ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ នាំ​គ្នា​ស្រែក​ទ្រហោយំ ​ព្រោះ​រំភើប​ពេក ​អ្នកខ្លះ​លុតជង្គង់​ដឹងគុណ​វី​រ​កងទ័ពទាំង​១៨​រូប ដែល​ត្រូវ​​ដោះ​លែង​មក​កម្ពុជា​វិញ

14 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង១០និង​០០នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​នេះ គ្រាន់តែ​ក្រឡេក​ឃើញ​វី​រកងទ័ព​កម្ពុជា​ទាំង​១៨​រូប ដែល​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​ អស់​រយៈពេល​១៥៥​ថ្ងៃ ត្រូវ​បាន​ដោះ​លែង និង​បញ្ជូន​មក​ដល់​ខ្លោងទ្វារ​ព្រំដែន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង១០និង​០០នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​នេះ គ្រាន់តែ​ក្រឡេក​ឃើញ​វី​រកងទ័ព​កម្ពុជា​ទាំង​១៨​រូប ដែល​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​ អស់​រយៈពេល​១៥៥​ថ្ងៃ ត្រូវ​បាន​ដោះ​លែង និង​បញ្ជូន​មក​ដល់​ខ្លោងទ្វារ​ព្រំដែន ខេត្ត​ប៉ៃលិន​ភ្លាម ស្រាប់តែ​អ្នកខ្លះ​ស្រែក​ទ្រហោយំ ដោយ​ត្រេកអរ រំភើប​ខ្លាំង​ពេក​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន រីឯ​អ្នកខ្លះ​ទៀត បាន​លុតជង្គង់​ ទទួល​ស្វាគមន៍ ​ដោយ​ដឹងគុណ​អស់ពីដួងចិត្ត ដល់​វី​រ​កងទ័ព​ទាំងអស់​គ្នា​ ។

លើស​ពី​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម អ៊ី ឈាន ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចូល​ទៅ​ឈរ​រង់ចាំ​ទទួល​ពួក​គាត់​ទាំង​អស់នោះ​យ៉ាង​កក់ក្តៅ​ផង​ដែរ​ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ គឹ​ម លី អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ហូរ​សស្រាក់​នៅ​លើ​ផែន​ផ្ទាល់ ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​កម្ពុជា គាត់​ពិតជា​សូម​ចូលរួម​អបអរសាទរ និង​ត្រេកអរ​យ៉ាង​ខ្លាំង​ពន់ពេក រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​នោះ​ឡើយ ខណៈ​ដែល​ក្រុម​គ្រួសារ សាច់ញាតិ​បងប្អូន​របស់​វី​រ​កងទ័ព​ទាំងនោះ ក៏​ដេក​មិន​លក់ បក់​មិន​ល្ហើយ ដោយ​ម្នាក់​ៗ ទន្ទឹងរង់ចាំ​មើលផ្លូវ​ពួក​គាត់ ដោយ​សង្ឃឹមថា​ យោធា​ថៃ​ដោះ​លែងឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ។

ប្រភព​បន្ត​ទៀត​ថា កាលពី​ម្សិល​ម៉ិ​ញ​គាត់ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត ​ក៏​នាំ​គ្នា​ទៅ​ឈរ​រង់ចាំ​នៅ​ច្រក​ទ្វារ​ព្រំដែន​ម្តង​រួច​ហើយ តាំងពី​ព្រលឹម​រហូត​ដល់​ពេល​ល្ងាច តែ​មិនឃើញ​គេ​បញ្ជូន​ពួក​គាត់​ឆ្លង​ដែន​មក​ខ្មែរ​ឡើយ ដែល​ធ្វើ​រូប​គាត់ និង​ក្រុម​គ្រួសារ​មន្ត្រី​យោធា​ទាំងអស់ នាំ​គ្នា​គិត​កាន់តែ​ខ្លាំង​ឡើង​ៗ ស្ទើរតែ​ទទួលទាន​អាហារ​មិន​បាន​នោះ​ឡើយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​មន្ត្រី​យោធា​ទាំង​អស់នោះ​។ តែ​នៅ​ពេល​នេះ ពួក​គាត់​ពិតជា​រំភើប​ខ្លាំង​ណាស់ ព្រោះ​ម្នាក់​ៗ បាន​ដុត​ធូប​បែរបន់​ដល់​លោកយាយ​យ៉ា​ត​ឱ្យ​តាម​ថែរក្សា​កងទ័ព​ទាំងអស់ កុំឱ្យ​មាន​បញ្ហា​អ្វី​កើតឡើង​ដល់​ពួក​គាត់​នោះ​ឡើយ​។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​វី​រៈ​កងទ័ព​ត្រូវ​បាន​បញ្ជូន​ឆ្លង​ដែន​ចូល​មក​ដល់​ទឹកដី​ខេត្ត​ប៉ៃលិន​ភ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​រៀបចំ​ឱ្យ​ក្រុមការងារ​ដឹក​វី​រៈ​កងទ័ព​ទាំង​១៨​នាក់ ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ​សុខភាព លុះ​ក្រោយ​ពេល​សម្រាក​មួយ​រយៈពេល​ខ្លី ក៏​បាន​ជូន​ដំណើរ​ពួក​គាត់​ទាំងអស់​ឡើង​រថយន្ត​បន្ត​ទៅ​ទៀត ដោយ​លោក​ជំទាវ ជូនពរ​ដល់​ពួក​គាត់​ឱ្យ​ទទួល​បាន​នូវ​សុវត្ថិភាព សុខភាព​ល្អ កម្លាំង​មាំមួន ដើម្បី​បន្ត​ទៅ​ជួបជុំ​ក្រុម​គ្រួសារ ដែល​កំពុង​ទទឹង​រង់ចាំ​ផ្លូវ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ