ខេត្តកំពង់ស្ពឺ៖ យោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧:១០ ល្ងាច មានករណីអគ្គិភ័យឆេះផ្ទះមានទំហំ១១x១៧ មែត្រ ធ្វើអំពីថ្មដំបូលប្រក់ស័ង្កសីដែលជាកម្មសិទ្ធរបស់ម្ចាស់ផ្ទះមានឈ្មោះតេង សំអុល ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធមានឈ្មោះអៀង ស្រីមុំ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

យោងតាមសមត្ថកិច្ចនគរបាលមូលដ្ឋាន លោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន និងបានការបញ្ជាផ្ទាល់ភ្លាមៗពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ឱ្យរថយន្ដពន្លត់អគ្គិភ័យគ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុក ស្នងការដ្ឋានត្រៀមចេញជួយអន្ដរាគមន៍ ។

ក្នុងនោះ លោកអធិការបានចូលរួមផ្ទាល់តាំងពីដំបូងកើតហេតុការណ៍ប៉ាន់ស្មានបឋម ករណីអគ្គិភ័យអាចបណ្ដាលមកការឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះបាយខាងក្រោយ និងឆេះរាលដាលមកដល់ផ្នែកខាងក្នុងផ្ទះដល់ទីតាំងឡចំរាញ់ប្រេងខ្លឹមច័ន្ទ និងគំនរអុសឈ់សម្រាប់ដុត ព្រមទាំងប្រេងខ្លឹមច័ន្ទដែលបានចំរាញ់រួច។

គណនានៃការខូចខាតរួមមាន ឆេះផ្ទះមួយខ្នង និងសម្ភារៈក្នុងផ្ទះមួយចំនួនធំ តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ នោះទេ ។
ចែករំលែកព័តមាននេះ