ទីក្រុងហុងកុង៖ ជាធម្មតា ការអបអរសាទរឆ្នាំថ្មីនៅទីក្រុងហុងកុងតែងតែមានកម្មវិធីអុជកាំជ្រួចយ៉ាងកងរំពងភ្លឺចិញ្ចាចពេញផ្ទៃអាកាស។ ប៉ុន្តែឆ្នាំនេះអ្វីៗបានប្រែប្រួល។ ការបន្លឺសំឡេងកណ្ដឹងដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនៅហុងកុងនារាត្រីនេះនឹងមិនមានការបាញ់កាំជ្រួចនៅកំពង់ផែវីកថូរៀ (Victoria Harbor) ទេដោយសារមានគ្រោះអកុសលភ្លើងឆេះអគារស្នាក់នៅរបស់ប្រជាជនកាលពីខែវិច្ឆិកាបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១៦១នាក់។ ហេតុនេះ បើសិនអុជកាំជ្រួច និងជួបជុំគគ្រឹកគគ្រេងពេកហាក់ដូចជាខ្វះសេចក្ដីគោរពចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះ។

ជំនួសឱ្យការបាញ់កាំជ្រួច គណៈកម្មការទេសចរណ៍នៅទីក្រុងហុងកុងនឹងរៀបចំការប្រគំតន្ត្រីនៅយប់ថ្ងៃពុធ។ ពោលគឺប្រគំបទសុភាពៗបែបបណ្ដែតអារម្មណ៍។ នៅទីក្រុងហុងកុង កាំជ្រួចជាធាតុផ្សំនៃការអបអរសាទរពិធីចូលឆ្នាំថ្មី មិនថាចូលឆ្នាំចិន ចូលឆ្នាំសាកល ឬទិវាឯករាជ្យជាតិនោះទេ។ នៅពេលរៀបចំពិធីនេះម្ដងៗ គេឃើញមនុស្សចូលរួមដល់រាប់សែននាក់រួមទាំងអ្នកទេសចរមកពីទីជិតឆ្ងាយផងដែរ។

លោកស្រីរ៉ូសាណា ឡ (Rosanna Law) ជារដ្ឋលេខាធិការទទួលបន្ទុកខាងវប្បធម៌ កីឡា និងទេសចរណ៍។ លោកស្រីទទួលស្គាល់ថាប្រសិនបើការឆ្លងឆ្នាំឆ្នាំនេះគ្មានការបាញ់កាំជ្រួចទេ ចំនួនអ្នកធ្វើដំណើរកម្សាន្ត និងអ្នកទេសចរក៏ថយចុះទៅតាមនោះផងដែរ ហើយច្បាស់ណាស់ថានឹងប៉ះពាល់វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន។

ករណីឆេះអគារនៅសង្កាត់ថៃប៉ូ (Tai Po) នោះជាអគ្គិភ័យដែលផ្ដាច់ផ្ដិលជីវិតមនុស្សច្រើនមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨៤។ មុនពេលកើតហេតុនោះ អគារស្ថិតនៅក្នុងដំណាក់កាលជួសជុលកែលម្អឡើងវិញ។ នៅម្ដុំអគារទាំងនោះមានសុទ្ធតែរន្ទាធ្វើអំពីឫស្សី និងហ៊ុមព័ទ្ធជុំវិញដោយសំណាញ់ពណ៌ខៀវ។ របស់ទាំង២នេះត្រូវគេសង្ស័យថាជាមូលហេតុដែលធ្វើឱ្យអគ្គិភ័យឆាបឆេះយ៉ាងលឿន។ នេះបើយោងតាមការផ្សាយរបស់អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ