ទីក្រុងបាងកក៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល១កើតឡើងទៅលើយន្តហោះបូអ៊ីង៧៧៧របស់ក្រុមហ៊ុនអាកាសចរណ៍សាំងហ្កាពួរអ៊ែរឡាញ (Singapore Airlines) បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ សាក្សីនិយាយថានៅពេលហោះពីទីក្រុងឡុង ប្រទេសអង់គ្លេស ទៅប្រទេសសិង្ហបុរី យន្តហោះស្រាប់តែបត់ក្បាលទៅទីក្រុងបាងកកវិញនៅថ្ងៃអង្គារ។
ក្រុមហ៊ុនអាកាសចរណ៍ខាងលើបញ្ជាក់ថានៅពេលកើតហេតុនោះមានអ្នកដំណើរសរុប២១១នាក់ និងបុគ្គលិកបម្រើការនៅក្នុងយន្តហោះ១៨នាក់។ ប៉ុន្តែក្រុមហ៊ុនមិនបាននិយាយថាអ្នករបួសមានចំនួនប៉ុន្មាននាក់ទេ។ ស្ថានភាពរបួសរបស់ពួកគេធ្ងន់ ឬស្រាល? អ្នកស្លាប់នោះជាបុគ្គលិកបម្រើការនៅលើយន្តហោះ ឬក៏ជាអ្នកដំណើរ? ក្រុមហ៊ុនសូមលាក់ទុករឿងនេះសិន។
ក្រុមហ៊ុនគ្រាន់តែបង្ហើបឱ្យដឹងថាជើងហោះហើរអែសឃ្យូ៣២១ (SQ321) នោះចាកចេញដំណើរពីអាកាសយានដ្ឋានហេតស្រ៊ូ (Heathrow) ចក្រភពអង់គ្លេស។ ពេលហោះហើរនៅលើអាកាសសុខៗក៏មានខ្យល់កួចខ្លាំងធ្វើឱ្យយន្តហោះក្រឡាប់ចាក់នៅលើអាកាស។ ដូច្នេះ អ្នកបើកយន្តហោះក៏សម្រេចចិត្តបង្វែរទិសដៅទៅទីក្រុងបាងកក និងចុះចតនៅម៉ោង៣:៤៥ល្ងាច។
ក្រុមហ៊ុនដដែលនេះប្រកាសតាមបណ្ដាញសង្គមជាផ្លូវការថាខ្លួនកំពុងធ្វើការយ៉ាងដុតដៃដុតជើងជាមួយអាជ្ញាធរមូលដ្ឋាននៅប្រទេសថៃដើម្បីផ្ដល់ជូននូវជំនួយសង្គ្រោះបឋមផ្នែកសុខាភិបាល និងក៏កំពុងបញ្ជូនក្រុមការងារពីសិង្ហបុរីទៅទីក្រុងបាងកកផងដែរដើម្បីត្រៀមជួយទៅលើផ្នែកណាមួយទៅតាមតម្រូវការជាក់ស្ដែង។ នេះបើយោងតាមការទីភ្នាក់ងារអាអែហ្វប៉េ។
ដោយឡែកបើយោងតាមទូរទស្សន៍ប៊ីប៊ីស៊ី អ្នកដំណើរដែលស្លាប់នោះជាជនជាតិអង់គ្លេស អាយុ៧៣ឆ្នាំ។ ប្រភពខ្លះដូចជាទូរទស្សន៍ស៊ីប៊ីអែស (CBS) ផ្សាយថាអ្នករបួសយ៉ាងតិច៣០នាក់។ អាជ្ញាធរថៃប្រាប់ថាអ្នកដំណើរ៧នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់។ ប្រភពដដែលឱ្យដឹងថាយន្តហោះនេះចាកចេញដំណើរពីអាកាសយានដ្ឋានហេតស្រ៊ូនៅម៉ោង១០:៣៨យប់ថ្ងៃចន្ទ។
ក្រោយពេលជួបនឹងហេតុការណ៍ក្រឡាប់ចាក់ដោយសារខ្យល់បក់ ឬពពកជុំជិតពេក យន្តហោះក៏ចុះចតទាំងប្រផុតប្រផើយនៅអាកាសយានដ្ឋានសុវណ្ណភូមិនៃទីក្រុងបាងកក។ គិតត្រឹមម៉ោង៧:៥០យប់ថ្ងៃអង្គារ អ្នកដំណើរ១៨នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នកដំណើរ១២នាក់ផ្សេងទៀតកំពុងព្យាបាលមុខរបួស។
តាមមើលទៅ អ្នកជិះនៅក្នុងយន្តហោះទាំងប៉ុន្មានគ្មាននរណារួចខ្លួនទេ សុទ្ធតែរងរបួសទាំងអស់។ គ្រាន់តែរបួសធ្ងន់ ឬស្រាលតែប៉ុណ្ណោះ។ ក្រុមហ៊ុនអាកាសចរណ៍ខាងលើថ្លែងថាអ្វីដែលជាចំណុចអាទិភាពរបស់ខ្លួនគឺការជួយសង្គ្រោះអ្នកដំណើរឱ្យបានរួចផុតពីសេចក្ដីស្លាប់ និងមានសុខភាពល្អឡើងវិញ។ បុគ្គលិករបស់ក្រុមហ៊ុនក៏ដូចគ្នាដែរ៕
ចែករំលែកព័តមាននេះ