ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​សេវា​ទូរ​សព្ទ​ចល័ត​ជំនាន់​ទី​៥ (5G) ចាប់ពី​ម៉ោង​០០:០១ នៃថ្ងៃ​ទី​១ មករា ​២០២៦​តទៅ

15 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​ដាក់​ឱ្យ​ដំណើរការ​ប្រតិបត្តិការ…

រាជធានីភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​ដាក់​ឱ្យ​ដំណើរការ​ប្រតិបត្តិការ សេវា​ទូរ​សព្ទ​ចល័ត​ជំនាន់​ទី​៥ ឬ​សេវា 5G នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ខែមករា ឆ្នាំ​២០២៦ តទៅ​។ ក្នុង​ន័យ​នេះ ក​.​ប​.​ទ​. បាន​សហការ​ជាមួយ​គ្រប់​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​ធំ​ៗ​ទាំង៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និង​ក្រុមហ៊ុន Smart (Smart Axiata) ជំរុញ​ការ​សាងសង់​ស្ថានីយ​អង់​តែ​ន​ទូរគមនាគមន៍​ និង​បំពាក់​ឧបករណ៍​ផ្តល់​សេវា 5G នៅ​តាម​ទីតាំង​ដូច​មាន​ផែនទី​លម្អិត​ក្នុង​ឧ​ប​សម្ព័ន្ធ​ជូន​ភ្ជាប់​ ។

ស្រប​ពេល​នឹង​ការ​អបអរសាទរ​ការ​ឆ្លង​ឆ្នាំ​ចាស់​ឈាន​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល​នេះ អ្នក​ប្រើប្រាស់​សេវា​របស់​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​ទាំង ៣ ខាងលើ នឹង​អាច​ចាប់ផ្តើម​ប្រើប្រាស់​សេវា 5G បាន ចាប់ពី​ម៉ោង ០០:០១ នៃ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ នេះ​តទៅ នៅ​តាម​ទីតាំង​ដូច​បាន​ជម្រាប​ជូន​ខាងលើ ដែល​នៅ​ដំណាក់កាល​ដំបូង គឺ​នៅ​រាជធានី​ភ្នំពេញ និង​តំបន់​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​ព្រះ​សីហ​នុ ខេត្តស្ទឹងត្រែង និង​ខេត្តកំពត​។ ជា​ជំហាន​ៗ​បន្ត​ទៀត វិសាលភាព​គ្របដណ្តប់​នៃ​សេវា 5G នឹង​ពង្រីក​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត និង​ទៅ​កាន់​គ្រប់​បណ្តា​ខេត្ត​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ប្រទេស​។

សេវា 5G នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ៗ​ក្នុង​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ក្នុង​សេដ្ឋកិច្ច​និង​សង្គម ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​កម្ពុជា ២០២២-២០៣៥ តាម​រយៈ​ការ​ផ្តល់​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា សេវា​អ៊ីនធឺណិត​មាន​ល្បឿន​លឿន​ជាង​សេវា 4G កា​រត​ភ្ជាប់​ឧបករណ៍​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ រយៈពេល​នៃ​ការ​ឆ្លើយ​តប (Latency) មាន​កម្រិត​ទាប និង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ឌី​ជី​ថ​ល ជាដើម​។ សេវា 5G មិនមែន​ត្រឹមតែ​មាន “​អ៊ីនធឺណិត​ល្បឿន​លឿន​” ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សេវា​នេះ នឹង​ក្លាយជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សម្រាប់​អនាគត​ឌី​ជី​ថ​ល នវានុវត្តន៍ និង​កាលានុវត្តភាព​ថ្មី​ៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់​ជ្រាប និង​ចូលរួម​ទទួលយក​បទ​ពិសោធ​ថ្មី​នៃ​សេវា 5G នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ