ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ទៅ​ធ្វើការ​នៅ​ជប៉ុន អ្នកស្រី សុទ្ធ និមល សន្សំ​ថវិកា​បាន​ធ្វើ​ដើមទុន​មក​បើកមុខ​របរ​ដោយ​ខ្លួនឯង

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អតីត​សិក្ខាកាម​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន អ្នកស្រី សុទ្ធ និមល បាន​ប្រាប់​ឱ្យ​ដឹង​ថា អំឡុង​ពេលធ្វើការ​នៅ​ប្រទេស​ជប៉ុន អ្នកស្រី​សន្សំ​ថវិកា​បាន​គួរសម ហើយ​នៅ​​ពេល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ…

រាជធានី​ភ្នំពេញ​ ៖ អតីត​សិក្ខាកាម​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន អ្នកស្រី សុទ្ធ និមល បាន​ប្រាប់​ឱ្យ​ដឹង​ថា អំឡុង​ពេលធ្វើការ​នៅ​ប្រទេស​ជប៉ុន អ្នកស្រី​សន្សំ​ថវិកា​បាន​គួរសម ហើយ​នៅ​​ពេល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ អ្នកស្រី​អាច​បើកមុខ​របរ​ដោយ​ខ្លួនឯង​បាន ​។

ការ​ឱ្យ​ដឹង​នេះ គឺ​ស្រប​ពេល​ដែល​អ្នកស្រី​បាន​ចែករំលែក​បទ​ពិសោធ និង​ភាព​ជោគជ័យ​របស់​​ខ្លួន ក្នុង​ទិវា​អន្តរជាតិ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ឆ្នាំ​២០២៥ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។

អ្នកស្រី សុទ្ធ និមល បាន​ប្រាប់​ថា អ្នកស្រី​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ហើយ​បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១៥ និង​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​២០១៦ ផ្នែក​បោក​អ៊ុត ​។ អ្នកស្រី​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ក៏​ដោយសារ​តែ​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន តាំងពី​នៅ​វ័យក្មេង​មក​ម្ល៉េះ ​។ 

អំឡុង​ពេលធ្វើការ​ងារ​រយៈពេល​១​ឆ្នាំ​នៅ​ជប៉ុន​នោះ អ្នកស្រី​សន្សំ​ថវិកា​បាន​ប្រមាណ​៨ ទៅ​៩​ពាន់​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឱ្យ​អ្នកស្រី​មាន​ដើមទុន​បើក​មុខរបរ​រកស៊ី​ដោយ​ខ្លួនឯង នៅ​ពេល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ​។ បច្ចុប្បន្ន អ្នកស្រី​បាន​បើក​កន្លែង​បោក​អ៊ុត និង​លក់​សម្លៀក​បំពាក់ ​។  

អ្នកស្រី​ប្រាប់​បែប​នេះ​ថា«​ខ្ញុំ​សន្សំ​បាន​ចន្លោះ​ពី​៨០ ទៅ​៩០​ពាន់ បើក​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ បើក​លក់​ខោអាវ​នាំ​មក​ពី​ខាងក្រៅ»​។  

អ្នកស្រី សុទ្ធ និមល បាន​រំលឹក​ដែរ​ថា អំឡុង​ពេលធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន អ្នកស្រី ទទួល​បានការ​យកចិត្តទុកដាក់​ជា​ខ្លាំង​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​ដូច​ជា​ក្រុមហ៊ុន​បញ្ជូន​អ្នកស្រី​ទៅ​ធ្វើ​ការងារ​នៅ​ទីនោះ​ ។

អតីត​សិក្ខាកាម​រូប​នេះ​បានឱ្យ​ដឹង​បែប​នេះ​ថា «និយាយ​រួម​ទៅ នៅ​ទីនោះ​គឺ​គាត់​យកចិត្តទុកដាក់​យើង តាំងពី​ថ្ងៃ​ដែល​យើង​ចូល​ដល់​ទឹកដី​ជប៉ុន​មក​ម្លេះ​…​សួរសុខទុក្ខ ហើយ Take care យើង» ​។

ជាមួយ​គ្នា​នេះ អ្នកស្រី​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ជួយ​ស្វែងរក​ឱកាស​ការងារ​ឱ្យ​អ្នកស្រី ក៏​ដូច​ប្រជាពលរដ្ឋ​ផ្សេង​ទៀត បាន​ធ្វើ​ការ​ងារ​នៅ​ក្រៅប្រទេស ដោយ​មាន​ការ​យកចិត្តទុកដាក់ និង​គ្មាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ ពិសេស​​ទៀត​នោះ គឺ​អាច​ឱ្យ​អ្នកស្រី​សន្សំ​ថវិកា​មួយ​ចំនួន មក​បើក​មុខរបរ​រកស៊ី​ដោយ​ខ្លួនឯង​តែ​ម្ដង ​។

បន្ថែម​ពីលើ​នេះ អ្នកស្រី សុទ្ធ និមល ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន សូម​ទៅ​តាម​រយៈ​ក្រុមហ៊ុន​ស្របច្បាប់ ដែល​មានការ​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក៏​បាន​ផ្ញើ​សារ​ដល់​ពលករ​ផ្សេង ដែល​កំពុងធ្វើការ​ងារ​នៅ​ក្រៅប្រទេស សូម​ព្យាយាម​សន្សំ​ថវិកា ដើម្បី​អាច​មាន​លទ្ធភាព​បើក​មុខរបរ​រកស៊ី​ដោយ​ខ្លួនឯង នៅ​ពេល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ ៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ