ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារបន្ត​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​នៅ​សល់​ប្រមាណ៨​ម៉ឺន​កន្លែង សម្រាប់​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ផ្សព្វផ្សាយ​អំពី​ឱកាស​ការងារ​ដែល​នៅ​សល់​ប្រមាណ៨​ម៉ឺន​កន្លែង សម្រាប់​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ ។ ក្រសួង​ការងារបានឱ្យ​ដឹង​ នៅ​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ​…

រាជធានី​​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ផ្សព្វផ្សាយ​អំពី​ឱកាស​ការងារ​ដែល​នៅ​សល់​ប្រមាណ៨​ម៉ឺន​កន្លែង សម្រាប់​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ ។

ក្រសួង​ការងារបានឱ្យ​ដឹង​ នៅ​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ​ ថា ឱកាស​ការងារ​ចំនួន​៨០៧៣២​កន្លែង នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត កំពុង​រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ជា​ពិសេស​ បងប្អូន​អតីត​ពលករ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ។

ឱកាស​ការងារ​ទាំងនោះ ស្ថិត​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម ក្នុង​នោះ​រាជធានី​ភ្នំពេញ មានឱកាស​ការងារ​ច្រើន​ជាងគេ​ចំនួន​២៥ ៣៤២​កន្លែង បន្ទាប់​មក​ខេត្តកំពង់ស្ពឺ មានឱកាស​ការងារ​ចំនួន១៨ ៧៨០​កន្លែង ខេត្តកណ្តាល មានឱកាស​ការងារ​ចំនួន១០ ០២៧​កន្លែង និង​ខេត្តតាកែវ មានឱកាស​ការងារ​ចំនួន៧៩០២​កន្លែង​។

ដើម្បី​អាច​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ អាច​ទាក់ទង​ទៅ​លេខ​ទូរ​សព្ទ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ ក៏​បានឱ្យ​ដឹង​ដែរ​ថា មក​ដល់​ពេល​នេះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន​ជាង ៣០​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការងារ​ធ្វើតាម​រយៈ​យន្ដការ​របស់​ក្រសួង​។ ចំណែកឯ​បងប្អូន​អតីត​ពលករ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ទទួល​ការ​ងារ​ធ្វើ​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម និង​ភោជនីយដ្ឋាន​ជាដើម ៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ