ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី បាននិយាយសកសម្ដីទៅលោកដូណាល់ត្រាំវិញបន្ទាប់ពីលោកត្រាំរិះគន់លោកកាលពីយប់មិញថាតាមមើលទៅលោកហ្សេឡិនស្គីប្រហែលជាមិនទាន់ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ។ លោកត្រាំថ្លែងថាលោកហ្សេឡិនស្គីហាក់ដូចមិនចង់ឱ្យការចរចាគ្នាមានដំណើរវិវត្តទៅមុខនោះទេ។

ជាការឆ្លើយតប លោកហ្សេឡិនស្គីវាយបកវិញដោយសំណួរស៊កសៀតថាចុះបើរុស្ស៊ីដុតបញ្ឆេះសង្គ្រាមជាថ្មីម្ដងទៀតតើក្រុមប្រទេសជាដៃគូគិតយ៉ាងដូចម្ដេច? ក្រុមការងាររបស់អ៊ុយក្រែនបានជួបបេសកជនរបស់លោកត្រាំនៅរដ្ឋផ្លរីដា។ ពួកគេនឹងជម្រាបជូនលោកហ្សេឡិនស្គីនូវសេចក្ដីលម្អិតនៃលទ្ធផលជួបគ្នានោះ។ ឥឡូវនេះ លោកហ្សេឡិនស្គីកំពុងស្ថិតនៅទីក្រុងឡុង ប្រទេសអង់គ្លេស ដើម្បីពិភាក្សាគ្នាជាថ្មីជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស, ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់។

កាលពីយប់មិញ លោកត្រាំសម្ដែងការខកចិត្តនៅចំពោះអ្នកសារព័ត៌មាន។ លោកថាលោកខកចិត្តបន្តិចដែរចំពោះលោកហ្សេឡិនស្គីដែលមិនព្រមអានសំណើសន្តិភាពលើកចុងក្រោយ។ លោកហ្សេឡិនស្គីវាយបកទៅវិញថាលោកមានសំណួរមួយ។ ចុះបើរុស្ស៊ីដុតបញ្ឆេះសង្គ្រាមជាថ្មីទៀតនៅពេលអនាគត តើក្រុមប្រទេសជាដៃគូរបស់យើង (អ៊ុយក្រែន) ត្រូវធ្វើដូចម្ដេច? ខាងលើនេះជាអ្វីដែលលោកហ្សេឡិនស្គីថ្លែងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ប៊្លូមបឺក (Bloomberg)។

លោកហ្សេឡិនស្គីថ្លែងប្រាប់ប៊្លូមបឺកថារដ្ឋាភិបាលទីក្រុងកៀវចង់បានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀតពាក់ព័ន្ធនឹងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនពីសំណាក់ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច។ លោកយល់ថាសំណើសន្តិភាពរបស់អាមេរិកដែលទើបតែកែសម្រួលក្រោយពេលជួបជាមួយលោកពូទីននៅម៉ូស្គូត្រូវការពិគ្រោះគ្នាបន្ថែមទៀតនៅត្រង់ចំណុចសំខាន់ៗ។ នោះគឺបញ្ហាពាក់ព័ន្ធនឹងការធានាសន្តិសុខ និងការបែងចែកតំបន់ត្រួតត្រានៅអ៊ុយក្រែនភាគខាងកើត។

សព្វថ្ងៃនេះ កងទ័ពរុស្ស៊ីកាន់កាប់តំបន់ដុនបាស់ (Donbas) ភាគច្រើន។ អ៊ុយក្រែនគ្រប់គ្រងប្រហែល២០%។ រុស្ស៊ីចង់ឱ្យអ៊ុយក្រែនប្រគល់តំបន់ដុនបាស់ដែលនៅសេសសល់ទាំងប៉ុន្មានទៅឱ្យខ្លួន។ លោកហ្សេឡិនស្គីថ្លែងថាអាមេរិក រុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែមានទស្សនវិស័យចម្រុះពាក់ព័ន្ធនឹងបញ្ហានេះ។ លោកថ្លែងថាយើងមិនទាន់មានទស្សនៈឯកភាពគ្នានៅឡើយទេពាក់ព័ន្ធនឹងតំបន់ដុនបាស់។ នេះបើតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ