ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​រឹង​មាំ​បន្ថែម​ទៀត

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ផា​ម មិ​ញ​ជិ​ញ (PHAM Minh Chinh) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ម៉ឺន​ជ័យ​ (​ខេត្តព្រៃវែង​របស់​កម្ពុជា​)-​តឹ​ន​ណា​ម​ (​ខេត្ត​តៃ​និ​ញ​របស់​វៀតណាម​)​ ។

នៅ​ក្នុង​ជំនួប​នេះ​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​បវរ​ធិ​បតី និង​គណៈប្រតិភូ​កម្ពុជា​។ ឯកឧត្តម​បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ច្រក​ទ្វារ​ព្រំដែន ម៉ឺន​ជ័យ​-​តឹ​ន​ណា​ម ដែល​ជា​សមិទ្ធផល​ថ្មី​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។ ទន្ទឹម​នេះ​, ឯកឧត្តម​បាន​អបអរសាទរ​ចំពោះ​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​ៗ​របស់​កម្ពុជា ក្នុង​ការ​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ដែល​បាន​រួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ជា​លំដាប់​។ ឯកឧត្តម​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​បវរ​ធិ​បតី កម្ពុជា​នឹង​បន្ត​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ​។

ជា​ការ​ឆ្លើយ​តប​, សម្ដេច​បវរ​ធិ​បតី បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម សម្រាប់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ សម្ដេច​បវរ​ធិ​បតី បាន​លើកទឹកចិត្ត​ឱ្យ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បន្ត​រួម​គ្នា​កសាង​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដើម្បី​ផលប្រយោជន៍​រួម ស្រប​តាម​ស្មារតី «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​»​។ សម្ដេច​បវរ​ធិ​បតី​បាន​បន្ត​ថា ការ​សម្ពោធ​បើក​ច្រក​ទ្វារ​ព្រំដែន ម៉ឺន​ជ័យ​-​តឹ​ន​ណា​ម នា​ឱកាស​នេះ គឺជា​សក្ខីភាព ស្ដែង​ចេញពី កា​រវិ​វត្ត​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។ សម្ដេច​បវរ​ធិ​បតី ក៏​បាន​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ របស់​ប្រទេស​វៀតណាម និង​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ចំពោះ​គ្រោះ​ទឹកជំនន់​នៅ​ប្រទេស​វៀតណាម កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​បាន​បណ្ដាល​ឱ្យ​បាត់បង់​អាយុជីវិត​ប្រជាជន និង​ខូចខាត​ទ្រព្យសម្បត្តិ​។

ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​គ្នា​អំពី​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ដោយ​ផ្ដោត​លើ​វិស័យ​សំខាន់​ៗ​រួម​មាន​៖ នយោបាយ​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, ការពារ​ជាតិ និង​សន្តិសុខ​, អប់រំ និង​បណ្ដុះបណ្ដាល​, សុខាភិបាល​, ទេសចរណ៍​, ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន​, ក៏​ដូច​ជា​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​។ លើស​ពី​នេះ សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ឯកភាព​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ក្របខ័ណ្ឌ​អនុ​តំបន់ តំបន់ និង​អន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ