​ កុមារ​នេះ​​​​​ចាប់​ផ្ដើម​ក្អួត​ចង្អោរ​ រាគ​រូស​ និង​ចុក​ពោះ​។ មុន​ដំបូង​គេ​បញ្ជូន​​គាត់​ទៅ​មន្ទីរ​ពេទ្យ​ក្រុង​ឡុង​ខាញ់ និង​​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​​ខេត្ត​ដុងណាយ​។ នៅ​ពេល​នោះ​គាត់​​​​អស់កម្លាំង​​ខ្លាំង និង​មាន​សម្ពាធ​ឈាម​ធ្លាក់​ចុះ​។ ​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​​គាត់​បាន​ធូរ​ជាង​មុន​​។ សម្ពាធ​ឈាម​​​ធម្មតា​​​, បេះ​ដូង​ធម្មតា​ ហើយ​​​អាច​បត់​ជើង​តូច​​ខ្លួន​​ឯង​បាន​។​

​គេ​ដឹង​ថា​​នៅ​ថ្ងៃ​​ដែល​​​ពុល​នំ​ប៉័ង​សាច់​​​នោះ,​ ហាង​ឈ្មោះ​បាង (Bang) ​ស្ថិត​នៅ​លើ​វិថី​​​ក្វាង​ឌឿ (Quang Dieu)​ទី​ក្រុង​ឡុង​ខាញ់បាន​លក់​នំ​ប៉័ង​អស់​១១០០​ដើម​។ ញ៉ាំ​​បាន​មួយ​ថ្ងៃ​ ស្អែក​ឡើង​អតិថិ​ជន​ចាប់​ផ្ដើម​​ក្អួត​, រាគ​រូស, ក្ដៅ​ខ្លួន​ និង​ចុក​ពោះ​ជា​បណ្ដើរ​ៗ​។ តាម​ពិត​ករណី​ពុល​នំ​ប៉័ង​នៅ​ហាង​នោះ​អាច​ពុល​គ្រប់​គ្នា​ទាំង​អស់​។ គ្រាន់​តែ​ថា​អ្នក​ខ្លះ​មាន​ប្រព័ន្ធ​ការ​ពារ​ខ្លួន​ខ្លាំង​គ្រាន់​ល្ងាក់​ល្ងើរ​បន្តិច​បន្តួច ឬ​ធេង​ធោង​បន្តិច​បន្តួច​ក៏​បាន​ទៅ​វិញ​។ ប៉ុន្តែ​ភាគ​ច្រើន​មិន​មាន​សំណាង​បែប​នោះ​ទេ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​​អ្នក​ញ៉ាំ​នំ​ប៉័ង​សាច់​​​ធ្លាក់​ខ្លួន​ឈឺ​ជាង​៣០០​នាក់​។ លុះ​ដល់​ល្ងាច​ថ្ងៃ​សុក្រ​​ធ្លាក់​ខ្លួន​ឈឺ​​ថែម​ទៀត​ដល់​ជាង​៤០០​នាក់​។

នៅ​ទី​បំផុត​ ម្ចាស់​ហាង​នំ​ប៉័ង​​​​ចេញ​មុខ​ស្រាយ​បំភ្លឺ​ថា​​ហាង​របស់​គាត់​បើក​​​​ជាង​១០​ឆ្នាំ​ហើយ។ គាត់​​ចេះ​តែ​ដើរ​ទិញ​គ្រឿង​ផ្សំ​តែ​ពាស​ពី​​​​អ្នក​លក់​​នៅ​​ទី​ក្រុង​ឡុង​ខាញ់​នេះ​។ មិន​ដឹង​ទិញ​ពី​អ្នក​ណា​ខ្លះ​ទេ។ ម៉្លោះ​ហើយ​គាត់​គ្មាន​ម៉ូយ​ដែល​ស្គាល់​គ្នា​ពិត​ប្រាកដ​ ទេ​​​។ ដល់​ពេល​ជួប​ករណី​ពុល​បែ​ប​នេះ​មិន​ដឹង​ថា​ប្រភព​ផ្គត់​ផ្គង់​គ្រឿង​ផ្សំ​ទាំង​នេះ​បាន​មក​ពី​កន្លែង​ណា​ខ្លះ​ទេ​។​ ជា​ចំណាត់​ការ​ដំបូង អាជ្ញាធរ​​​បិទ​ទ្វារ​ហាង​​​ជា​បណ្ដោះ​អាសន្ន​​ព្រោះ​មិន​ទាន់​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​​​សុវត្ថិ​ភាព​ចំណី​អាហារ​​​​​។ ចំពោះ​ករណី​ពុល​នំ​ប៉័ង​សាច់ និង​នំ​ប៉័ង​ប៉ាតេ​លើក​នេះ​ គេ​មិន​ទាន់​ដឹង​ថា​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ