ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថា​ខ្លួន​មិន​ខ្លាច​មាន​រឿង​ជា​មួយ​រុស្ស៊ី​ដោយ​សារ​បញ្ហា​វេណេ​ហ្ស៊ូ​អេឡា​ទេ

4 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ស្ថាន​ការណ៍​នៅ​វេណេ​ហ្ស៊ូ​អេឡា​នៅ​តែ​មាន​ភាព​តាន​តឹង​។ បន្ទាប់​ពី​រុស្ស៊ី​និយាយ​ក្រើន​រំលឹក​ឱ្យ​អាមេរិក​ប្រើ​ប្រាស់​ការ​អត់​ធ្មត់​ និង​ជៀស​វាង​មិន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់​ធ្ងរ​ អាមេរិក​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ជា​បណ្ដើរ​ៗ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ី​អូ (Rubio) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​រដ្ឋាភិបាល​របស់​លោក​មិន​បារម្ភ​ខ្លាច​មាន​ភាព​តានតឹង​ជា​មួយ​ប្រទេស​រុស្ស៊ី​ទេ​។ ទន្ទឹម​នឹង​ការ​និយាយ​បែប​នេះ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ស្ថាន​ការណ៍​នៅ​វេណេ​ហ្ស៊ូ​អេឡា​នៅ​តែ​មាន​ភាព​តាន​តឹង​។ បន្ទាប់​ពី​រុស្ស៊ី​និយាយ​ក្រើន​រំលឹក​ឱ្យ​អាមេរិក​ប្រើ​ប្រាស់​ការ​អត់​ធ្មត់​ និង​ជៀស​វាង​មិន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់​ធ្ងរ​ អាមេរិក​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ជា​បណ្ដើរ​ៗ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ី​អូ (Rubio) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​រដ្ឋាភិបាល​របស់​លោក​មិន​បារម្ភ​ខ្លាច​មាន​ភាព​តានតឹង​ជា​មួយ​ប្រទេស​រុស្ស៊ី​ទេ​។

ទន្ទឹម​នឹង​ការ​និយាយ​បែប​នេះ អាមេរិក​បន្ត​បញ្ជូន​កង​ទ័ព និង​យុទ្ធោប​ករណ៍​ទៅដាក់​ពង្រាយ​នៅ​សមុទ្រ​ការីប៊ីន​របៀប​ដូច​រុស្ស៊ី​កសាង​កម្លាំង​នៅ​ព្រំ​ដែន​អ៊ុយ​ក្រែន​មុន​ពេល​ផ្ទុះ​សង្គ្រាម​ឆ្នាំ​២០២២​ដូច្នោះ​ដែរ​។ កាល​នោះ គេ​ចាំ​បាន​ថា​រុស្ស៊ី​អះអាង​ថា​គ្មាន​គម្រោង​ផ្ទុះ​សង្គ្រាម​ទេ។ ​ប៉ុន្តែ​ជាក់​ស្ដែង​រុស្ស៊ី​វាយ​អ៊ុយ​ក្រែន​ឱ្យ​ទាល់​តែ​បាន​។ ឥឡូវ​នេះ លោក​ត្រាំ​ប្រកាស​ថា​លោក​គ្មាន​គម្រោង​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​នៅ​វេ​ណេហ្ស៊ូ​អេឡា​ទេ​។ លោក​ចង់​តាម​កម្ចាត់​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​តែ​ប៉ូណ្ណោះ​។

អាមេរិក​បាន​បញ្ជូន​កង​ទ័ព​រាប់​ពាន់​នាក់​ នាវា​ដឹក​យន្ត​ហោះ​ នាវា​ចម្បាំង និង​យន្ត​ហោះ​ទៅ​សមុទ្រ​ការីប៊ីន​។ លោក​រូប៊ីអូ​ថ្លែង​ថា​យើង​មិន​បារម្ភ​ខ្លាច​មាន​ភាព​តាន​តឹង​ជា​មួយ​រុស្ស៊ី​ទេ​។ យើង​ធ្លាប់​គិត​​តាំង​ពី​ដំបូង​ទី​មក​ម៉្លេះ​​ថា​ពួក​គេ (រុស្ស៊ី) មុខ​តែ​ប្រើ​វោហារ​សាស្ត្រ​គាំទ្ររបប​ដឹក​នាំ​​របស់​ម៉ាឌូរ៉ូ​ជា​មិន​ខាន​​​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​​ក្រសួង​ការ​បរទេស​រុស្ស៊ី​ថ្លែង​ពី​ម្សិល​មិញ​ដោយ​សង្ឃឹម​ថា​រដ្ឋា​ភិបាល​របស់​លោក​ត្រាំ​នឹង​មិន​ប្រព្រឹត្ត​កំហុស​ស្លាប់​-​រស់​នៅ​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​ទេ​។

រុស្ស៊ី​​ថ្លែង​បន្ត​ទៀត​ថា​ខ្លួន​បារម្ភ​ចំពោះ​ការ​សម្រេច​ចិត្ត​​របស់​អាមេរិក​​ដើម្បី​បិទ​ខ្ទប់​មិនឱ្យ​នាវា​ដឹក​ប្រេង​អាច​ចេញ​ចូល​សមុទ្រ​វេណេ​ហ្ស៊ូ​អេឡា។​​ ដូច្នេះ​ធ្វើ​​ឱ្យ​ប៉ះពាល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ជា​អន្តរ​ជាតិ​។​ ​វេណេហ្ស៊ូអេឡា និង​រុស្ស៊ី​ជា​មិត្ត​ដែក​ថែប​ពិត​មែន​ហើយ​។ ក៏​ប៉ុន្តែ​បើ​ផ្អែក​តាម​ទី​តាំង​ភូមិ​សាស្ត្រ ​រុស្ស៊ី​មិន​អាច​ជួយ​អ្វី​វេណេ​ហ្ស៊ូ​អេឡា​បានច្រើន​ទេ។​​ យ៉ាង​ខ្លាំង​បាន​ត្រឹម​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស ឬ​ប្រឆាំង​ជំទាស់​នៅអង្គ​ការ​សហ​ប្រជា​ជាតិ​តែ​ប៉ុណ្ណោះ​បើ​សិន​អា​មេរិក​វាយ​ប្រហារ​ប្រទេស​នេះ​។

សំណុំ​ឯក​សារ​របស់​អាមេរិក​ថ្មី​ៗ​នេះ​បង្ហាញ​ថា​លោក​ត្រាំ​នឹង​ចាប់​ផ្ដើម​ធ្វើ​ជា​បង​ធំ​នៅ​អឌ្ឍ​គោល​ខាង​លិច​ឡើង​វិញ។ ​​អាមេរិក​អាច​នឹង​ប្រើ​ប្រាស់ «លទ្ធិ​ម៉ុន​រ៉ូ» កាល​ពី​អំឡុង​សត​វត្ស​ទី​១៩​។ លទ្ធិ​នេះ​ដាក់​ឈ្មោះ​​តាម​​​ប្រធានា​ធិបតី​អា​មេរិកជេម​ម៉ុន​រ៉ូ (Jame Monroe) ដែល​ថា​ «​ទ្វីប​អាមេរិក​សម្រាប់​តែ​អាមេរិក»។ មាន​ន័យ​ថា​អា​មេរិក​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ដទៃ​លូក​ដៃ​ចូល​ទីតាំង​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​តំបន់​របស់​ខ្លួន​នោះ​ឡើយ​។ ឥឡូវ​នេះ គេ​កំពុង​រង់​ចាំ​អ៊ុត​មើល​សភាព​ការណ៍​នៅ​វេណេ​ហ្ស៊ូ​អេឡា​ជា​បន្ត​ទៀត​​ដើម្បី​ចង់​ដឹង​ថា​តើ​អា​មេរិក​នឹង​វាយ​ប្រហារ​វេណេ​ហ្ស៊ូ​អេឡា​ដែរ​ឬ​ទេ? ហើយ​បើ​សិន​ជា​វាយ​តើ​វាយ​កម្រិត​ណា​?​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ