ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​​បន្ថែម​ស្តី​ពី​បុរស​​​ចំណាស់​​​​គេច​រួច​ពី​​ចំណី​​​ក្រពើ ​​​ក្លាយ​​​ជា​​ជន​​ពិការ

14 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ព័ត៌​មាន​បន្ថែម​ស្តី​ពី​បុរស​ចំណាស់​ត្រូវសត្វ​ក្រពើ​​ព្រួត​គ្នា​​ខាំ​ប៉ង​ស៊ីជា​​អាហារ​​កាល​ពីចុង​សប្តាហ៍​មុន​នោះ ពេល​នេះ គាត់​បាន​ធូរ​ស្រាល​បន្តិច​ហើយ​​ ប៉ុន្តែ​បាន​ក្លាយ​ជា​មនុស្ស​ពិកា​រ​ដៃ​ទាំងពីរ​ក្នុងហេតុ​ការណ៍​វាយ​ប្រហារ​ដោយ​សត្វ​ក្រពើ​​ចិញ្ចឹម​នេះ ។ ស្ត្រី​ឈ្មោះ​ហ៊ុន ម៉ុន ​អាយុ​៤៥​ឆ្នាំ ​ដែល​ត្រូវ​ជា​ប្រពន្ធ​បុរស​រងគ្រោះ​

ខេត្តកំពង់ឆ្នាំង ៖ ព័ត៌​មាន​បន្ថែម​ស្តី​ពី​បុរស​ចំណាស់​ត្រូវសត្វ​ក្រពើ​​ព្រួត​គ្នា​​ខាំ​ប៉ង​ស៊ីជា​​អាហារ​​កាល​ពីចុង​សប្តាហ៍​មុន​នោះ «សង្គ្រាម​ដណ្តើម​យកមនុស្ស​ចេញពី​ក្នុងអាង​ក្រពើ ​ប្រយុទ្ធ​គ្នា៣​ទល់៣  » ពេល​នេះ គាត់​បាន​ធូរ​ស្រាល​បន្តិច​ហើយ​​ ប៉ុន្តែ​បាន​ក្លាយ​ជា​មនុស្ស​ពិកា​រ​ដៃ​ទាំងពីរ​ក្នុងហេតុ​ការណ៍​វាយ​ប្រហារ​ដោយ​សត្វ​ក្រពើ​​ចិញ្ចឹម​នេះ ។

ស្ត្រី​ឈ្មោះ​ហ៊ុន ម៉ុន ​អាយុ​៤៥​ឆ្នាំ ​ដែល​ត្រូវ​ជា​ប្រពន្ធ​បុរស​រងគ្រោះ​ឈ្មោះ​ម៉ៅ អូន​អាយុ​៦៧ឆ្នាំ ​​និយាយថា ​គាត់​បាន​មក​ធ្វើ​ជា​កម្ម​ករ​​ថែ​រក្សា​​សត្វ​ក្រពើ​​នេះ​​នៅ​ឆ្នាំ​២០០៥ គឺតាំង​ពី​ម្ចាស់​ក្រពើ​​ចាស់​ម៉្លេះ ប៉ុន្តែ​​សព្វ​ថ្ងៃ​បាន​ប្តូរ​ម្ចាស់​២​តំណ​ហើយ និង​សព្វ​​ថ្ងៃ​ម្ចាស់​ក្រពើ​ជា​នាយ​ឧត្តម​សេនីយ៍​យោធា​ម្នាក់​​នៅភ្នំពេញ ។ ​ពួក​គាត់​​ទាំង​ពីរ​នាក់​មាន​ទី​លំនៅភូមិ​ទី​៣ ​ឃុំ​​ព្រែក​​ទន្លាប់ ស្រុក​​លើក​ដែក ខេត្ត​កណ្តាល ។ រូប​គាត់​ជា​ប្រពន្ធ​​ក្រោយ​​ទេ បន្ទាប់​ពី​ប្រពន្ធ ​មុនរបស់​ប្តីគាត់​បាន​ស្លាប់ ដោយ​ជំងឺ​មហា​រីក​ដោះ ទើប​មក​បាន​គាត់ ។ ​នៅដើ​មឆ្នាំ​២០០៥ ​គាត់​បាន​មក​ធ្វើ​ជា​កម្ម​ករ​ថែរក្សា​​ក្រពើ​​នៅភូមិ​ក្តី​​ត្នោត ​ឃុំ​​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ ​នេះ ដែល​មាន​ម្ចាស់​ដើម​ឈ្មោះ​ថុង ។ ប្រាក់​ខែ​​ពួកគាត់​​ពីរ​នាក់​ប្តី​​ប្រពន្ធ គឺ​២០​ម៉ឺន​រៀល ប៉ុន្តែ​ម្ហូប​អាហារ ​​អង្ករ គឺម្ចាស់​ក្រពើ​ជា​អ្នក​ផ្គត់​ផ្គង់​​ទាំង​អស់ ។

ស្ត្រី​រូប​នេះ​​បាន​រំលឹក​​ពី​ព្រឹត្តិ​ការណ៍​​ដ៏​​តក់​ស្លុត​​នៅថ្ងៃ​កើត​ហេតុ​​ថា នាព្រឹក​ថ្ងៃ​ទី២១ ឧសភា ​នោះ​ ម្ចាស់​ក្រពើ​ដែល​​​ជា​នាយ​ឧត្តម​សេនីយ៍​​​បាន​បើក​​រថយន្ត​​ដឹក​កូន​មក​លេង​កន្លែង​ចិញ្ចឹម​ក្រពើ ហើយ​ប្តី​គាត់​​​បានរៀប​​​ចំ​ដាំ​បាយ​ធ្វើ​ម្ហូប​​ទទួល​ម្ចាស់​​​ក្រពើ ។ ថ្ងៃ​នោះ​ប្តី​គាត់​ដោយ​ខ្វះ​​ម្ជូរ​ជ្រក់​​ក៏​បាន​ចុះ​ក្នុង​បរិ​វេណ​ចិញ្ចឹម​ក្រពើ​ដើម្បី​បេះ​ផ្លែ​ក្រូច​​ឆ្មារ ។ មុន​ពេល​ចុះ​ដល់​ដី​នៃ​បរិ​វេណ​​ចិញ្ចឹម​​ក្រពើ​​ ប្តីគាត់​​​បាន​យកដំបង​ដេញ​ក្រពើ​ឱ្យចុះ​ចូល​អាង​ទឹក​អស់​​ហើយ​ទើប​​ប្តីគាត់​ដើរ​ទៅ​​បេះ​ផ្លែ​​ក្រូច​ឆ្មារ។ ខណៈពេល​ប្តី​គាត់​កំពុង​បេះ​នោះ មាន​ក្រពើ​មួយ​ក្បាល​បាន​វារលប​មក​ព័ទ្ធ​ប្តី​គាត់​​ពី​ក្រោយ ហើយ​ត្របាក់​​ខាំ​យ៉ាងសាហាវ​​ ភ្លាម​នោះ​​ក្រពើ​២​ក្បាល​ទៀត​ដែល​នៅ​​ជិតក៏ស្ទុះ​​មក​ត្របាក់​ខាំ​បន្ថែម​​ ហើយ​ពួក​វា​ទាំង​បី​ក្បាល​បាន​ព្យា​យាម​​អូស​ប្តី​គាត់​ចុះ​ក្នុង​អាង។

ស្ត្រី​​ជា​ប្រពន្ធ​បន្ត​ថា ខណៈ​​ក្រពើ​​បី​ក្បាល​កំពុង​វាយ​ប្រហារ​ប្តីគាត់ ក្រពើ​មួយ​ហ្វូង​ទៀត​​ដែល​ខ្លះ​នៅ​ក្នុង​អាង​ ខ្លះ​នៅ​លើ​គោក​បាន​ស្ទុះ​​ស្រ​សំដៅ​រក​ប្តីគាត់ដែរ ។ ​ពេល​ដែល​សត្វ​ក្រពើ​​ចាប់​ផ្តើម​​វាយ​ប្រហារ​ពី​ដំបូង​ ប្តីគាត់​បាន​ស្រែក​ឱ្យ​គេ​ជួយ​​ ពេល​នោះមាន​ម្ចាស់​ក្រពើ​ម្នាក់​​ កូន​ម្ចាស់​ក្រពើ​​ម្នាក់​ និង​កម្ម​ករ​​ម្នាក់ (​មុន​នេះ​ថា​កម្ម​ករ​៣​នាក់) ទាំង​បី​​នាក់​បាន​ស្ទុះ​ចូល​​ទៅ​ជួយ​​ដោយ​ម្នាក់ៗ ​កាន់​ដំបង​វាយ​សំពង​សត្វ​ក្រពើ​​ទាំង​៣​ក្បាល ដែល​បាន​ខាំ​ទាញ​ប្តីគាត់​ចូល​ដល់​មាត់​អាង​ទឹក​ទៅ​ហើយ ។ ​ទម្រាំ​ដណ្តើម​​ប្តីគាត់​ពី​មាត់​ក្រពើ​បាន​ គឺ​ប្រើ​​ពេល​មួយ​សន្ទុះ​ ដែល​ការ​វាយ​សង្គ្រោះ​​នោះ​មិន​មែន​តែ​ក្រពើ​​៣​ក្បាល​នោះ​ទេ ក្រពើ​ខ្លះ​ទើប​ងើប​ឡើង​ចេញ​ពី​អាង​ក៏ត្រូវ​វាយ​សំពង​​ឱ្យ​ចុះ​ទឹក​វិញ​ដែរ ។

​ការ​សង្គ្រោះ​​ប្តីគាត់​​ពី​មាត់​​ក្រពើ​នេះ​ធ្វើ​ឡើង​យ៉ាង​​ប្រថុយ​ប្រថាន​ខ្លាំងណាស់ ប្រសិន​បើ​​ប្តីគាត់​ធ្លាក់​ចូល​អាង​ពិត​ជា​​ពុំ​អាច​សង្គ្រោះ​បាន​ឡើយ ហើយ​ប្តីគាត់​​នឹង​​​ក្លាយ​ជា​ចំណី​ក្រពើ​ជា​ពុំ​ខាន ។ ​ពេល​​សង្គ្រោះ​បាន​​ពី​​ចង្កូម​​ក្រពើ​ ប្តីគាត់បាន​រង​របួស​ដាច់​ដៃ​ទាំងពីរ​​ ឯ​ភ្លៅ​ទាំង​សង​ខាង​ក៏​របួស​ដាច់​សាច់​ទាំង​ដុំ​​ដែរ ។ ​មក​ដល់​ពេ​លនេះ​ប្តីគាត់​ដឹង​ខ្លួន​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​និយាយ​​បាន​ទេ ​ចំណែក​ម្ចាស់​​ក្រពើ​បាន​ផ្តល់​​លុយ​ចំនួន​៣០​ម៉ឺន​រៀល មក​គ្រួសារ​គាត់​​ ហើយ​ប្រាប់​ថា ​ខ្វះ​ខាត ឬ​ត្រូវការ​អ្វី​ប្រាប់​គាត់​នឹង​ជួយ​បន្ថែម ។ ​ចំណែក​ថ្លៃព្យា​បាល​​ម្ចាស់​ក្រពើ​ចេញ​ថ្លៃ​សេវា​​អស់​ហើយ។

សូម​បញ្ជាក់​ថា ​នៅ​​ប​រិវេណ​​ចិញ្ចឹម​​ក្រពើ​គេ​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ និង​ខណ្ឌ​ជា​​ប្រឡោះ​​ ដោយ​របង​ថ្ម​​មាន​ទំហំ​​ប្រមាណ​១៥​ម៉ែត្រ​គុណ​១៥​ម៉ែត្រ​។ នៅ​ប្រឡោះ​នីមួយៗ​គេ​​ជីក​អាង​ដាក់​ទឹក​ទំហំ​ប្រហែល​៥​ម៉ែត្របួន​ជ្រុង ​និង​ជុំ​វិញ​អាង​គេ​ដាំ​ដើម​ស្វាយ​ ​ក្រូច និង​ដំណាំ​ហូប​ផ្លែ​​ផ្សេង​ទៀត​ ដើម្បី​ជា​ម្លប់​​សម្រាប់​សត្វ​ក្រពើ​ឡើង​ពី​អាង​ទឹក​មក​ដេក​លើ​គោក​ក្រោម​ម្លប់​​ឈើ​ទាំង​នោះ ៕