ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេនិយាយថា ផ្ដើមចេញពីភ្លើងទៀននិងធូបដែលដុតសែនភ្លេចមើល បានឆេះអស់នូវឃ្លាំងស្ដុកសម្ភារកសិកម្មដ៏ធំមួយកន្លែង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៨ សីហា នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ដែលការខាតបង់គិតជាទឹកប្រាក់ប្រមាណ១៥,០០០ដុល្លារ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

ព័ត៌មានបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ៏យនោះបានឆេះឃ្លាំងស្ដុកគ្រឿងកសិកម្មរបស់ជនរងគ្រោះឈ្មោះ ពុធ ផាត ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅចំណុចកើតហេតុ។ ឃ្លាំងដ៏ធំនោះសាងសង់ពីដែកប្រក់ស័ង្កសី មានទំហំ៩ម៉x១២ម៉ ដែលមានសម្ភារកសិកម្ម គ្រឿងម៉ាស៊ីនកសិកម្ម និងរបស់របរជាច្រើនសន្ធឹកសន្ធាប់ទៀត ត្រូវបានម្ចាស់ឃ្លាំងរក្សាទុកនៅក្នុងនោះ ហើយត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងតែម្ដង ។

យោងតាមរបាយការណ៍បឋមពីមន្ត្រីមូលដ្ឋានដដែល គ្រឿងកសិកម្មនិងសម្ភារកសិកម្មដែលរងការខូចខាតរួមមាន៖ ១-ឌីណាម៉ូកម្លាំង៥គីឡូវ៉ាត់ចំនួន០១ ២-ក្បាលគោយន្តកន្ត្រៃ០១គ្រឿង ៣-រទេះបាញ់ថ្នាំ០១គ្រឿង ៤-ម៉ាស៊ីនព្រោះស្រូវ០១គ្រឿង ៥-ម៉ាស៊ីនបូមទឹក០១គ្រឿង ៦-ម៉ាស៊ីបោកខោអាវ០១គ្រឿង ៧-គ្រែឈើចំនួន០៤ ៨-ស្រូវចំនួន០៧បាវ និង ៩-ជីចំនួន០៤ការ៉ុង រីឯឃ្លាំងទាំងមូលក៏រងការខូចខាតដែរ ដែលខាតបង់នេះ គិតជាទឹកប្រាក់ប្រមាណ១៥,០០០ដុល្លារ ។

នៅកន្លែងកើតហេតុ ជនរងគ្រោះក៏បាននិយាយដែរថា អគ្គិភ័យនេះ អាចបណ្ដាលមកពីភ្លើងទៀនធូប ដែលកូនគាត់ដុតសែននៅក្នុងឃ្លាំងភ្លេចមើល ក៏បង្កជាអគ្គិភ័យឆាបឆេះឡើងតែម្ដង ។ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចបានចេញជួយអន្តរាគមន៍ភ្លាមៗ តែមិនអាចសង្គ្រោះបាន ដោយសារតែនៅក្នុងឃ្លាំងមានប្រេង និងមានសម្ភារៈមួយចំនួនជាប្រភេទជ័រ ជាហេតុធ្វើឲ្យអគ្គិភ័យបង្កើនល្បឿនកាន់តែខ្លាំង ។

ដូច្នេះ សមត្ថកិច្ចបានត្រឹមបាញ់ទឹកទប់ស្កាត់ការពារមិនឲ្យភ្លើងឆេះរាលដាលតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា អគ្គិភ័យឆេះខូចខាតត្រឹមតែឃ្លាំង និងសម្គារ ឬគ្រឿងកសិកម្មទាំងអស់នៅក្នុងឃ្លាំង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សម្នាដែរ ជួយអន្តរាគមន៍ទេ៕








ចែករំលែកព័តមាននេះ