តែតបញ្ចូលទី១គ្រាប់យប់មិញ! Luis Díaz អង្វរក្រុមឧទ្ទាមឱ្យដោះលែងឪពុកខ្លួន
អង់គ្លេស ៖ ខ្សែប្រយុទ្ធកូឡុំប៊ី Luis Díaz របស់ក្រុមហង្សក្រហម Liverpool អង្វរក្រុមចាប់ជំរិតឱ្យដោះ
អង់គ្លេស ៖ ខ្សែប្រយុទ្ធកូឡុំប៊ី Luis Díaz របស់ក្រុមហង្សក្រហម Liverpool អង្វរក្រុមចាប់ជំរិតឱ្យដោះ
អង់គ្លេស ៖ ខ្សែប្រយុទ្ធកូឡុំប៊ី Luis Díaz របស់ក្រុមហង្សក្រហម Liverpool អង្វរក្រុមចាប់ជំរិតឱ្យដោះលែងឪពុករបស់ខ្លួន បន្ទាប់ពីរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ចុងម៉ោងជួយ Liverpool តាមស្មើម្ចាស់ផ្ទះ Luton Town លទ្ធផល ១-១ នៅក្នុងក្របខណ្ឌ English Premier League កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
ឪពុកម្តាយរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូឡុំប៊ី Luis Díaz ត្រូវបានចាប់ជំរិតនៅស្រុកកំណើតក្នុងទីក្រុង Barrancas ខេត្ត La Guajira ភាគខាងជើងប្រទេសកូឡុំប៊ី ដោយក្រុមទ័ពព្រៃឆ្វេងនិយមនៃកងទ័ពរំដោះជាតិ ដែលហៅកាត់ថា ELN កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ម្តាយកីឡាកររូបនេះ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែឪពុករបស់គេនៅតែបាត់ខ្លួនរហូតមកទល់ពេលនេះ។
អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធ Luis Díaz តែតបាល់បញ្ចូលរួចហើយ រូបគេបានលើកអាវបង្ហាញពាក្យជាភាសាអេស្ប៉ាញ ប្រែជាភាសាអង់គ្លេសថា «Freedom For Papa» ឬខេមរភាសាថា «សេរីភាពសម្រាប់លោកប៉ា»។ បន្ថែមលើសពីនេះ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីបញ្ចប់ការប្រកួតថា «រៀងរាល់វិនាទី រាល់នាទី ការព្រួយបារម្ភរបស់យើងកាន់តែខ្លាំងឡើង។ ម្តាយខ្ញុំ បងប្អូនខ្ញុំ និងខ្ញុំអស់សង្ឃឹម បារម្ភ និងគ្មានពាក្យអ្វីមករៀបរាប់ពីអារម្មណ៍យើងនោះទេ។ ការឈឺចាប់នេះ នឹងបញ្ចប់នៅពេលយើងមានគាត់នៅផ្ទះជាមួយយើង។ ខ្ញុំសូមអង្វរដោះលែងគាត់ទៅ ដោយគោរពនូវភាពស្មោះត្រង់របស់គាត់ និងបញ្ចប់ការរង់ចាំដ៏ឈឺចាប់មួយនេះ។ ក្នុងនាមនៃក្តីស្រឡាញ់ និងក្តីមេត្តា យើងសុំពួកគេពិចារណាឡើងវិញនូវសកម្មភាពពួកគេ និងអនុញ្ញាតពួកយើងយកគាត់ត្រឡប់មកវិញ»។
ទន្ទឹមជាមួយគ្នានោះ Díaz ក៏បានថ្លែងអំណរគុណដល់ប្រជាជនកូឡុំប៊ី និងសហគមន៍អន្តរជាតិសម្រាប់ការគាំទ្រ ក៏ដូចជាការបង្ហាញសារជាច្រើននៃការយកចិត្តទុកដាក់ និងសាមគ្គីភាពក្នុងគ្រាដ៏លំបាកនេះ»។
រដ្ឋាភិបាលកូឡុំប៊ីបានដាក់ពង្រាយប៉ូលីស និងទាហានរាប់រយនាក់ក្នុងដំណើរស្វែងរកលោក Luis Manuel Díaz ឪពុកកីឡាករ Luis Díaz ។ គណៈប្រតិភូរដ្ឋាភិបាលមួយរូប ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាមបានអះអាងថា ការចាប់ជំរិតត្រូវបានធ្វើឡើងក្រុមឧទ្ទាម ELN។ តំណាងក្រុមនេះ បានរាយការណ៍ថា ក្រុមនឹងដោះលែងឪពុក Díaz នៅប៉ុន្មានថ្ងៃខាងមុខ។
សូមជម្រាបជូនថា ELN គឺជាក្រុមទ័ពព្រៃសកម្មនៅសេសសល់ដ៏មានឥទិ្ធពលរបស់ប្រទេសកូឡុំប៊ី។ ក្រុមដែលមានសមាជិកប្រមាណ២,៥០០នាក់មួយនេះ បានប្រយុទ្ធជាមួយនឹងរដ្ឋាភិបាលតាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះ។ ក្រុមនេះសកម្មបំផុតនៅក្នុងតំបន់ព្រំដែនជាមួយប្រទេសវេនេហ្ស៊ុយឡាជាកន្លែងលោក Luis Manuel Díaz និងប្រពន្ធរបស់គាត់គឺលោកស្រី Cilenis Marulanda កំពុងរស់នៅ៕ (ប្រភពពី BBC)
អត្ថបទពាក់ព័ន្ធ ៖
–មនុស្សរាប់ពាន់នាក់ ដើរដង្ហែរក្បួនទាមទារឱ្យដោះលែងឪពុកខ្សែប្រយុទ្ធ Luis Díaz
ចែករំលែកព័តមាននេះ