តុលាការវៀតណាមលេងដៃធ្ងន់បន្តិចហើយលើកនេះសម្រាប់អ្នកឆបោកនៅក្នុងគម្រោងលក់ផ្ទះល្វែងដែលមានតែឈ្មោះ ឬហៅដោយសាមញ្ញាថា «គម្រោងខ្យល់»។ ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យនៅខេត្តប៊ិញឌឿង (Binh Duong) ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារច្រើនឆ្នាំពីបទលក់ផ្ទះល្វែងមានតែឈ្មោះដែលធ្វើឱ្យអតិថិជនរាប់រយនាក់ចាញ់បោកពួកគេ និងខាតបង់ប្រាក់រាប់លានដុល្លារ។
ជនជាប់ចោទឈ្មោះង្វៀនថាញ់ហុង (Nguyen Thanh Hung) អាយុ២៩ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យប៊ិញឌឿង ស៊ីធី លេន (Binh Duong CityLand) ត្រូវជាប់ពន្ធនាគារមួយជីវិតពីបទឆបោកនៅក្នុងគម្រោងទិញ-លក់អចលនទ្រព្យ។ ជនជាប់ចោទ៤នាក់ទៀតដែលជាបុគ្គលិកក្រោមបង្គាប់ និងជាអ្នកទទួលបានភាគលាភនៅក្នុងគម្រោងខ្យល់នេះត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចាប់ពី១២ឆ្នាំដល់២០ឆ្នាំ។
តុលាការរកឃើញថាចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០១៩ ជនជាប់ចោទទាំង៥នាក់នេះចំណាយលុយទិញដីចម្ការនៅស្រុកបាវបាង (Bàu Bàng) និងហ៊្វូហ្សាវ (Phú Giáo) នៃខេត្តប៊ិញឌឿង។ បន្ទាប់មក ពួកគេដាក់ពាក្យស្នើសុំទៅអាជ្ញាធរដើម្បីធ្វើផ្ទះល្វែងលក់។ អាជ្ញាធរមិនទាន់ចេញច្បាប់អនុញ្ញាតផង បុរសឈ្មោះហុង និងបក្សពួករបស់គាត់ចាប់ផ្ដើមប្រកាសលក់ផ្ទះល្វែងចំនួន៧គម្រោង។
បន្ទាប់មក ហុងជួលមនុស្សរាប់រយនាក់ឱ្យដើរឃោសនា និងផ្សព្វផ្សាយគ្រប់ទិសតំបន់ដើម្បីអូសទាញអតិថិជន។ ពួកគេផ្សព្វផ្សាយអំពីគម្រោងផ្ទះល្វែង និងនិយាយភូតកុហកថាគម្រោងរបស់ពួកគេទទួលបានការអនុញ្ញាតពីអាជ្ញាធររួចហើយ។ ពួកគេបង្ហាញគម្រោងផ្ទះល្វែងនាពេលអនាគត។ មើលទៅហាក់ដូចជាច្បាស់លាស់ណាស់អីចឹង ល្មមធ្វើឱ្យអតិថិជនជឿទុកចិត្ត។
ពួកគេសន្យាថានឹងកាត់ប្លង់រឹងជូនអតិថិជនបន្ទាប់ពីបង់លុយផ្ដាច់បានកន្លះឆ្នាំ ឬមួយឆ្នាំ។ បន្ទាប់ពីរៀបចំពិធីជួបជុំជាមួយអតិថិជន និងសម្លឹងឃើញថាអតិថិជនចាប់ផ្ដើមបង់លុយឱ្យពួកគេបានច្រើនគួរសម, ពួកគេជួលគ្រឿងចក្រឈូសឆាយដី។គ្រាន់តែឈូសឆាយមួយភ្លែតចោលដើម្បីបង្ហាញប្រាប់អតិថិជនថាក្រុមហ៊ុនចាប់ផ្ដើមបុកគ្រឹះជាបណ្ដើរហើយ។ ដូច្នេះ សូមបងប្អូនកុំបារម្ភ។ បន្តបង់លុយបន្ថែមទៀតមក។
នៅក្នុងរយៈពេល២ឆ្នាំ ហុង និងបក្សពួករបស់គាត់លក់គម្រោងផ្ទះល្វែងខ្យល់នេះទៅឱ្យអតិថិជន៣៨៤នាក់ និងប្រមូលបានប្រាក់១៦២ពាន់លានដុង ឬស្មើនឹង៦លាន ៦សែនដុល្លារ។ ក្រោយពេលផ្ទុះរឿងអាស្រូវនេះ, ពួកគេសងលុយត្រឡប់ទៅអតិថិជនវិញបាន១៨ពាន់លានដុងតែប៉ុណ្ណោះ ឬស្មើនឹងជាង១០%នៃទឹកប្រាក់ដែលអតិថិជនបានបង់ទៅឱ្យពួកគេ៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/property-developer-jailed-for-life-after-selling-non-existent-projects-4672154.html
អត្ថបទដទៃទៀតដែលស្រដៀងគ្នានឹងសាច់រឿងនេះ
វៀតណាមស៊ើបអង្កេតក្រុមហ៊ុនឆ.បោ.កអតិថិជនជាង៤ម៉ឺននាក់នៅក្នុងគម្រោងវិនិយោគខ្យល់
វៀតណាមវា.យ.ក.ម្ទេ.ចផ្ទះវីឡាធំៗ៧៩កន្លែងដែលសាងសង់ខុ.ស.ច្បា.ប់នៅលើកោះត្រល់
មនុស្ស១២៣នាក់ត្រូវសមត្ថកិច្ចវៀតណាមចា.ប់.ខ្លួ.នពីបទឆ.បោ.កនៅក្នុងគម្រោងលក់ដីខ្យល់












ចែករំលែកព័តមាននេះ