ខេត្តកំពង់ស្ពឺ ៖ មន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផល អវិជ្ជមាន ក្រោយការធ្វើតេស្ត ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា អនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ២០២នាក់ (ស្ត្រី ៨៦នាក់) ជាលទ្ធផលនៃការធ្វើតេស្ត បានរកឃើញថា មន្ត្រីទាំង ២០២នាក់ ពុំមានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ ។
ក្នុងនោះផងដែរ លោកអភិបាលខេត្ត បានថ្លែងថា លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង២០២នាក់ ក្នុងខេត្តកំពង់ស្ពឺ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀន សូម្បីមន្ត្រីម្នាក់ ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងសង្កត់ធ្ងន់ថា បើទោះបីថ្ងៃនេះ រដ្ឋបាលខេត្តបានពិនិត្យរកមិនឃើញ នូវអ្នកជាប់ពាក់ព័ន្ធណាម្នាក់ក្តី តែមន្ត្រីរាជការទាំងអស់ត្រូវចាំថា ត្រូវគេចឲ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះយើងនៅតែអនុវត្តតាមច្បាប់ជាប្រចាំចំពោះមន្ត្រីរូបណាដែលមានជាប់ករណីគ្រឿងញៀន ៕








ចែករំលែកព័តមាននេះ