ខេត្តបាត់ដំបង ៖ កន្លងទៅពីរថ្ងៃហើយ បើគិតត្រឹមថ្ងៃទី០៨ សីហា នេះ ដែលនារីបំរើការក្នុងហាងផឹកស៊ីមួយកន្លែង ត្រូវក្រុមចោរស្ទាក់«ប្លន់»យកម៉ូតូរបស់នាងទាំងកណ្ដាលយប់ ពេលដែលនាងជិះចេញពីកន្លែងធ្វើការ មកកាន់ផ្ទះជួលរបស់នាង តែសមត្ថកិច្ចនៅមិនមានតម្រុយពីមុខសញ្ញាជនដៃដល់នៅឡើយទេ រហូតមកដល់ពេលនេះ បើទោះជានាងបានដាក់បណ្ដឹងភ្លាមៗ ក្រោយកើតហេតុក្ដី ។

បើតាមមិត្តភក្ដិរបស់នារីរងគ្រោះដែលបានដឹងរឿងនេះ បានប្រាប់ថា អំពើ«ប្លន់»នេះ បានកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៦ សីហា នៅដងផ្លូវមួយកន្លែង ក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ប្រភពដដែលបានបញ្ជាក់ថា នារីរងគ្រោះឈ្មោះ វ៉ាន់ សុខគង់ អាយុប្រហែល៣០ឆ្នាំ ជាអ្នកបំរើការនៅក្នុងអាហារដ្ឋានមួយកន្លែង ។

ម៉ូតូដែលនាងជិះត្រូវក្រុមចោរស្ទាក់វាយ«ប្លន់»យកទៅនោះ ម៉ាកស្គូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ដែលនាងទើបទិញបង់រំលោះ ដើម្បីបានជិះធ្វើការ ។ សកម្មភាពក្រុមចោរ «ប្លន់» កណ្ដាលរាត្រីនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលគេបំពាក់នៅខាងមុខផ្ទះ ។ បើពិនិត្យលើសកម្មភាព«ប្លន់»របស់ក្រុមចោរ គេឃើញនារីរងគ្រោះបានជិះម៉ូតូម្នាក់ឯង ហើយក៏គេឃើញពួកចោរពីរនាក់ បានជិះម៉ូតូតាមពីក្រោយនាងយ៉ាងលឿន ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនដៃដល់ បានជិះបង្ហូស រួចកៀរម៉ូតូនាងឲ្យឈប់។

កាមេរ៉ាបានបង្ហាញឲ្យឃើញថា គ្រាហ៍នោះ ជនដៃដល់ក៏បានចុះទាញដៃនាង រួចវាយទៅលើនាង និងដណ្ដើមយករបស់របរពីនាង បើទោះជានាងព្យាយាមប្រតាយប្រតប់ដណ្ដើមយកមកវិញ ក៏មិនឈ្នះក្រុមចោរ រហូតក្រុមចោរទាញយកម៉ូតូឡើងជិះគេចត្រឡប់ក្រោយដោយសុវត្ថិភាព ទុកឲ្យនាងស្រែកយំបណ្ដើរ ដើរទៅកាន់បន្ទប់ជួលបណ្ដើរយ៉ាងកំសត់។

ដោយឡែក បើនិយាយពីនារីរងគ្រោះវិញ តាមការបំភ្លឺពីមិត្តភក្ដិរបស់នាងបានប្រាប់ថា នារីរងគ្រោះ ត្រូវក្រុមចោរវាយឡើងជាំភ្នែក រួចប្លន់យកម៉ូតូ០១គ្រឿង ដែលនាងទើបទិញបង់រំលស់ ប្លន់យកប្រាក់ចំនួន២០ម៉ឺន ដែលនាងទើបសុំបើកប្រាក់ខែខ្លះពីថៅកែ និងប្លន់យកទូរស័ព្ទដៃ០១គ្រឿងទៀត។ ពោល គឺពួកចោរប្លន់យកអស់ពីខ្លួននាងតែម្ដង។

ក្រោយកើតហេតុ នាងនិងមិត្ត ដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នា បានធ្វើដំណើរដោយថ្មើរជើងទៅប្ដឹងសមត្ថកិច្ចនៅអធិការក្រុងបាត់ដំបង ទាំងកណ្ដាលយប់ ដើម្បីសុំឲ្យសមត្ថកិច្ចជួយតាមរកចោរប្លន់ តែរហូតមកដល់ថ្ងៃទី ០៨ សីហា នេះ សមត្ថកិច្ចមិនទាន់មានចម្លើយពីក្រុមចោរប្លន់នៅឡើយទេ។

នៅក្នុងសំណុំរឿងនេះ បើតាមប្រភពពីសមត្ថកិច្ច បាននិយាយថា មន្ត្រីជំនាញ បានទទួលបណ្ដឹងជនរងគ្រោះហើយ តែពេលនេះមន្ត្រីជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ។ ប៉ុន្តែមន្ត្រីជំនាញ ហាក់មិនទាន់មានតម្រុយពីមុខសញ្ញាក្រុមជនសង្ស័យនៅឡើយទេ តែសមត្ថកិច្ចកំពុងប្រឹងប្រែងតាមស្វែងរកមុខសញ្ញានេះហើយ ៕
ចែករំលែកព័តមាននេះ