ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោ.រ​គាស់​ទូ​ដែក​ធនា​គារ​នៅ​អាល្លឺម៉ង់​លួ.ច​លុយ​រាប់​សិប​លាន​អឺរ៉ូ

12 ម៉ោង មុន

ទី​ក្រុង​ប៊ែឡាំង៖ ​ឆ្លៀត​ឱកាស​ដែល​មនុស្ស​សប្បាយ​នឹង​បុណ្យ​គ្រីស​ស្មាស់​​​ ចោរ​មួយ​​ក្រុម​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ប្រើ​ប្រាស់​ឧបករណ៍​ខួង​ទូ​ដែក​របស់​ធនា​គារ​មួយ​កន្លែង​ និង​លួច​យក​លុយ​​​យ៉ាង​តិច​ដប់​លាន​អឺរ៉ូ​ រួម​ទាំង​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ជា​ច្រើន​ទៀត​ដែល​ដាក់​នៅ​ក្នុង​ទូ​។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​នគរ​បាល​។ ក្រុម​ជន​ដៃ​ដល់​បាន​ខួង​ជញ្ជាំង​បេតុង​ក្រាស់​នៃ​សាខា​ធនា​គារ​ស្ប៉ា​កាស់ (Sparkasse) នៅ​ទី​ក្រុង​ហ្គេល​សិន​ខឺឆិន​ (Gelsenkirchen)។…

ទី​ក្រុង​ប៊ែឡាំង៖ ​ឆ្លៀត​ឱកាស​ដែល​មនុស្ស​សប្បាយ​នឹង​បុណ្យ​គ្រីស​ស្មាស់​​​ ចោរ​មួយ​​ក្រុម​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ប្រើ​ប្រាស់​ឧបករណ៍​ខួង​ទូ​ដែក​របស់​ធនា​គារ​មួយ​កន្លែង​ និង​លួច​យក​លុយ​​​យ៉ាង​តិច​ដប់​លាន​អឺរ៉ូ​ រួម​ទាំង​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ជា​ច្រើន​ទៀត​ដែល​ដាក់​នៅ​ក្នុង​ទូ​។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​នគរ​បាល​។

ក្រុម​ជន​ដៃ​ដល់​បាន​ខួង​ជញ្ជាំង​បេតុង​ក្រាស់​នៃ​សាខា​ធនា​គារ​ស្ប៉ា​កាស់ (Sparkasse) នៅ​ទី​ក្រុង​ហ្គេល​សិន​ខឺឆិន​ (Gelsenkirchen)។ បន្ទាប់​មក ពួក​គេ​ដើរ​ឆ្លង​ចូល​ទៅ​រក​ទូ​ដាក់​លុយ​​។ ហាង​លក់​ទំនិញ និង​ធនា​គារ​ភាគ​ច្រើន​បាន​បិទ​ទ្វារ​នៅ​អាល្លឺម៉ង់​កាល​ពី​អំឡុង​បុណ្យ​គ្រីស​ស្មាស់​ដែល​ចាប់​ផ្ដើម​តាំង​​ពី​យប់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​។

រហូត​ដល់​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៩ ខែ​ធ្នូ​ទើប​នគរ​បាល​ដឹង​រឿង​នេះ​បន្ទាប់​ពី​កណ្ដឹង​ប្រកាស​អាសន្ន​អគ្គិ​ភ័យ​មិន​ដំណើរ​ការ​។ អតិ​ថិជន​របស់​ធនាគារ​ខាង​លើ​នេះ​មាន​អារម្មណ៍​ខឹង​សម្បារ​ និង​ប្រមូល​ផ្ដុំ​គ្នា​​នៅ​មុខ​ធនា​គារ​។ បុរស​ម្នាក់​​ប្រាប់​ថា​ខ្លួន​គេង​មិន​លក់​ទាល់​តែ​សោះ​ពេញ​មួយ​យប់​។ ខ្លួន​មិន​អាច​ទទួល​ព័ត៌​មាន​អ្វី​ជា​ពិត​ប្រាកដ​​ទេ​។

បុរស​ខាង​លើ​នេះ​ប្រាប់​ថា​គាត់​បាន​ប្រើ​ប្រាស់​សេវា​របស់​ធនា​គារ​នេះ​រយៈ​ពេល​២៥​ឆ្នាំ​មក​ហើយ​។ គាត់​ដាក់​ប្រាក់​សន្សំ​នៅ​ធនាគារ​នេះ​​ទុក​សម្រាប់​ចាយ​​នៅ​ពេល​ចាស់​ទៅ​។ បុរស​ម្នាក់​ទៀត​ប្រាប់​ថា​គាត់​ប្រើ​ប្រាស់​ហិប​ដាក់​លុយ និង​គ្រឿង​អលង្ការ​សម្រាប់​គ្រួសារ​របស់​គាត់​។​ អ្នក​នាំ​ពាក្យ​ធនា​គារ​ខាង​លើ​នេះ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ទេ​។

​យោង​តាម​ការ​ឱ្យ​ដឹង​ពី​នគរ​បាល​ សាក្សី​បាន​រាយ​ការណ៍​ថា​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ​ពួក​គេ​ឃើញ​បុរស​ជា​ច្រើន​នាក់​កាន់​កាបូប​ធំ​ៗ​​នៅ​ជណ្ដើរ​ដែល​ត​ភ្ជាប់​ទៅ​ចំណត​រថ​យន្ត​។ ប្រភព​ខ្លះ​រាយ​ការណ៍​ថា​គេ​ឃើញ​រថ​យន្ត​អូឌី (Audi) ពណ៌​ខ្មៅ​មួយ​គ្រឿង​បើក​ចេញ​ពី​ចំណត​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ និង​ឃើញ​បុរស​បិទ​មុខ​ជិះ​នៅ​ក្នុង​ឡាន​នោះ​។ ក្រោយ​ពេល​ស្រាវ​ជ្រាវ គេ​រក​ឃើញ​ថា​នោះ​ជា​ឡាន​ដែល​លួច​ពី​​​ទី​ក្រុង​ហេន​អូវើ (Hanover) ចម្ងាយ​ជាង​២​រយ​គីឡូ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ