ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរយោធិនកម្ពុជាទាំង ១៨រូប ដែលឃ្លាតឆ្ងាយពីគ្រួសារបានមកជុំគ្នាវិញហើយ លាយឡំនឹងទឹកភ្នែក

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ វីរ​យោធិន​ទាំង​១៨​រូប បាន​វិល​មក​ដល់​មាតុភូមិ និង​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ហើយ នា​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ការ​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ និង​ក្រុម​គ្រួសារ​អស់​រយៈពេល​១៥៥​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ វីរ​យោធិន​ទាំង​១៨​រូប បាន​វិល​មក​ដល់​មាតុភូមិ និង​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ហើយ នា​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ការ​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ និង​ក្រុម​គ្រួសារ​អស់​រយៈពេល​១៥៥​ថ្ងៃ ក្រោយ​យោធា​ថៃ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ។

វិ​រ​យោធិន​ទាំង​១៨ រូប បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ពិសេស​របស់​កម្ពុជា​មក​កាន់​រាជធានី​ភ្នំពេញ ។ នៅ​ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រុម​គ្រួសារ​យោធិន​បាន​មក​ទទួល​ដោយ​ក្តី​រំភើប រហូត​នាំ​គ្នា​យំ​ផង​ដែរ​នៅ​ពេល​បាន​ជួប​គ្នា ។ វិ​រ​យោធិន ត្រូវ​បាន​សាលា​រាជធានី​រៀបចំ​រថយន្តក្រុង ដើម្បី​ជូន​ដំណើរ​ទាំង​គ្រួសារ​ទៅ​កាន់​គេហដ្ឋាន​ផង​ដែរ ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ការ​ចាប់ខ្លួន និង​គ្រប់គ្រង​វីរ​យោធិន​កម្ពុជា​មក រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ឥត​ឈប់​ឈរ ដោយ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​យន្តការ​ដោះស្រាយ​ទាំងអស់ ដើម្បី​ទាមទារ​ឱ្យ​ភាគី​ថៃ​ដោះ​លែង​វីរ​យោធិន​របស់​យើង​ទាំង​១៨​នាក់​នោះ ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត និង​ដោយ​សុខ​សុវត្ថិភាព ។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ មិន​ដែល​បោះបង់​វីរ​យោធិន​របស់​ខ្លួន​ណា​ម្នាក់​ចោល​នោះ​ឡើយ មិន​ថា ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។

ជាក់ស្តែង លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន វេលា​ម៉ោង​១០:០០ នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​នេះ យោធិន​កម្ពុជា​ទាំង​១៨​រូប ដែល​បាន​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​អស់​រយៈពេល ១៥៥​ថ្ងៃ​មក​ហើយ ត្រូវ​បាន​ដោះ​លែង និង​បញ្ជូន​ត្រឡប់​មក​មាតុប្រទេស​វិញ ដោយ​សុខ​សុវត្ថិភាព ។

លោក​ជំទាវ​ក៏​សូម​គូសបញ្ជាក់​ផង​ដែរ​ថា ការ​ដោះ​លែង​យោធិន​កម្ពុជា​ចំនួន​១៨​រូប​ត្រឡប់​មក​កម្ពុជា​វិញ គឺ​ធ្វើ​ឡើង​ក្រោម​ការ​ឯកភាព​គ្នា​រវាង​កម្ពុជា និង​ថៃ នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​ចំនុច​ទី​១១ ដែល​បាន​កំណត់​ថា បន្ទាប់​ពី​ការ​គោរព​យ៉ាង​ពេញលេញ​ក្នុង​រយៈពេល​៧២​ម៉ោង​នៃ​បទ​ឈប់​បាញ់ ដែល​ត្រូវ​បាន​ចូល​ជា​ធរមាន​កាលពី​វេលា​ម៉ោង​១២:០០​ថ្ងៃត្រង់ (​ម៉ោង​ក្នុងស្រុក​) នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ក្នុង​ដំណើរ​នៃ​ការ​វិល​ត្រឡប់​របស់​យោធិន​ទាំង ១៨​រូប​របស់​យើង ក៏​មានការ​ចូលរួម​សង្កេតការណ៍​ពី​សំណាក់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) និង​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) ។ លោក​ជំទាវ​បាន​បញ្ជាក់​ថា​៖«​នាង​ខ្ញុំ​សូម​ជម្រាប​ថា ការ​ដោះ​លែង​យោធិន​របស់​យើង​ទាំង ១៨​នាក់​នេះ ក៏​ស្រប​ជាមួយនឹង​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ រវាង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ ក្រោម​ការ​ធ្វើ​ជា​សាក្សី​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​»​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ដូចដែល​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធានា និង​សន្យា​យ៉ាង​មុតមាំ​ជាមួយ​ក្រុម​គ្រួសារ​របស់​យោធិន​ទាំង​១៨​នាក់ ក៏​ដូច​ជា​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​ថា «​យើង​មិន​ទុក​យោធិន​របស់​យើង​ណា​ម្នាក់​ចោល​នោះ​ឡើយ​» ដោយ​យើង​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​ដំណោះស្រាយ ទាំង​ការទូត ព្រមទាំង​ច្បាប់​មនុស្សធម៌​អន្តរជាតិ រហូត​សម្រេច​បានការ​ដោះ​លែង​នា​ថ្ងៃនេះ ដើម្បី​ឱ្យ​យោធិន​របស់​យើង​អាច​មក​ជួបជុំ​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដែល​បាន​ទន្ទឹងរង់ចាំ​ដោយ​ក្តី​នឹក​រំ​ឮ​ក​ជា​ពន់ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ