ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ថ្លែង​ថា​រុស្ស៊ី​ស្លា.ប់កង​​ទ័ព​១,​៥​សែន​នាក់​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន

2 អាទិត្យ មុន

ទីក្រុង​ប៉ារីស៖ បើ​សិន​ការ​ប៉ាន់​ស្មាន​នេះ​ត្រឹម​ត្រូវ​មែន​ មាន​ន័យ​ថា​រុស្ស៊ី​បាន​ធ្វើ​ពលិ​កម្ម​​ទាហាន​​របស់​ខ្លួន​ច្រើន​ណាស់​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​​ជាង​២​ឆ្នាំ​កន្លង​មក​នេះ​។ ​រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំងថ្លែង​​កាល​ពី​ពេល​ថ្មី​នេះ​​​ថា​​​ទាហាន​រុស្ស៊ី​រហូត​ដល់​១,៥​សែន​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ លោក​ថ្លែង​បន្ត​ទៀត​ថា​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​រដ្ឋាភិបាល​ទី​ក្រុង​ប៉ារីស ទាំង​ចំនួន​ទាហាន​រុស្ស៊ី​ដែល​ស្លាប់​បូករួម​ទាំង​ទាហាន​​​ត្រូវ​របួស​អាច​មាន​ចំនួន​សរុប​​រហូត​ដល់​កន្លះ​លាន​នាក់​ឯណោះ​។​ ​អឺរ៉ុប និង​ប្រទេស​ជា​ដៃ​គូ​នឹង​បន្ត​រួប​រួម​គ្នា​ និង​ប្ដេជ្ញា​​ចិត្ត​យ៉ាង​​មោះ​មុត​ដើម្បីជួយ​អ៊ុយ​ក្រែន​នៅ​ក្នុង​រយៈ​ពេល​វែង​។ រដ្ឋ​មន្ត្រី​រូប​នេះ​យល់​ថា​យុទ្ធ​នា​ការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​បង្ហាញ​សញ្ញា​បរាជ័យ​ជា​បណ្ដើរ​ៗ​ហើយ​​តាម​រយៈ​ការ​ស្លាប់​…

ទីក្រុង​ប៉ារីស៖ បើ​សិន​ការ​ប៉ាន់​ស្មាន​នេះ​ត្រឹម​ត្រូវ​មែន​ មាន​ន័យ​ថា​រុស្ស៊ី​បាន​ធ្វើ​ពលិ​កម្ម​​ទាហាន​​របស់​ខ្លួន​ច្រើន​ណាស់​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​​ជាង​២​ឆ្នាំ​កន្លង​មក​នេះ​។ ​រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំងថ្លែង​​កាល​ពី​ពេល​ថ្មី​នេះ​​​ថា​​​ទាហាន​រុស្ស៊ី​រហូត​ដល់​១,៥​សែន​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ លោក​ថ្លែង​បន្ត​ទៀត​ថា​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​រដ្ឋាភិបាល​ទី​ក្រុង​ប៉ារីស ទាំង​ចំនួន​ទាហាន​រុស្ស៊ី​ដែល​ស្លាប់​បូករួម​ទាំង​ទាហាន​​​ត្រូវ​របួស​អាច​មាន​ចំនួន​សរុប​​រហូត​ដល់​កន្លះ​លាន​នាក់​ឯណោះ​។​

​អឺរ៉ុប និង​ប្រទេស​ជា​ដៃ​គូ​នឹង​បន្ត​រួប​រួម​គ្នា​ និង​ប្ដេជ្ញា​​ចិត្ត​យ៉ាង​​មោះ​មុត​ដើម្បីជួយ​អ៊ុយ​ក្រែន​នៅ​ក្នុង​រយៈ​ពេល​វែង​។ រដ្ឋ​មន្ត្រី​រូប​នេះ​យល់​ថា​យុទ្ធ​នា​ការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​បង្ហាញ​សញ្ញា​បរាជ័យ​ជា​បណ្ដើរ​ៗ​ហើយ​​តាម​រយៈ​ការ​ស្លាប់​ និង​របួស​យ៉ាង​រង្គាល​ដូច​ដែល​បាន​រៀប​រាប់​អម្បាញ់​មិញ​នេះ​។ លោក​រដ្ឋ​មន្ត្រី​បាន​ដាក់​ជា​សំណួរ​ថា​តើ​រុស្ស៊ី​នាំ​កង​ទ័ព​ទៅ​ស្លាប់​ និង​របួស​គរ​ជើង​គ្នា​នៅ​អ៊ុយ​ក្រែន​នោះ​ដើម្បី​អ្វី? លោក​សូម​ជួយ​ឆ្លើយ​ជំនួស​​រុស្ស៊ី​ទៅ​ចុះ​ «គ្មាន​ដើម្បី​​អ្វី​ទេ​​»។​

រដ្ឋ​មន្ត្រីការ​បរទេស​បារាំង​ លោក​ Stephane Sejourne

រហូត​មក​ដល់​ពេល​នេះ រុស្ស៊ី​ពុំ​ដែល​​បង្ហាញ​​តួ​លេខ​ពិត​ប្រាកដ​ថា​ទាហាន​របស់​ខ្លួន​ស្លាប់ និង​របួស​ប៉ុន្មាន​នាក់​ទេ​​​។ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​ទាហាន​រុស្ស៊ី​១,៨​សែន​នាក់​បាន​ស្លាប់​។ ចំណែក​អង់គ្លេស​ថ្លែង​​ថា​ទាហាន​រុស្ស៊ី​៤,៥​សែន​នាក់​ស្លាប់​ និង​របួស​។ ​ទូរ​ទស្សន៍​ប៊ីប៊ី​ស៊ី​​ (BBC) រាយ​ការណ៍​ថា​ទាហាន​រុស្ស៊ី​ជាង​​៥​ម៉ឺន​នាក់​បាន​ស្លាប់​ដោយ​យោង​​តាម​​តួ​លេខ​របស់​​អ្នក​រាយ​ការណ៍​ព័ត៌​មាន​របស់​ប៊ីប៊ីស៊ី​ផ្ទាល់​ ​​​គួប​ផ្សំ​នឹង​របាយ​ការណ៍​របស់​​សារ​ព័ត៌​មាន​ឯក​រាជ្យ និង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​។

អ្នក​វិភាគ​ខាង​វិស័យ​យោធា​ប្រមើល​ឃើញ​ថា​មិន​យូរ​ទេ​រុស្ស៊ី​នឹង​បើក​យុទ្ធ​នា​ការ​វាយ​លុក​ជា​ថ្មី​ទៅ​លើ​ខ្សែ​ត្រៀម​មុខ​របស់​អ៊ុយ​ក្រែន​​​។ ចំពោះ​សំណួរ​ថា​តើ​អឺរ៉ុប​នឹង​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​​​រុស្ស៊ី​ដែល​​ផ្អឹប​ទុក​នៅ​សហ​ភាព​អឺរ៉ុប​ដោយ​របៀប​ណា​? រដ្ឋ​មន្ត្រី​បារាំង​រូប​នេះថ្លែង​ថា​លុយ​​ទាំង​នេះ​អាច​​វេរ​​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​​សម្រាប់​ការ​ពារ​សន្តិ​សុខ​ជាតិ​​​ និង​ស្ដារ​ប្រទេស​ឡើ​ង​វិញ​។​​

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ លោក​ម៉ាក្រុង​ទំនង​ជា​មិន​​ចុះ​ញ៉ម​នឹង​ការ​និយាយ​កម្លា​របស់​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ទេ​ពាក់​ព័ន្ធ​នឹង​គម្រោង​បញ្ជូន​កង​ទ័ព​ទៅ​អ៊ុយ​ក្រែន​។ បើ​គេ​ស្ដាប់​មិន​ច្រឡំ​ទេ​ លោក​ម៉ាក្រុង​និយាយ​យ៉ាង​តិច​បី​ដង​​អំពី​លទ្ធ​ភាព​នៃ​ការ​បញ្ជូន​កង​ទ័ព​​​​បារាំង​ទៅ​អ៊ុយ​ក្រែន​​។ លោក​ម៉ាក្រុងប្រហែល​ជា​​មិន​និយាយ​លេង​សើច​ទេ​បើលោក​​និយាយ​​ញឹក​ញាប់​ដល់​ថ្នាក់​នេះ​ទៅ​ហើយ​​។​ បារាំង និង​អ៊ុយ​ក្រែន​ក៏ទើប​តែ​ចុះ​កិច្ច​ព្រម​ព្រៀង​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​​នៅ​ក្នុង​គ្រា​អាសន្ន​ផង​ដែរ​។

លោក​​បញ្ជាក់​ថា​​ «បារាំង​មិន​ទាត់​ចោលលទ្ធ​ភាព​នៃ​ការ​បញ្ជូន​កង​ទ័ព​ជើង​គោក​ទៅ​អ៊ុយ​ក្រែន​ទេ​​ទេ​ដោយ​អនុ​លោម​ទៅ​តាម​លក្ខ​ខណ្ឌ​​​២​យ៉ាង​ ទី១-​បើ​កង​ទ័ព​រុស្ស៊ី​វាយទម្លុះ​ខ្សែ​ការ​ពារ​របស់​អ៊ុយ​ក្រែន​នៅ​សមរភូមិ​មុខ​ និង​ទី​២-​បើ​មាន​​សំណើ​ពី​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​ដើម្បី​បញ្ជូន​កង​ទ័ព​បារាំង​ទៅ​អ៊ុយ​ក្រែន​។ ​«លោក​មិន​លេប​ពាក្យ​សម្ដី​ដែល​ធ្លាប់​និយាយ​ទេ​។

បារាំង​មិន​ដក​ថយ​នៅ​ក្នុង​​រឿង​នេះ​ជា​ដាច់​ខាត​នៅ​ពេល​​ភាគី​ម្ខាង​ទៀត​ (រុស្ស៊ី) ក៏​មិន​ព្រម​ដក​ថយ​ដូច​គ្នា​។ ​សហ​ភាពអឺរ៉ុប​ត្រូវ​តែ​ការ​ពារ​ខ្លួន​។ រុស្ស៊ី​មាន​ចរិត​គឃ្លើន​សម្បើ​មណាស់​នៅ​ក្នុង​ការ​បង្ក​អស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។ ពេល​ខ្លះ​រុស្ស៊ី​​ហ៊ាន​គំរាម​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀត​»។ ​តាំង​ពី​ដំបូង​ដៃ​មក​ម៉្លេះ ថ្នាក់​ដឹក​នាំ​អាល្លឺម៉ង់​មិន​សូវ​ហ៊ាន​ប្រើ​​សម្ដី​ខែង​ដូច​បារាំង​ទេ​។ អធិការ​បតី​អាល្លឺម៉ង់​ លោក​អូឡាហ្វ​ សូល​ មិន​ដែល​និយាយ​ពី​លទ្ធ​ភាព​បញ្ជូន​ទ័ព​សូម្បី​តែ​១​ម៉ាត់​។ លោក​ថា​​ក្រុម​សម្ព័ន្ធ​មិត្ត​គ្មាន​គោល​ការណ៍​​​បញ្ជូន​​កង​ទ័ព​ទៅ​អ៊ុយ​ក្រែនទេ​មិន​ថា​ពេល​កន្លង​មក​ ពេល​នេះ និង​ពេល​អនាគត​​​នោះ​ឡើយ​។

សូម្បី​តែ​គ្រាប់​មីស៊ីល​ម៉ាកតូរ៉ូស (Taurus) ​ដែល​អ៊ុយ​ក្រែន​ស្នើ​សុំ​យ៉ាង​ទទូច​ក៏​លោក​សូល​មិន​ហ៊ាន​បញ្ជូន​ទៅ​ឱ្យ​ដែរ​ព្រោះ​ខ្លាច​អ៊ុយ​ក្រែន​យក​ទៅ​បាញ់​ចូល​ទី​ក្រុង​ម៉ូស្គូ​នាំ​ឱ្យ​ម៉ូស្គូ​សង​សឹក​មិន​ត្រឹម​តែ​ទៅ​លើ​អ៊ុយ​ក្រែន​ទេ​។ ហេង​ស៊យ​អាច​សង​សឹក​ដាក់​អ្នក​បញ្ជូន​គ្រាប់​មីស៊ីល​នេះ​តែ​ម្ដង​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី ​លោក​ម៉ាក្រុង​យល់​ថា​ការ​ចាញ់​សម្លុត​រុស្ស៊ី​​​​បែប​នេះ​វា​ជា​ការ​បង្ហាញ​ភាព​កម្សោយ​ឱ្យ​គេ​ឃើញ​​ ហើយ​​នាំ​ឱ្យ​គេ​មើល​ងាយ​​ទៅ​វិញ​ទេ​។ លោក​ចាត់​ទុក​ថា​នេះ​​ជា​ការ​ចុះ​ចាញ់​មុន​ពេល​ប្រយុទ្ធ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ